កីឡាជាតិ
ជាតិ
សម្តេច ទៀ បាញ់​៖ ពេល​រៀប​ស៊ី​ហ្គេម ត្រូវ​ជៀស​ឲ្យ​ផុតពី​បញ្ហា​ប្រើ​ថវិកា​ខុស​គោលដៅ​
19, Jul 2019 , 8:59 am        
រូបភាព
សម្តេច ទៀ បាញ់ ពេលធ្វើជាអធិបតីកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសរបស់ CAMSOC
សម្តេច ទៀ បាញ់ ពេលធ្វើជាអធិបតីកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសរបស់ CAMSOC
ដោយ:
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា​(CAMSOC) បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ ដើម្បី​បូកសរុប​ការងារ​ប្រចាំត្រីមាស និង​ពិភាក្សា​ពី​ដំណើរ​វឌ្ឍនភាព​និង​ការដាក់​ផែនការ​អនុវត្ត​បន្ត​។ សម្តេច ទៀ បាញ់ ដែល​ធ្វើជា​អធិបតី​ក្នុង​អង្គប្រជុំ បាន​សង្កត់ធ្ងន់​លើ​របៀបវារៈ​ពាក់ព័ន្ធ​គម្រោង​ថវិកា ហើយ​បានចាត់ទុក​បញ្ហា​នេះ ជា​រឿង​ដែល​ត្រូវ​យកចិត្ត​ទុក​។ ជាមួយគ្នានេះ​សម្តេច​ជំរុញ​ឲ្យ​មន្ត្រី CAMSOC ត្រូវ​រៀបចំ​របាយការណ៍​សក​ម្ម​ភាព និង​ហិរញ្ញវត្ថុ​ឲ្យ​បានច្បាស់លាស់​។​

 
​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា​ប្រាប់​មន្ត្រី​ខ្លួន​ឲ្យ​រៀបចំ​គម្រោង​ថវិកា​សម្រាប់ ដំណើរការ​អភិវឌ្ឍ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឲ្យ​បានច្បាស់លាស់ ដើម្បី​បញ្ចៀស​បញ្ហា ដែល​អាច​កើតមាន​ពាក់ព័ន្ធ​បញ្ហា​នេះ​។ សម្តេច សង្កត់ធ្ងន់ថា បញ្ហា​ហិរញ្ញវត្ថុ​ជា​បញ្ហា​ធំ​ក្នុង​ដំណើរ​ការរៀប​ចំទាំង​មុន និង​ក្នុងអំឡុង​ការប្រកួត​។ ព្រោះ​វា​អាច​នាំ​រឿង​ដល់​ខ្លួន បើ​ប្រើប្រាស់​ថវិការដ្ឋ​ខុស​គោលការណ៍ និង​ច្បាប់​បានកំណត់​។ 
 
​ដើម្បី​បញ្ជៀស​បញ្ហា​ដែល​អាច​កើតមាន​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ ដាស់តឿន​ដល់​មន្ត្រី CAMSOC ត្រូវ​ប្រើប្រាស់​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ត្រឹមត្រូវ​តាម​គោលការណ៍ និង​សកម្មភាព​ដែល​បានកំណត់​។ ជាមួយគ្នានេះ សម្តេច ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី ពិសេស​អគ្គលេខាធិការ​ដ្ឋា​ន CAMSOC រៀបចំ​របាយការណ៍​ស​កម្ម​ភាព និង​ផែនការ​អនុវត្ត​ឲ្យ​បានច្បាស់លាស់​ផងដែរ​។​


 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា គ្រប់​ប្រទេស​ទាំងអស់​រៀងរាល់​ក្រោយ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នឹងមាន​គណៈកម្មការ​សវនកម្ម​អន្តរជាតិ ចុះមក​ធ្វើ​សវនកម្ម​លើ​គម្រោង​ប្រើប្រាស់​ថវិកា ក្នុងការ​ដំណើរ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។ បើ​រកឃើញថា ការប្រើប្រាស់​ថវិការដ្ឋ​មាន​ភាពមិនប្រក្រតី ពួកគេ​នឹងដាក់​ពិន័យ ​លើ​មន្ត្រី​ដែល​ទទួលបន្ទុក​លើ​ផ្នែក​ហិរញ្ញវត្ថុ​។ 
 
