ក្រុមកីឡាបាល់ទាត់តំបន់អាស៊ីចំនួន៤០ នឹងបើកការប្រកួតប្រជែងគ្នានៃវគ្គជម្រុះជុំទី២ FIFA World Cup Qatar 2022 ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ តទៅ។ ក្នុងចំណោម៨ពូលពី A ដល់ H គេសង្កេតឃើញថាពូល C, G និង H ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនាព្រឹត្តិការណ៍ជម្រុះប្រចាំតំបន់អាស៊ីនេះ។
ពូល C ដែលមានកម្ពុជាផងនោះ ត្រូវបានវីរបុរសក្រុមជម្រើសជាតិអូស្ត្រាលី Tim Cahill ចាប់បញ្ចូលជាមួយហុងកុង បារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ អ្វីដែលភ្ញាក់ផ្អើលសម្រាប់ពូលនេះគឺការជួបគ្នារវាងអ៊ីរ៉ាក់ អ៊ីរ៉ង់ដែលជាគូប្រជែងចាស់ដ៏ស្រួចស្រាល់ទាំងវិស័យកីឡាបាល់ទាត់ និងនយោបាយ។
ប្រទេសសម្បូរប្រេងទាំងពីរនេះ ក៏ត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងប្រចាំពូល C និងសង្ឃឹមខ្ពស់ដើម្បីឆ្លងទៅវគ្គបន្តផងដែរ។ អ៊ីរ៉ង់ជាក្រុមដែលឈរនៅកំពូលនៃតារាងចំណាត់ថ្នាក់ FIFA Ranking នៅតំបន់អាស៊ី និងលេខ២០លំដាប់ពិភពលោក។ អ៊ីរ៉ាក់ស្ថិតនៅលេខរៀងទី៩ នៅអាស៊ី និងលេខ៧៧ពិភពលោក។
សម្រាប់ពូល G មានអេមីរ៉ាតអារ៉ាប់រួម រួមទាំងក្រុមពីអាស៊ាន៤ វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ និងមិនគួរឲ្យជឿក្នុងពូលនេះ ដែលមានក្រុមពីតំបន់អាស៊ានតែមួយរហូតដល់ទៅ៤ត្រូវប៉ះគ្នា។
អេមីរ៉ាតអារ៉ាប់រួម ជាក្រុមមានភាគរយខ្ពស់ជាងគេក្នុងការដណ្តើមចំណាត់ថ្នាក់កំពូលតារាង ក្នុងចំណោមក្រុមទាំង៥នេះ។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីអាចជាការប៉ះគ្នាដ៏ភ្ញាក់ផ្អើលមួយ ដ្បិតពួកគេជាគូស៊ីសាច់ហុតឈាម។ ថៃ និងវៀតណាមក៏ធ្លាប់បានបង្ហាញភាពខ្លាំងផងដែរកាលព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នៅអេមីរ៉ាតអារ៉ាប់រួម។
ជារឿងល្អម្យ៉ាងដែរ សម្រាប់ពូល G នេះ។ ខណៈដែលអេមីរ៉ាតអារ៉ាប់រួមជាក្រុមនាំមុខគេទៅហើយ យ៉ាងក៏អាចមានក្រុមពីស៊ានមួយមានភាគរយខ្ពស់អាចទទួលបានចំណាត់ថ្នាក់ទី២ ដើម្បីឈានទៅវគ្គជម្រុះជុំទី៣ទៀតដែរ។
ដោយឡែកពូល H កូរ៉េខាងត្បូង លីបង់ កូរ៉េខាងជើង តួកមេនីស្ថាន និងស្រីលង្កា។ កូរ៉េខាងត្បូងជាក្រុមជោគជ័យជាងគេនាការប្រកួតជម្រុះសម្រាប់ដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup នាពេលកន្លងមក។ ជារឿងគួរឲ្យភ្ញាក់ផ្អើល និងជក់ចិត្តសម្រាប់ពូលនេះផងដែរ គឺការប៉ះគ្នារវាងបងប្អូនកូរ៉េទាំងពីរ។ កូរ៉េខាងត្បូង និងជើង បានប្រឈមមុខដាក់គ្នាផ្នែកនយោបាយយ៉ាងខ្លាំងក្លា ប៉ុន្តែរយៈពេលចុងក្រោយក៏ត្រជាក់វិញ ដ្បិតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបគ្នាជាមួយមេដឹកនាំកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន។
សម្រាប់ពូល H នេះ ក៏ត្រូវបានគែជឿជាក់ថាកូរ៉េខាងត្បូងនឹងអាចឈានទៅវគ្គបន្តដែរ។
ការប្រកួតវគ្គជម្រុះជុំទី២ តំបន់អាស៊ី FIFA World Cup Qatar 2022 និង Asian Cup 2023 ដែលចិនធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមយុទ្ធនាការពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
ខាងក្រោមជាក្រុមទាំង៤០ ដែលចែកចេញជា៨ពូល ក្នុងមួយពូលមាន៥ក្រុម៖
ពូល A ៖ ចិន ស៊ីរី ហ្វីលីពីន ម៉ាល់ឌីវ និង កោះហ្គាម
ពូល B ៖ អូស្ត្រាលី ហ្ស៊កដានី ឆាយនីសតាយប៉ិ និង កូវ៉ែត
ពូល C ៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងកម្ពុជា
ពូល D៖ អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន ប៉ាឡេស្ទីន យេមែន និងសិង្ហបុរី
ពូល E៖ បង់ក្លាដែស អូម៉ង់ ឥណ្ឌា អាហ្វហ្កានីស្ថាន និងកាតា
ពូល F៖ ជប៉ុន គៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន មីយ៉ាន់ម៉ា និងម៉ុងហ្គោលី
ពូល G៖ អេមីរ៉ាតអារ៉ាប់រួម វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី
ពូល H៖ កូរ៉េខាងត្បូង លីបង់ កូរ៉េខាងជើង តួកមេនីស្ថាន និងស្រីលង្កា