អន្តរជាតិ
ទោះ​អាច​រង​ទណ្ឌកម្ម​អាមេរិក បារាំង​នៅតែ​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដដែល​
18, Jul 2019 , 9:39 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង Bruno Le Maire ចាប់ដៃសមភាគីអាមេរិក Steven Mnuchin នាជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G7 នៅទីក្រុងប៉ារីស។ រូបភាព AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង Bruno Le Maire ចាប់ដៃសមភាគីអាមេរិក Steven Mnuchin នាជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G7 នៅទីក្រុងប៉ារីស។ រូបភាព AFP
​បារាំង នឹង​បន្ត​ជំរុញ​ការអនុវត្ត​ច្បាប់​យកពន្ធ​ថ្មី​របស់ខ្លួន​ដដែល ទោះ​ប្រឈមមុខ​ទណ្ឌកម្ម​របស់​អាមេរិក​ក្ដី​។ នេះ​ជាការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ ការយកពន្ធ​នេះ ធ្វើ​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សប្បាយចិត្ត​ឡើយ ព្រោះ​ក្រម​ហ៊ុន​បច្ចេកវិទ្យា​ធំ​របស់ខ្លួន សុទ្ធតែ​ជាប់​ឈ្មោះ​។ សម្រាប់​បារាំង ច្រកចេញ​នៃ​បញ្ហា​នេះ គឺ​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​កំណត់​ពី​ការយកពន្ធ​លើ​ក្រុមហ៊ុន​ទាំងនោះ​។​

 
​បារាំង បង្កើត​ច្បាប់​យកពន្ធ​បី​ភាគរយ​លើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផ្ដល់​សេវាកម្ម​ឲ្យ​អតិថិជន​បារាំង​។ អាមេរិក មិន​សប្បាយ​ចិត្តនឹង​រឿងនេះ និង​ចោទ​បារាំង ថា ធ្វើ​ច្បាប់​សំដៅ​តែ​ក្រុមហ៊ុន​អាមេរិក ព្រោះ​ក្រុមហ៊ុន​ធំៗ​ក្នុង​វិស័យនេះ មាន​ទីតាំងនៅ​អាមេរិក​សឹង​ទាំងអស់​ទៅហើយ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​បញ្ជា​ឲ្យ​បើក​ស៊ើបអង្កេត​ថា ច្បាប់​បារាំង​ពិតជា​ធ្វើបាប​ក្រុមហ៊ុន​អាមេរិក​មែន​ឬទេ​។ បើ​មែន អាមេរិក​អាចដាក់​ទណ្ឌកម្ម​លើ​បារាំង​។​
 
​ដ្បិត​អាច​រង​ទណ្ឌកម្ម​អាមេរិក​ក្ដី បារាំង​មិន​បោះបង់​គម្រោង​យកពន្ធ​របស់ខ្លួន​ឡើយ ព្រោះ​សភា​បារាំង​បានអនុម័ត​ច្បាប់​ថ្មី​នេះ​រួចហើយ​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire ដែល​បាន​ជួប​សម​ភាគី​អាមេរិក Steven Mnuchin នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស G7 ក្នុង​ទីក្រុង​ប៉ារីស និយាយថា បារាំង និង​អាមេរិក មិនមែន​ត្រូវ​គ្នា​រាល់​បញ្ហា​ឡើយ តែ​ក៏​ឯកភាពគ្នា​ល​លើ​បញ្ហា​ច្រើន​ដែរ ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ការ​ស្ដាប់​គ្នា​ទៅវិញទៅមក​។  
 
​សភា​បារាំង​បានអនុម័ត​ច្បាប់​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នេះ​កាលពីដើម​ខែកក្កដា​នេះ ដោយ​នឹង​យកពន្ធ​បី​ភាគរយ​លើ​ប្រាក់ចំណេញ​លើ​ក្រុមហ៊ុន​ដែល​រកស៊ី​នៅ​ទឹកដី​បារាំង ទោះ​ទីស្នាក់ការ​ប្រចាំ​ទ្វីបអឺរ៉ុប​របស់​ក្រុមហ៊ុន​នោះ មាន​ទីតាំង​នៅទីណា​ក្ដី​។ Google, Apple, Facebook និង Amazon ជាដើម សុទ្ធតែ​ត្រូវ​ប៉ះពាល់​ដោយសារ​ច្បាប់​នេះ​។ ហេតុនេះហើយ​បានជា​ក្រុង​វ៉ាស៊ីនតោន​មិន​សប្បាយចិត្ត​តែម្ដងទៅ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង France Inter លោក Le Maire បញ្ជាក់​ជំហរ​បារាំង​ដែលជា​ប្រទេស​ទីមួយ​បង្កើត​ច្បាប់​ថា នឹងមិន​ដកថយ​ឡើយ ហើយ​ផ្លូវ​តែ​ម្យ៉ាង​ដែល​បារាំង​ដកថយ​នោះ គឺ​ការបង្កើត​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដើម្បី​កំណត់​ពី​ការយកពន្ធ​លើ​ក្រុមហ៊ុន​ទាំងនោះ​។ បច្ចុប្បន្ន ដោយ​គ្មាន​ប្រព័ន្ធ​យកពន្ធ​បែបនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន ដែល​រកចំណូលបាន​ស​ន្ធឹ​ក​សន្ធាប់​ពី​សេវាកម្ម​របស់ខ្លួន មិនសូវ​បង់ពន្ធ​ឡើយ ឬ​បង់ពន្ធ​តិចតួច​ប៉ុណ្ណោះ​។​
 
​ក្រៅពី​បារាំង ប្រទេស​តំបន់​អឺរ៉ុប​មួយចំនួន ក៏​គិតគូរ​រឿង​យកពន្ធ​នេះដែរ​។ ចក្រភព​អង់គ្លេស បាន​បញ្ចេញ​គម្រោង​យកពន្ធ​របស់ខ្លួន​កាលពី​សប្ដាហ៍​មុន ខណៈ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ក៏​រំពឹងថា នឹង​បង្កើត​ច្បាប់​ស្រដៀង​គ្នា​មួយ​ដែរ​។ ប្រទេស​អឺរ៉ុប​ដូចជា លុច​សំបួរ និង​អៀឡង់ ជាទី​តាំង​ពេញនិយម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ការបោះ​ស្នាក់ការ ព្រោះ​ប្រទេស​ទាំងនេះ​យកពន្ធ​ទាប​។ វា​ក៏​ក្លាយជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ពិបាក​យកពន្ធ​ពី​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​៕​

Tag:
 អាមេរិក​
  បារាំង​
  Bruno Le Maire
© រក្សាសិទ្ធិដោយ thmeythmey.com