អន្តរជាតិ
ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថា កាណាដា​ជា​ដៃគូ​អន្ត​រអា​ត្ល​ង់​ទិ​ក​ជិតស្និទ្ធ​បំផុត​របស់ខ្លួន
18, Jul 2019 , 7:39 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ  ។ រូបភាព AFP
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ ។ រូបភាព AFP
​ជំនួប​កំពូល​កាណាដា​-​សហភាព​អឺរ៉ុប បានចាប់ផ្ដើម​ធ្វើ​ហើយ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ដោយបាន​បង្ហាញ​ពី​ភាពស្អិតល្មួត​រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​ដែល​នៅ​ម្ខាង​ម្នាក់​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បានបង្ហាញ​ជំហរ​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពិសេស​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កាណាដា​-​អឺរ៉ុប​។ ប្រមុខ​សហភាព​អឺរ៉ុប​វិញ ចាត់ទុក​កាណាដា​ជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​បំផុត​របស់​អឺរ៉ុប​។​

 
​ស្របពេល​ទំនាក់ទំនង​អឺរ៉ុប និង​អាមេរិក​មិនសូវ​សមប្រកប​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទំនាក់ទំនង​អឺរ៉ុប និង​កាណាដា​បែរជា​ស្រស់បំព្រង​កាន់តែខ្លាំង​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស បានរួម​គ្នា​បើក​កិច្ចប្រជុំ​កំពូល​កាណាដា​-​អឺរ៉ុប​លើក​ទី​១៧ នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ 
 
​ក្នុង​ពិធី​បើក​ជំនួប​កំពូល​នេះ លោក ទ្រូ​ដូ បានលើកឡើង​ពី​លទ្ធផល​ដែល​ទទួលបាន​ក្រោយ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ (CETA) ។ លោក​និយាយថា CETA បាន​ទៅ​ហួស​ពី​ការបន្ថយ​របាំង​ពាណិជ្ជកម្ម និង​ការឈាន​ដល់ទី​ផ្សារ​ថ្មី ហើយ​ជាមួយ​កិច្ចព្រមព្រៀង​នេះ កាណាដា និង​សហភាព​អឺរ៉ុប​រកស៊ី​ដោយ​មធ្យោបាយ​ថ្មី​។ កាណាដា និង​អឺរ៉ុប ក៏​នឹង​ចាប់ដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ដូច​ជាការ​គំរាម​លើ​យន្តការ​ពហុភាគី​និយម និង​ការបំពាន​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​ជាដើម​។​
 
​លោក ទូ​ស ដែល​នឹង​ចប់​អាណត្តិ​នៅពេល​ខាងមុខ ចាត់ទុក​កាណាដា​ជា​ដៃគូ​អន្ត​រអា​ត្ល​ង់​ទិ​ក​ជិតស្និទ្ធ​បំផុត​របស់​អឺរ៉ុប ស្រប​ពេលដែល​ទំនាក់ទំនង​ជាមួយ​អាមេរិក​វិញ កំពុងតែ​ល្អក់កករ​ចាប់តាំងពី​ការ​ក្លាយជា​ប្រធានាធិបតី​របស់លោក ដូ​ណា​ល់ ត្រាំ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក​សង្កត់ធ្ងន់ថា​៖ «​យើង​អាច​ពឹង​គ្នា​លើ​គ្រប់​ស្ថានភាព​។​» 
 
​តាំងពី​រឿង​ឱនភាព​ពាណិជ្ជកម្ម​រហូត​ដល់​សម្ព័ន្ធ​យោធា​ណា​តូ អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ ហាក់​ប្រកាន់​ជំហរ​រឹងរូស​ខ្លាំង ហើយ​គិតតែ​ប្រយោជន៍​ផ្ទាល់​ជាង​ប្រយោជន៍​រួម​។ ទាំង​កាណាដា ទាំង​អឺរ៉ុប សុទ្ធតែ​មើលមុខ​គ្នា​មិនសូវ​ត្រូវ​ជាមួយ​អាមេរិក ពិសេស​លើ​បញ្ហា​ពាណិជ្ជកម្ម​តែម្ដង​។ ឲ្យ​អស់​ទៅ មិនមែន​តែ​កាណាដា និង​អឺរ៉ុប សម្ព័ន្ធមិត្ត​អាមេរិក​ឯទៀត​នៅ​អាស៊ី ក៏ត្រូវ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឹង​សង្កត់ក​ខ្លាំង​ដែរ​។ 
 
​ងាក​ទៅ​រឿង​កិច្ចព្រមព្រៀង CETA វិញ កិច្ចព្រមព្រៀង​នេះ​ចូល​ជាធរ​មាននៅ​ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​មកដល់ពេលនេះ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​១៣​ក្នុងចំណោម​២៨ បានផ្ដល់​សច្ចាប័ន ឯ​កាណាដា​ផ្ទាល់ ក៏បានផ្ដល់​ភ្លើង​ខៀវ​រួចហើយ​ដែរ​។ ក្រោម​កិច្ចព្រមព្រៀង​នេះ បាន​ដកព​ន្ធ​ស្ទើរ​ទាំងស្រុង​លើ​ការដោះដូរ​ទំនិញ និង​សេវាកម្ម​រវាង​ភាគី​ទាំងសងខាង ហើយ​ពន្ធ​ចំនួន​៦៦៥​លាន​ដុល្លារ​អាមេរិក ត្រូវ​លុបចោល​ក្នុង​មួយឆ្នាំៗ​៕  

Tag:
 ​អឺរ៉ុប​
  កាណាដា​
  អាម​រិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com