ជាតិ
មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​១​ឆ្នាំ គឺ​ស្មើ​យន្តហោះ​ធំៗ ៥​គ្រឿង​ធ្លាក់​
18, Jul 2019 , 2:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ​២​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ​។ នេះ​ជា​តួលេខ​ដ៏​ច្រើន ដែល​បង្កើត​ក្ដីបារម្ភ​។ អ្នកពាក់ព័ន្ធ​បានលើកឡើង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​មី​ឆែ​លីន និង​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ស្ដីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែកក្កដា​។​


 
​លោក Segsam Trai-ukos អគ្គលេខាធិការ​ក្រុមហ៊ុន Michelin ROH ដែលជា​ភាគី​ក្នុង​អនុស្សារណៈ​ខាងលើ​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ក្នុង​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២០០៨​នាក់ ដែល​ស្មើនឹង​យន្តហោះ​ធុន​ធំ​ប្រភេទ Airbus A380 ចំនួន​៥​គ្រឿង​ធ្លាក់​ក្នុង​រយៈពេល​មួយឆ្នាំ​»​។ 


រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
 
​ការ​ថ្លែង​ប្រៀបប្រដូច​របស់លោក Segsam ខាងលើនេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ថែមទៀត ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ដូច្នេះ​ថា​៖«​លោក Segsam Trai-ukos បាន​លើកឡើងថា​ការស្លាប់​នៅ​កម្ពុជា​ដូច​យន្តហោះ Airbus ធ្លាក់​នៅ​កម្ពុជា​របស់​យើង ត្រឹមត្រូវ​ណាស់​។ នៅក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ អ្នកស្លាប់​នៅ​កម្ពុ​ជាមាន​ចំនួន ១,០៣៣​នាក់ បើ​គិត​ជា​មធ្យម​យន្តហោះ Airbus A321 ធ្លាក់​រាល់​ខែ​។ ស្លាប់​១,០៣៣​នាក់ ច្រើនណាស់​»​។​
 
​សូមបញ្ជាក់ថា គម្រោង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​ក្រុមហ៊ុន Michelin មាន​រយៈពេល​២​ឆ្នាំ ដែល​នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ និង​ជំនាញ​បច្ចេកទេស ពី​ក្រុមហ៊ុន Michelin ROH និង​សម្របសម្រួល​គម្រោង និង​ផ្ដល់​វិភាគទាន​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន WorldBridge​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកផ្ដល់​ការគាំទ្រ​ពេញលេញ និង​អនុម័ត​ឱ្យ​អនុវត្ត​គម្រោង​។​
 
​ក្នុង​ពិធី​នោះដែរ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា គ្រោះ​ថា្នក់​ចរាចរណ៍​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៦​នាក់ ក្នុង​មួយថ្ងៃ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​លោក​បន្តថា គ្រោះថ្នាក់​ទាំងនោះ​បណ្ដាលមកពី​កត្តា​ជាច្រើន​ដូចជា កត្តា​អ្នកបើកបរ កត្តា​យានយន្ត ការមិន​គោរព​ច្បាប់ និង​កត្តា​ផ្លូវ​ជាដើម​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com