ជាតិ
​ចិន​-​តៃវ៉ាន់​១៨​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​កំពង់ស្ពឺ​ពាក់ព័ន្ធ​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​
18, Jul 2019 , 10:19 pm        
រូបភាព
ក្រុមជំរិតទារប្រាក់ជនជាតិចិន
ក្រុមជំរិតទារប្រាក់ជនជាតិចិន
​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែកក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន និង​តៃវ៉ាន់​១៨​នាក់ នៅ​ភូមិ​ចារ ឃុំ​សាយ​ច​ចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ថា អ្នក​ទាំងនោះ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP)​។​

 
«​ជនសង្ស័យ​ទាំង​១៨​នាក់ ក្នុងនោះ​មាន​១២​នាក់​មកពី​តៃវ៉ាន់ សុទ្ធ​ជាប់​ពាក់ព័ន្ធ​ពីបទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បាន​បោះ​ទីតាំងនៅ​ខេត្តកំពង់ស្ពឺ​តាំងពី​ខែកុម្ភៈ​មក​។ ជនរងគ្រោះ​សុទ្ធតែ​ជនជាតិ​ចិន មិនមាន​ជនជាតិខ្មែរ​នោះឡើយ​»​។ នេះ​ជាការ​អះអាង​របស់លោក​ស្នងការ​ខេត្ត ដោយ​មិន​បញ្ជាក់​ពី​ទីតាំង​រស់នៅ​របស់​ជន​រងគ្រោះ​ដែល​ចាញ់បោក​នោះឡើយ​។​
 
​ជាមួយគ្នានេះ លោក សម សាមួន សុំ​មិន​បង្ហាញ​តួលេខ​នៃ​ចំនួន​ទឹកប្រាក់​ដែល​ក្រុម​ជនសង្ស័យ​ជំរិត​បាន ចំនួន​បទល្មើស ចំនួន​វត្ថុតាង​ដែល​បាន​ដកហូត​នៅ​កន្លែងកើតហេតុ និង​រយៈពេល​នៃ​ការប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នោះឡើយ​។ 
 
​ស្នងការ​នគរបាល​ខេត្ត​គ្រាន់តែ​បញ្ជាក់ថា សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ក្រុម​ជំរិត​ទារប្រាក់​នេះ ចាប់តាំងពី​ក្រុម​នេះ​បាន​បោះ​ទីតាំងនៅ​ស្រុក​បរសេដ្ឋ​ក្នុង​ខែកុម្ភៈ​មកម្ល៉េះ​៕

រូបថត៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍


Tag:
 ក្រុម​ជំរិត​ទារប្រាក់​
  ជនជាតិ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com