កីឡាអន្តរជាតិ
អន្តរជាតិ
Trippier ជាកីឡាករអង់គ្លេសដំបូងរបស់ Atletico Madrid នាពេល៩៥ឆ្នាំចុងក្រោយ
× Atletico Madrid ចំណាយ២៥លានដុល្លារអាមេរិកដើម្បីទិញយកខ្សែការពារ Kieran Trippier ពី Tottenham Hotspur។ Trippier ជាកីឡាករអង់គ្លេសទី១ដែលក្លាយជាសមាជិករបស់ AT-Madrid ក្នុងរយៈពេល៩៥ឆ្នាំចុងក្រោយ។
វត្តមានរបស់ Kieran Trippier នៅ Atletico Madrid នាំឲ្យគេក្លាយជាកីឡាករអង់គ្លេសទី២០ ដែលចូលរួមក្នុងក្លិបកំពូលអេស្ប៉ាញ បើគិតចាប់តាំងពីក្រោយសង្គ្រាមអេស្ប៉ាញ (Spanish Civil War) ចន្លោះពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៣៩ ពោលគឺបន្ទាប់ពី David Beckham (Real Madrid) Gary Lineker (Barcelona) Michael Owen (Real Madrid) ជាដើម។
នៅ Atletico Madrid ខ្សែបម្រើ Trippier ក្លាយជាកីឡាករអង់គ្លេសដំបូងក្នុងរយៈពេល៩៥ឆ្នាំចុក្រោយ ពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធ Drinkwater។ សារព័ត៌មានអន្តរជាតិមិនសូវមានព័ត៌មានពិស្តារពី Drinkwater ឡើយ ដោយគ្រាន់តែដឹងថា រដូវកាល១៩២៣-២៤ គេបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ នាការបង្ហាញខ្លួន៣ប្រកួត។
ខ្សែការពារស្លាបស្តាំ វ័យ២៨ឆ្នាំ ដែលផ្លាស់ពី Burnley ទៅចូលរួមជាមួយ Spurs កាលពីខែមិថុនា ឆ្នាំ២០១៥ ដោយបង្ហាញខ្លួនលើសពី១០០ប្រកួតនោះ បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ក្លិបនៃលីគកំពូលអេស្ប៉ាញ La Liga នេះចំនួន៣ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២២។
វត្តមានរបស់សមាជិកក្រុមជម្រើសជាតិអង់គ្លេស Trippier បានក្លាយជាខ្សែការពារទី៣ហើយដែល Atletico នាំចូលសម្រាប់រដូវកាលថ្មីនេះ។ អ្នកចាត់ការទូទៅលោក Diego Simeone បាននាំយកខ្សែការពារកណ្តាល Felipe ពីក្លិប Porto និងខ្សែការពារឆ្វេង Renan Lodi ពី Athletico Paranaense ខណៈខ្សែការពារ Diego Luciano ត្រូវបានផ្លាស់ចេញទៅ Inter Milan ។
AT-Madrid ក៏បានចំណាយប្រាក់ដ៏ច្រើនសន្ធឹករួចហើយដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix ពី Benfica ក្នុងតម្លៃខ្លួន ១៤០លានដុល្លារអាមេរិក ដើម្បីជំនួស Antoine Griezmann ដែលផ្លាស់ទៅ Barcelona។ ក្រៅពីនេះ ខ្សែបម្រើ Marcos Llorente ក៏ត្រូវបាន AT-Madrid ទិញពី Real Madrid ក្នុងតំលៃប្រហែល ៤៥ លានដុល្លារអាមេរិកផងដែរ។
ការមកដល់របស់ Trippier បាននាំឲ្យ AT-Madrid ចំណាយសរុបអស់ ២១១លានដុល្លារអាមេរិករួចហើយ ខណៈទីផ្សារដោះដូរកីឡាករលើកទី១ សម្រាប់រដូវកាល ២០១៩-២០នេះ នៅមិនទាន់បិទទ្វារនៅឡើយ៕
Tag:
Tottenham Hotspur
Kieran Trippier
Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com