កីឡាជាតិ
ជាតិ
ណាហ្គា​ត្រូវ​ស៊ី​គីរីវង់​លើសពី​២​គ្រាប់ ខណៈ​វិសាខា​មានប្រៀប​ដល់​ទៅ ៦-០ លើ​នគរបាលជាតិ​
18, Jul 2019 , 10:36 am        
រូបភាព
លោក មាស ចាន់ណា (ស្តាំ)ចាប់ដៃជាមួយគ្រូបង្វឹកគីរីវង់ក្រោយជំនួបជើងទី១នៅខេត្តតាកែវ, រូបភាពពី CNCC
លោក មាស ចាន់ណា (ស្តាំ)ចាប់ដៃជាមួយគ្រូបង្វឹកគីរីវង់ក្រោយជំនួបជើងទី១នៅខេត្តតាកែវ, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ត្រូវ​ប្រកួត​បញ្ចប់​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា​នេះ ដោយ​ណាហ្គា​វើ​លដ៍​ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​គីរីវង់​សុខ​សែន​ជ័យ ខណៈ​វិសាខា​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួលភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​។ 

 
​សម្រាប់​ការប្រកួត​ជើង​ទី​២​នេះ ណាហ្គា​វើ​ល ត្រូវការ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​លើសពី​២​គ្រាប់ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពី​ពួកគេ​ចាញ់ ២-០ នៅ​ជើង​ទី​១​នា​ជំនួប​ក្រៅ​ទឹកដី​។ ទោះ​មិន​ទាមទារ​ដល់​ឈ្នះ តែ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ ត្រូវធ្វើ​យ៉ាងណា​ទប់​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​ណាហ្គា​វើ​ល ដើម្បី​អាចឈាន​ទៅ​វគ្គ​បន្ត​។ ការប្រកួត​នេះ វា​នឹង​ក្លាយជា​ជំនួប​ដ៏​ទាក់ទាញ និង​មាន​ភាពស្វិតស្វាញ​បំផុត​។ 
 
​ក្រោយ​មានប្រៀប​ជាមួយ​ជ័យជម្នះ ៦-០ នៅ​ជើង​ទី​១ វិសាខា អាចមាន​ឱកាស​ខ្ពស់​ក្នុង​ឈានទៅ​វគ្គ​បន្ត ដ្បិត​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៦​គ្រាប់​នៅ​ជើង​ទី​២​នេះ​។ ឱកាស​ឈានទៅ​វគ្គ​បន្ត​សម្រាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​ស្តួចស្តើង​បំផុត ដ្បិត​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា ទាមទារ​ឈ្នះ​វិសាខា​លើសពី​៦​គ្រាប់ ដើម្បី​ធានា​កៅអី​ទៅកាន់​វគ្គ​បន្ត​។ តែ​វា​ទំនងជា​មិនអាច​ទៅរួច​នោះឡើយ ព្រោះ​វិសាខា​ជា​ក្រុម​ខ្លាំង​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព ពិសេស​ការប្រកួត​នេះ​ធ្វើ​នៅ​កីឡដ្ឋាន​របស់​ពួកគេ​។ 
 
​បច្ចុប្បន្ន​ក្រុម​ចំនួន​៦​រួមមាន​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ​កំពុង​រង់ចាំ​ក្រុម​ពីរ​ទៀត ដែល​ត្រូវ​ប្រកួត​នៅថ្ងៃនេះ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​៕  

Tag:
 បាល់ទាត់​
  Hun Sen Cup
  ណាហ្គា​វើ​ល​
  វិសាខា​
© រក្សាសិទ្ធិដោយ thmeythmey.com