ជាតិ
ប្រវត្តិ​ទៀន​ព្រះវស្សា​
19, Jul 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​គម្ពី​ព្រះ​ត្រៃបិដក​មិនមាន​បញ្ជាក់​ឬ​សរសេរ​ពី​ទៀន​ព្រះវស្សា​ឡើយ ប៉ុន្តែ​មាន​សរសេរ​ពី​ប្រទីប​។ ឯ​ទៀន​ព្រះវស្សា​មាន​សរសេរ​នៅក្នុង​សៀវភៅ​ទ្វារ​ទស​មាស ដែលជា​សៀវភៅ​សម្រាប់​ព្រះមហាក្សត្រ​ធ្វើ​ព្រះ​រាជពិធី​ក្នុង​ព្រះបរមរាជវាំង​។ នេះ​បើតាម​ព្រះ​ភិក្ខុ សំ ចាន់ ព្រះ​វិន័យធរ​សហការី​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​ទេព​វង្ស​។​

 
​ព្រះ​ភិក្ខុ សំ ចាន់ ព្រះ​វិន័យធរ​សហការី​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​ទេព​វង្ស បានផ្ដល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ​ថា ព្រះអង្គ​បាន​ស្រាវជ្រាវ​ក្នុង​គម្ពី​ព្រះ​ត្រៃបិដក និង​គម្ពី​ព្រះពុទ្ធសាសនា​ផ្សេងៗ​ទៀត មិនបាន​ប្រទះ​ពាក្យ​ថា​ទៀន​ព្រះវស្សា​ឡើយ ដោយ​ឃើញតែ​ពាក្យ​ថា ប្រទីប ដែលមាន​ន័យ​ដល់​ភ្លើង​សម្រាប់​បំភ្លឺ​។​
 
​ព្រះអង្គ​បាន​មាន​ថេរ​ដីកា​ថា ឯ​រឿងតំណាល​អំពី​ទៀន​ព្រះវស្សា មាននៅ​ក្នុង​សៀវភៅ​ទ្វារ​ទស​មាស ដែល​មានតែ​នៅក្នុង​សាស្ត្រា តែ​មិនដឹង​ប្រាកដថា​អ្នកសរសេរ​នោះ​ឈ្មោះ​អ្វី សរសេរ​ក្នុង​កាល​វេលា​ណា​ឱ្យ​ប្រាកដ​នោះទេ​។ នៅក្នុង​សៀវភៅ​ទ្វារ​ទស​មាស​បានបញ្ជាក់​ថា មាន​បុរស​កម្សត់​ម្នាក់​ឈ្មោះ ព​ធុ​ពាណិជ បាន​ស្វែងរក​លាមក​ឃ្មុំ យកមក​ធ្វើជា​ទៀន​ដើម្បី​ដុ​ច​បំភ្លឺ ចំណាំ​ចាំ​ព្រះវស្សា​ក្នុង​វត្ត​ជេតពន​។ 
 
​ព្រះអង្គ​បន្ថែមថា ប្រវត្តិ​ទៀន​ដែល​ដុត​ចាំ​ព្រះវស្សា ក៏មាន​តំណាល​ដែរ​ថា គ្រាមួយ​ពេលដែល​ព្រះពុទ្ធ​នាម ព្រះសមណគោតម ទ្រង់​យាង​ទៅ​ប្រោស​ពុទ្ធមាតា​នៅ​ស្ថាន​ត្រៃ​ត្រឹង មាន​អ្នកធ្វើ​ទៀន​មួយ​រូបនោះ បានធ្វើ​ទៀន​ដុត​ចំណាំ​ចាំ​ព្រះវស្សា ឱ្យមាន​រយៈកាល​៣​ខែ​។ ការធ្វើ​ទៀន​តម្រូវ​ដុត​បាន​៣​ខែ​នោះ ក៏​ដើម្បី​សម្ភា​ល​ថ្ងៃ​ព្រះពុទ្ធ​យាងចុះ​ពី​ស្ថាន​ត្រៃ​ត្រឹង​វិញ​នោះឯង​។ 
 
​ព្រះអង្គ សំ ចាន មាន​ថេរ​ដីកា​បន្ថែម​៖«​ការដុត​ទៀន​ឬ​ប្រទីប​សម្រាប់​ថ្ងៃ​ចូល​ព្រះវស្សា ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះ​ភិក្ខុសង្ឃ​ដែល​ចាំបាច់​ត្រូវ​ស្វាធ្យាយ​ធម៌ និង​ធ្វើ​ឧបោសថកម្ម​នៅវេលា​យប់ ក្នុងពេល​ចូល​ព្រះវស្សា​។ ពន្លឺភ្លើង​ដែល​ដុត​ក្នុងពេល​ចូល​ព្រះវស្សា​នេះ ក៏​ស្ថិតក្នុង​ការពិចារណា​ដ​ល់​ពន្លឺភ្លើង​ដែល​ភ្លឹបភ្លែតៗ ទៅដល់​រូប​ខណ្ឌ​មនុស្ស​ដែល​កើត​ស្លាប់​នោះដែរ​។​
 
​ព្រះ​វិន័យធរ​អង្គ​ដដែល ក៏បាន​ពន្យល់​ពី​អា​និ​សង្ឃ​ដែល​កើតចេញពី​ពន្លឺ​ប្រទីប​ឬ​ទៀន​ចាំ​ព្រះវស្សា ថា​បាន​ដល់​ន័យ​កំចាត់​ភាព​ងងឹត​អត្ត​កាល​ឱ្យ​ភ្លឺ​មាន​រស្មី ដោយ​ឧបមា​ដល់​ការ​មាន​បញ្ញា​ដូច្នោះ​ឯង​៕

Tag:
 ទៀន​
  ចូល​វស្សា​
  សាសនា​
  ព្រះពុទ្ធ​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com