​ការជំរុញ និង​ដាស់តឿន​​​មន្ត្រី​នេះ​ ​ធ្វើឡើង​ពេល​សម្តេច ទៀ បាញ់ ធ្វើជា​អធិបតីភាព​ក្នុង​អង្គប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស និង​ដំណើរ​វឌ្ឍនភាព​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា​កាលពីពេល​ថ្មីៗ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ក្រៅពី​បញ្ហា​គម្រោង​ថវិកា បញ្ហា​សុខាភិបាល សន្តិសុខ គម្រោង​រៀបចំ​ពិធី​បើក​បិទ​ការប្រកួត ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ត្រូវបាន​លើក​យកមក​ជជែក​ក្នុង​អង្គប្រជុំ​លើក​ទី​៣ ​របស់​គណៈកម្មាធិការ CAMSOC ផងដែរ​។  
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​អចិន្ត្រៃយ៍​នៃ CAMSOC ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​មានប្រសាសន៍ថា ក្នុង​អង្គប្រជុំ​នោះ គណៈកម្មាធិការ CAMSOC បានដាក់​ចេញ​នូវ​គោលការណ៍​វឌ្ឍនភាព​យ៉ាងច្រើន ដើម្បី​ព​ន្លឿ​ន​ដំណើរការ​របស់​អគ្គលេខា​ធិ​ការដ្ឋាន ដែល​សម្តេច ទៀ បាញ់ ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​កិច្ចប្រជុំ​ប្រចាំត្រីមាស​លើក​ទី​៣​នេះ​តទៅ​។ 
 
​លោក​បន្ថែមថា​៖«​យើង​ត្រូវ​ធ្វើការ​ជាមួយ​សហព័ន្ធ​ជាតិ ​ក្នុងការ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហាត់​នៅក្រៅ​ប្រទេស និង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ក្នុងការ​ពិនិត្យមើល​ការជ្រើសរើស​អត្ត​ព​លិ​ក​ឲ្យ​មាន​ទេពកោសល្យ និង​មាន​ឆន្ទៈ​ពិតប្រាកដ ​ក្នុងការ​ទៅ​ហ្វឹកហាត់​កម្រិត​ខ្ពស់​រយៈពេល​វែង​នៅក្រៅ​ប្រទេស ដូចជា​នៅ​ចិន ជប៉ុន កូរ៉េ ឬក៏​នៅ​ប្រទេស​ភាគ​អឺរ៉ុប​មួយចំនួន​ជាដើម​»​។​
 
​លោក សៅ សុខា សមាជិក​ប្រតិបត្តិ​នៃ CAMSOC បានផ្តល់​យោបល់​ដោយ​ស្នើ​ឲ្យ​មានការ​ឯកភាពគ្នា និង​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​បានច្បាស់លាស់ ដោយ​ផ្អែកលើ​គោលការណ៍​បច្ចេកទេស​។ ពិសេស​​ ត្រូវ​រៀបចំ​ឲ្យ​មានការ​បណ្តុះបណ្តាល​ធន​ធាន​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស និង​កីឡាករ​ តាមរយៈ​ការ​បញ្ជូនទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ លើសពីនេះ ​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​រៀបចំ​ការប្រកួត​ឲ្យ​បាន​គ្រប់​ខេត្ត ដើម្បី​ជ្រើសរើស​អត្ត​ព​លិ​ក​ត្រៀម​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕ 

Tag:
 CAMSOC
  សម្តេច ទៀ បាញ់​
  វ៉ា​ត់ ចំរើន​
  សៅ សុខា​
  ស៊ី​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com