កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា ជឿថា កម្ពុជា​អាចធ្វើ​បានល្អ បើសិន​មាន​ពេល​ច្រើន​ក្នុងការ​ប្រមូលផ្តុំ​
18, Jul 2019 , 9:59 pm        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះ AFC Asian Cup កន្លងមក
លោក ប្រាក់ សុវណ្ណារ៉ា ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះ AFC Asian Cup កន្លងមក
ដោយ:
​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក ប្រាក់ សុវណ្ណារ៉ា បានផ្តល់​ជា​គំនិត​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​គួរ​ប្រមូលផ្តុំ​ហ្វឹកហាត់​មុនពេល​កំណត់ បើ​ចង់បាន​លទ្ធផល​ល្អ នា​ជំនួប​វគ្គ​ជម្រុះ​ជុំ​ទី​២​ព្រឹត្តិការណ៍ World Cup 2022​។ គ្រូបង្វឹក​រូបនេះ​អះអាងថា កម្ពុជា​អាច​នឹង​ជួប​ការលំបាក​ខ្លាំង​ពេល​ប្រកួត​នៅក្រៅ​ទឹកដី ដ្បិត​កត្តា​ពេលវេលា និង​អាកាសធាតុ ដោយ​មិន​ផ្តោតលើ​សមត្ថភាព​។ ក្រុម​កីឡាករ​កម្ពុជា​អាច​នឹង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​នេះ​។ 

 
​ទោះបី​មិន​ហ៊ាន​បកស្រាយ​ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស​លើ​ការបណ្តុះបណ្តាល លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​កម្ពុជា​បានផ្តល់​ជា​គំនិត​យោបល់​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​គួរ​ចំណាយពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន បើ​ចង់​ទទួលបាន​លទ្ធផល​ល្អ​។ លទ្ធផល​ល្អ​នៅពេលនេះ គឺ​លោក​មិន​សំដៅលើ​ការទទួលបាន​ជ័យជម្នះ​នោះទេ តែ​សំដៅលើ​កម្រិត​បច្ចេកទេស​និង​ទម្រង់​លេង​របស់​ក្រុម ដែល​អាចធ្វើ​ឲ្យ​ការប្រកួត​ល្អមើល​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​។ 
 
​អ្នកចាត់ការ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូបនេះ​បាន​បន្ថែមថា បើ​កម្ពុ​ជាមាន​ពេលវេលា​ច្រើន​ក្នុងការ​ប្រមូលផ្តុំ ឬ​សហព័ន្ធ​មានលទ្ធភាព​បញ្ជូនទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស កម្ពុជា​អាច​ត្រៀមខ្លួន​បានល្អ សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍ World Cup 2022​។ លោក​ជឿជាក់ថា ក្រុម​កីឡាករ​កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ដែល​រៀបចំ​នៅ​កម្ពុជា តែ​ពួកគេ​នឹង​ជួប​ការលំបាក​ខ្លាំង​នៅក្រៅ​ទឹកដី​។ លំបាក​ក៏​ព្រោះតែ​ពេលវេលា​និង​អាកាស​នៅ​ប្រទេស​គូប្រកួត​ខុសគ្នា​ពី​កម្ពុជា​។ 
 
«​បើ​និយាយ​ក្នុងចំណោម​ក្រុម​ទាំងអស់ ចំពោះ​ទស្សន​ខ្ញុំ​ក្រុម​ហុងកុង​ដូចជា​ក្រោម​គេ តែបើ​ធៀប​នឹង​កម្ពុជា​យើង​ក្រោម​នឹង​ទៀត ព្រោះ​យើង​ធ្លាប់​ចាញ់​ពួកគេ​នៅលើ​ទឹកដី​របស់​យើង​។ ដូច្នេះ​ការប្រកួត​នេះ​ពិតជា​ពិបាក​មែនទែន មិនមែន​ពិការ​រឿង​ឡើង​នោះទេ គឺ​ពិបាក​រឿង​លទ្ធផល ហើយ​សង្ឃឹមថា កម្ពុជា​នឹងធ្វើ​បានល្អ​នៅក្នុង​ទឹកដី​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា ដែល​បាន​បន្ថែមថា គូប្រកួត​កម្ពុជា​ទំនងជា​ត្រៀមខ្លួន​បានល្អ ព្រោះ​ពួកគេ​សុទ្ធ​តែមាន​មហិច្ឆតា​ចង់​ឈ្នះ​កៅអី​វគ្គ​បន្ត​រៀងៗ​ខ្លួន​។ 
 
​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា សហព័ន្ធ​កំពុង​រង់ចាំ​ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​និង​គ្រូបង្វឹក ក៏ដូចជា​អ្នកចាត់ការ​ក្រុម គឺ​លោក Keisuke Honda ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ប្រទេស​ដើម្បី​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ តាម​គម្រោង កម្ពុជា គ្រោង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម តែ​ចិត្ត​មួយ​ចង់​ឲ្យ​ពួកគេ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស ដែលមាន​ការរីកចម្រើន​ផ្នែក​បាល់ទាត់​។ 
 
​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមថា ថ្នាក់ដឹកនាំ​សហព័ន្ធ​កំពុង​ពិភាក្សា​ជាមួយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) ដើម្បី​សម្របសម្រួល​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​មាន​ពេល​ច្រើន​ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់ ហើយ​មិន​ប៉ះពាល់​ការប្រកួត​លី​គ​។ លោក​បន្តទៀតថា ក្នុងចំណោម​ក្រុម​ជម្រើសជាតិ ដែល​គ្រោង​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​វគ្គ​ជម្រុះ World Cup មាន​កីឡាករ​វ័យក្មេង​សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ​មួយចំនួន​ផងដែរ​។ 
 
​ទោះបី​មិន​រំពឹង​ទទួលបាន​ជោគ​ច័យ លោក កែវ សារ៉េត សង្ឃឹមថា ក្រុមយុវជន​ដែល​ត្រូវ​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​នឹង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ការប្រកួត​នេះ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ វា​ក៏​ជាការ​ប្រកួត ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ក្រុម​ជម្រើសជាតិ និង​យុវជន​កម្ពុជា​ផងដែរ​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ World Cup 2022 ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ពូ​ល C ជាមួយ​អ៊ីរ៉ង់ អ៊ីរ៉ាក់ បា​រ៉ែ​ន និង​ហុងកុង​។ ការប្រកួត​នឹង​ព្រឹ​ត្ត​ទៅ​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ដល់​ខែមិថុនា ឆ្នាំ​២០២០៕   
 

Tag:
 បាល់ទាត់​
  World Cup
  ប្រាក់ សុវណ្ណារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com