សង្គមអន្តរជាតិ​
អន្តរជាតិ
​សិស្ស​២៣​នាក់​នៅ​ភាគខាងត្បូង​ឥណ្ឌា​សម្លាប់ខ្លួន ក្រោយ​លទ្ធផល​ប្រឡង​ដ៏​ចម្រូងចម្រាស​
18, Jul 2019 , 5:00 pm        
រូបភាព
ដោយ:
​យ៉ាងហោចណាស់​ក្មេង​វ័យ​ជំទង់ ២៣​នាក់ ក្នុង​រដ្ឋ Telangana ភាគខាងត្បូង​នៃ​ប្រទេស ឥណ្ឌា បានធ្វើ​អត្តឃាត គិត​ចាប់ពី​លទ្ធផល​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ (school-leaving exam) ត្រូវបាន​ប្រកាស​ក្នុង​ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ ។ មូលហេតុ​នៃ​ការសម្លាប់​ខ្លួន​របស់​សិ​ស្សទាំង​អស់នេះ ស្ថិតក្នុង​ភាពចម្រូងចម្រាស​នៅឡើយ ដ្បិត​មន្ត្រី​អប់រំ​ឥណ្ឌា អះអាងថា បញ្ហា​នៃ​ការធ្វើអត្តឃាត​របស់​សិ​ស្ស​នេះ មិន​ពាក់ព័ន្ធ​នឹង​កំហុស​បច្ចេកវិទ្យា និង​ដំណើរ​ការមិន​ប្រក្រតី​នៃ​លទ្ធផល​ប្រឡង​នោះទេ​។​

 
​ការអប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ក្នុងប្រទេស​ឥណ្ឌា មានការ​ប្រកួតប្រជែង​យ៉ាង​មុត​ស្រួច ហើយ​ការប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ដណ្តើម​កៅអី​ក្នុង​សាកលវិទ្យាល័យ​ល្អៗ​ក្នុងប្រទេស​។ សិស្ស​ឥណ្ឌា​ទូទៅ យល់ឃើញថា ការ​ចូលរៀន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ជា​មាគ៌ា​ដ៏​សំខាន់ ដើម្បី​ឆ្ពោះទៅរក ការងារ​ប្រាក់ខែ​ខ្ពស់ និង​អនាគត​ភ្លឺស្វាង​។ 
 
​ម្យ៉ាងវិញទៀត សាកលវិទ្យាល័យ​លំដាប់​កំពូលៗ​ខ្លះ ក៏​រៀបចំ​ការប្រឡង​ចូលរៀន​ដោយ​ឯករាជ្យ ប៉ុន្តែ​សិស្ស ដែល​ទទួលបាន​ពិន្ទុ​ល្អ​ក្នុង​ការប្រឡង​នេះ នៅតែ​អាច​បាត់បង់​កៅអី​របស់​ពួកគេ ប្រសិនបើ​អ្នក​ទាំងនោះ ធ្លាក់​ក្នុង​ការប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ការប្រកាស​លទ្ធផល​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ សិស្ស និង​អាណាព្យាបាល​ជាច្រើន បានធ្វើ​បាតុកម្ម និង​ចោទប្រកាន់ថា ការដាក់​ពិន្ទុ​សិស្ស មាន​ភាពមិនប្រក្រតី ហើយក៏​បានទាមទារ​ឲ្យ​មាន​ដាក់ពិន្ទុ​ជាថ្មី​ផងដែរ​។ 
 
​បុរស​ជា​ឪពុក​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះថា Venugopal Reddy បាន​និយាយថា កូនប្រុស​លោក ធ្វើបាន​ពិន្ទុ​ពេញ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា កាលពី​ការប្រឡង​ថ្នាក់​ទី​១១ ។ ប៉ុន្តែ​ក្នុងឆ្នាំនេះ ពោលគឺ​ថ្នាក់​ទី​១២ លទ្ធផល បង្ហាញថា រូបគេ ទទួលបាន​ត្រឹម ១​ពិន្ទុ ក្នុង​មុខវិជ្ជា​គណិតវិទ្យា ហើយ​ពិន្ទុ​សូន្យ​សម្រាប់​មុខវិជ្ជា​រូបវិទ្យា ។ ត្រង់ចំណុច​នេះ លោក Reddy បាន​លើក​ជា​ចម្ងល់​ថា «​តើ​វា​អាច​កើតឡើង​បាន​ដោយ​របៀប​ណា​?»​។ 
 
​តាមរយៈ BBC បុរស​ដដែល​នេះ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា កូនប្រុស​លោក បាន​ប្រឹងប្រែង​សិក្សា​សម្រាប់​ការប្រឡង​នេះ ប៉ុន្តែ​ក្រោយ​ចេញ​លទ្ធផល​រួច រូបគេ សោកសង្រេង​ជាខ្លាំង ហើយ​លែង​រៀនសូត្រ និង​ឈប់​បរិភោគ​ចំណីអាហារ ដោយ​គេ សម្ងំ​នៅតែ​ក្នុងផ្ទះ​ប៉ុណ្ណោះ​។ លោក Reddy សង្កត់ធ្ងន់ថា លោក ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុខភាព​ផ្លូវចិត្ត​របស់​កូនលោក​។​
 
