ជាតិ
បាក់ឌុប
វីដេអូ
ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​» ជំរុញ​ឲ្យ ថន រតនា ប្រឹងរៀន​រហូត​បាន​និទ្ទេស A លំដាប់​ខ្ពស់​
18, Jul 2019 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ យុវតី ថន រតនា ជា​បេក្ខជន​និទ្ទេស A លំដាប់​ពិន្ទុ ១០០ ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ឆ្នាំ​២០១៨​។ ក្នុងពេល​សិក្សា​នៅ​ថ្នាក់​ទី ១២ យុវតី​វ័យ ១៩ ឆ្នាំ​រូបនេះ បានកំណត់​គោលដៅ​យក​និទ្ទេស A ជូន​ក្រុមគ្រួសារ និង​សាលារៀន ដោយ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក្នុងស្ថានភាព​គ្រួសារ​ក្រីក្រ​។ សម្រាប់ ថន រតនា ការ​កំណែទម្រង់​គុណភាព​អប់រំ ក្រោម​ពាក្យស្លោក​«​អ្នកចេះ គឺជា​ប់​» ជា​កត្តា​សំខាន់ ដែល​ជំរុញ​ឲ្យ​នាង​ប្រឹងរៀន​រហូត​ទទួលបាន​និទ្ទេស A នេះ​។​


 
​ចាប់ពី​ឆ្នាំ​២០១៤​មក ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មិន​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​យក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេ​ឡិច​ត្រ​និក​ចូល​បន្ទប់​ប្រឡង និង​មិន​ឲ្យ​លួច​ចម្លង​ឡើយ​។ តាមរយៈ​ការ​កំណែទម្រង់​ការប្រឡង បានធ្វើ​ឲ្យ​សិស្សានុសិស្ស​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​យក​ចំណេះដឹង​ពិតប្រាកដ​មក​ប្រឡង​។  ក្នុង​សម័យកាល​កំណែទម្រង់​នេះ ក្រសួង​អប់រំ ក៏បាន​កំណត់​ពាក្យស្លោក​មួយ គឺ «​អ្នកចេះ គឺជា​ប់​» ដើម្បី​ក្រើនរំឭក​ដល់​សិស្សានុសិស្ស ឲ្យ​ប្រឹង​សិក្សា​ផងដែរ​។​
 
​សូម​អញ្ជើញ​ទស្សនា​ការឡើង​របស់​យុវតី ថន រតនា សិស្ស​និទ្ទេស A លំដាប់​ពិន្ទុ ១០០ ក្នុងសម័យ​ប្រឡង ២០ សីហា ២០១៨ ដូចតទៅ​៖ 

 
 
​សម្រាប់​យុវតី ថន រតនា ដែលជា​ជ័យលាភី​និទ្ទេស A លំដាប់​ខ្ពស់ នៃ​ឆ្នាំ​ទី​៥ ក្នុងសម័យ​កំណែទម្រង់​របស់​ក្រសួង​អប់រំ បានចាត់ទុក​ការ​កំណែទម្រង់​នេះ ជា​កត្តា​ជំរុញ​ទឹកចិត្ត​ឲ្យ​ខំប្រឹង​រហូតដល់​ប្រឡង​ជាប់​និទ្ទេស A បែបនេះ​។ សិស្ស​និទ្ទេស A រូបនេះ បញ្ជាក់ថា បានចាប់ផ្ដើម​ប្រឹងរៀន​ខ្លាំង នៅ​ថ្នាក់​ទី​១០​មក ហើយ​គួបផ្សំ​នឹងមាន​គ្រឹះ​តាំង​ថ្នាក់ក្រោម​ស្រាប់​ផង​។ កញ្ញា ថន រតនា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖ «​កត្តា​សំខាន់​ទី ១ ដោយសារតែ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​តាំងពី​ឆ្នាំ​២០១៤​មក ក្រោម​ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​» ជា​កត្តា​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ខំប្រឹង​។ បើសិន​ខ្ញុំ​ប្រឹងរៀន​ឲ្យ​ខ្លាំង ខ្ញុំ​នឹង​លទ្ធផល​ល្អ ទទួលបាន​និទ្ទេស A និង​ប្រាក់រង្វាន់​ផ្សេងៗ​។ ហើយ​ជួយ​ខ្ញុំ​ឲ្យ​បាន​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​»​។​
 
​សូមបញ្ជាក់ថា ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨ មានការ​ប្រកាស​លទ្ធផល​ចំនួន ២​លើក​។ ការប្រកាស​លទ្ធផល​លើក​ទី​១ យុវតី ថន រតនា ទទួលបាន​និទ្ទេស C លំដាប់​ពិន្ទុ ៩៧,២៨២ និង​លើក​ទី​២ រតនា បាន​ក្លាយជា​សិស្សស្រី​ដំបូងបង្អស់ ដែល​ទទួល​និទ្ទេស A លំដាប់​ពិន្ទុ ១០០​។ មូល​ហេតុដែល​ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​ចំនួន ២​លើក​នេះ ដោយសារតែ​បញ្ហា​កុំព្យូទ័រ​៕

Tag:
 បាក់​ឌុប​
  ក្រសួង​អប់រំ​
  ថន រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com