ជាតិ
ក្រសួងអប់រំ បើកប្រឡងជ្រើសរើសអធិការអប់រំ ២៥០នាក់ សម្រាប់តំបន់អធិការកិច្ចចំនួន ៨
×
ដោយ៖ ឃុន សម្ផស្ស
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលអធិការអប់រំជំនាន់ទី៥ ចំនួន២៥០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល១ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំ។ ការប្រឡងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី០៩ ខែកក្កដានេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលចុះហត្ថលេខាដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងត្រូវការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលអធិការអប់រំជំនាន់ទី៥ ចំនួន២៥០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល១ឆ្នាំ សម្រាប់តំបន់ចំនួន៨។ តំបន់អធិការកិច្ចទាំង៨រួមមាន តំបន់រាជធានីភ្នំពេញ, តំបន់ព្រះសីហនុ, តំបន់តាកែវ, តំបន់បាត់ដំបង, តំបន់សៀមរាប, តំបន់កំពង់ចាម, តំបន់ព្រៃវែង និងតំបន់ស្ទឹងត្រែង។
អធិការអប់រំ ជាមន្ត្រីចុះអធិការកិច្ច និងត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់នៅតាមសាលារៀននៅកម្ពុជា។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី។ លក្ខខណ្ឌក្នុងការចូលរួមប្រឡងបេក្ខជនត្រូវមានឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់ទី៤ឡើងទៅ (ក២.៤), មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ និងកំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡងចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥:០០ល្ងាច។ ការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ កញ្ញា ហើយបេក្ខជនដែលប្រឡងជាប់ នឹងត្រូវឲ្យចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចទាក់ទងផ្ទាល់ជាមួយវិទ្យាស្ថានជាតិអប់រំ (ដេប៉ាតឺម៉ងគ្រប់គ្រងនិងផែនការ) ឬ ទូរសព្ទលេខ៖ ០១១ ២៤៦ ៦៦៨៕
© រក្សាសិទ្ធិដោយ thmeythmey.com