​ដោយឡែក ខណៈ​បាតុកម្ម កាន់តែ​មាន​ភាព​តានតឹង ការធ្វើអត្តឃាត​របស់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់ ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​រដ្ឋ Telangana ។ ក្រុម​ការពារ​សិស្ស​កុមារ​មួយ បាន​ប្តឹងតវ៉ា​ប្រឆាំងនឹង​រដ្ឋ​នេះ​ទៅកាន់​តុលាការ​កំពូល​ឥណ្ឌា​។ ក្រោយ​ជំនុំជម្រះ​រួចរាល់ តុលាការ បានចេញ​បញ្ជា​ឲ្យ​គណៈកម្មការ​ទទួលបន្ទុក​កិច្ចការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដាក់ពិន្ទុ​ម្តងទៀត​លើ​ក្រដាស​ប្រឡង​របស់​សិស្ស​ដែល​បាន​ធ្លាក់​។ 
 
​លទ្ធផល​ប្រឡង​ថ្មី ដែល​ត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០១៩ បង្ហាញថា ក្រដាស​ប្រឡង​របស់​សិស្ស​ធ្លាក់​ចំនួន ១១៣៧ ត្រូវបាន​ពិនិត្យ និង​ដាក់ពិន្ទុ​ជាថ្មី ហើយ​ពួកគេ ត្រូវបាន​ប្រកាសថា ទទួលជោគជ័យ​ក្នុងការ​ប្រឡង​នេះ​។ សិស្ស​ម្នាក់ ដែល​ដំបូង​ឡើយ​ធ្វើបាន​ពិន្ទុ​សូន្យ​ក្នុង​មុខវិជ្ជា​មួយ បែរជា​ទទួលបាន​ពិន្ទុ​ដល់​ទៅ​៩៩​ឯណោះ​ក្នុង​លទ្ធផល​ប្រកាស​ពេល​ក្រោយ​។ 
 
​តើ​អ្នកណា​ជា​ជនបង្ក​ក្នុង​រឿងចម្រូងចម្រាស់ ដែល​ឈានដល់​មាន​មនុស្ស​ស្លាប់​បែបនេះ​? 
 
​ក្រោយ​ការស៊ើបអង្កេត​របស់​សារព័ត៌មាន​អង់គ្លេស BBC ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកជន​មួយ​ឈ្មោះថា Globarena Technology ជា​តួអង្គ​សំខាន់​ក្នុង​បញ្ហា​ដ៏​ចម្រូងចម្រាស​នេះ​។ ក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ឥណ្ឌា​នេះ ឈ្នះ​កិច្ចសន្យា​របស់​រដ្ឋាភិបាល​ដើម្បី​រៀបចំ​ការប្រឡងប្រជែង​នៅ​ទូទាំង​រដ្ឋ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ ដែលមាន​សិស្ស​ចូលរួម​ប្រឡង​ច្រើនជាង ៩៧​ម៉ឺន​នាក់​។ ក្រុមហ៊ុន​នេះ ក៏មាន​កាតព្វកិច្ច​ដំណើរកា​រ​ពិន្ទុ​ប្រឡង​ចុងក្រោយ​សម្រាប់​ប្រកាស​លទ្ធផល​ផងដែរ​។ 
 
​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​អប់រំ​រដ្ឋ​ឥណ្ឌា ដែល​ផ្តល់​ការងារ​ដល់​ក្រុមហ៊ុន Globarena បាន​លើកឡើងថា បញ្ហា​នៃ​ការធ្វើអត្តឃាត​របស់​សិ​ស្ស​នេះ មិន​ពាក់ព័ន្ធ​នឹង​កំហុស​បច្ចេកវិទ្យា និង​ដំណើការ​មិន​ប្រក្រតី​នៃ​លទ្ធផល​ប្រឡង​នោះទេ​។ យ៉ាងណាមិញ ក្រុមហ៊ុន​ប​ច្ចេ​កិ​វ​ទ្យា Globarena បាន​ចេញមុខ​សារភាពថា ភាពមិនប្រក្រតី ពិតជា​បានកើត​ឡើង​មែន​។ 
 
​ប្រាប់​សារព័ត៌មាន BBC ក្នុង​ខែមេសា ឆ្នាំ​២០១៩ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ លោក VSN Raju បាន​បកស្រាយ​ថា ក្រុមហ៊ុន​លោក អនុវត្តតាម​នីតិវិធី ដែល​ដាក់ចេញ​ដោយ​គណៈកម្មការ​អប់រំ​ឥណ្ឌា​។ ឧបទ្ទវហេតុ ដែល​បាន​កើតឡើង​នេះ គឺជា​រឿង​អកុសល​បំផុត​។ ដំបូង​ឡើយ វា បញ្ហា​កំហុស​បច្ចេកទេស តែ​ក្រោយមក​ក្រុមហ៊ុន​លោក បាន​កែប្រែ​ឲ្យ​ល្អ​ឡើងវិញ​។ 
 
​គ្រួសារ​សិស្សស្រី​ម្នាក់​ដែល​បានធ្វើ​អត្តឃាត ឈ្មោះថា Anamika Yadav បាន​អះអាងថា ពួកគេ នឹងដាក់​បណ្តឹង​ផ្នែក​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​គណៈកម្មការ​អប់រំ​ឥណ្ឌា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកជន Globarena ។ ប្រាប់​សារព័ត៌មាន BBC គ្រួសារ​សិស្សស្រី​អាយុ​១៦​រូបនេះ បានបញ្ជាក់​ឲ្យ​ដឹងថា កូនស្រី​ពួកគេ បានធ្វើ​អត្តឃាត​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ទទួលដំណឹង​ថា រូបនាង បាន​ធ្លាក់​ការប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ ខណៈដែល​លទ្ធផល​បាន​ផ្លាស់ប្ដូរ ដោយ​ម្ដង​នាង​ជាប់ ម្ដងទៀត​បែរជា​ធ្លាក់​ទៅវិញ​៕ 
 

Tag:
 ឥណ្ឌា​
  ឧ​ត្ត​មសិ​ក្សា​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com