ជាតិ
អ្នកនាំពាក្យ​៖ បទល្មើស​ព្រៃឈើ​ធំៗ​បង្ក្រាប​អស់ហើយ នៅសល់តែ​តូចៗ ដែល​ត្រូវអនុវត្ត​ច្បាប់ ដោយ​គ្មាន​ការលើកលែង​
18, Jul 2019 , 6:03 pm        
រូបភាព
​ភ្នំពេញ​៖ បទល្មើស​ព្រៃឈើ​ខុសច្បាប់ បាន​ប្ដូរ​រូបភាព​ពី​ធំ​មក​តូច តាមរយៈ​កាប់​ឈើ​ដឹក​តាម​ម៉ូតូ និង​គោយន្ត​ជាដើម ដែលជា​មូលហេតុ​នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចេញ​វិធាន​ការដុត​កម្ទេចចោល​នៅនឹងកន្លែង​។ នេះ​ជាការ​លើកឡើង​របស់លោក អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​។​

 
«​អ្នកខ្លះ​ដឹកឈើ​ទៅតាម​រូប​ភាពជា​ម៉ូតូ គោយន្ត មាន​ទាំង​រទេះគោ រទេះក្របី​។ អ៊ីចឹង​ការដឹកឈើ​នេះ គឺ​ប្តូរ​ពី​រូបភាព​ធំ​មក​តូច »​។ នេះ​ជាការ​អះអាង​របស់លោក អេង ហ៊ី ដែល​បាន​បន្ថែមថា នៅពេលដែល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ដឹកឈើ​តាម​ម៉ូតូ​ទាំងនេះ តែងតែមាន​មតិសាធារណ​ជន​រិះគន់​ពី​ចំណាត់ការ​របស់​អាជ្ញាធ​រថា បង្ក្រាប​តែ​បទល្មើស​តូចៗ មិន​បង្ក្រាប​បទល្មើស​ធំៗ​ឡើយ​។​
 
​ឆ្លើយតប​ការរិះគន់​របស់​ពលរ​ដ្ឋ​នេះ លោក អេង ហ៊ី បាន​ថ្លែង​នៅក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន ស្តីពី «​វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ថា​៖«​ខ្ញុំ​ធ្លាប់បាន​បញ្ជាក់ប្រាប់​សា​ធារ​ជន​ដែរ ។ (​បទល្មើស​)​ធំៗ យើង​បង្ក្រាប​អស់ហើយ អត់​មាន​ទៀត​ទេ ក៏ប៉ុន្តែ​មានតែ​អ្នក​ដឹក​តាម​ម៉ូតូ​»​។ 
 
​អះអាង​បែបនេះហើយ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រូបនេះ បាន​បកស្រាយ​ទៀតថា កន្លងមក​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ធ្លាប់​ហាមឃាត់ និង​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ទៅ​ពលរដ្ឋ ដែល​រកស៊ី​ដឹកឈើ​ខុសច្បាប់ តាម​ម៉ូតូ គោយន្ត និង​មធ្យោបាយ​ផ្សេង​ដែរ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ​។ ត្រង់ចំណុច​នេះ​លោក អេង ហ៊ី បាន​និយាយ​បក​វិញ​ថា សកម្មភាព​ច្រំ​ដែលៗ​នៃ​ការរកស៊ី​ដឹកឈើ​របស់​ពលរដ្ឋ​នេះ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដាក់ចេញ​វិធានការ​ក្តៅ កម្ទេចចោល​រាល់​មធ្យោបាយ​នានា​នៅ​កន្លែង​បែបនេះ​។​
 
«​ដោយសារ​យើង​សង្កេតឃើញថា ទោះបី​ជាមាន​វិធានការ​អប់រំ ផ្សព្វផ្សាយ ហើយនឹង​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​បទល្មើស​ព្រៃឈើ​នៅតែមាន​។ អ៊ីចឹង បានជា​នៅ​ថ្ងៃទី​៨ កក្កដា គឺ​គណៈកម្មាធិការ​ជាតិ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដើម្បី​ឲ្យ​សាធារណជន ក៏ដូចជា​ក្រុមហ៊ុន​មួយចំនួន ដែល​ពាក់ព័ន្ធ គឹ​សុំ​បញ្ឈប់​(​សកម្មភាព​)​ជាបន្ទាន់​។ ហើយ​នៅក្នុង​វិធានការ​នោះ បញ្ជាក់​ពី​ចំណុច​សំខាន់ ទី​១ គឺ​យើង​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​បុគ្គល និង​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ ទី​២ គឹ​មធ្យោបាយ​ដូចជា រថយន្ត ម៉ូតូ គោយន្ត និង​ផ្សេងៗ​ទៀត គឺ​ត្រូវ​បំផ្លាញចោល ។ ប៉ុន្តែ​ការបំផ្លាញ​ចោល​នោះ គឺ​យើង​សុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ហ៊ី ដែល​បាន​បន្ថែមថា មកដល់ពេលនេះ មាន​រថយន្ត​ជិត​៤០​គ្រឿង ដែល​ត្រូវបាន​អាជ្ញាធរ​បង្ក្រាបបាន ហើយ​ដុត​កម្ទេចចោល​នៅនឹងកន្លែង​។​
 
​សកម្មជន​ការពារ​ព្រៃឈើ​លោក ហេង ស្រស់ ទទួលស្គាល់ថា បទល្មើស​ព្រៃឈើ​ធំៗ ពិតជា​ថមថយ​ច្រើន ចាប់តាំងពី​រដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តាមរយៈ​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​នេះ​។ ប៉ុន្តែ​សម្រាប់​លោក ស្រស់ យុទ្ធនាការ​បង្ក្រាប​នេះ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ពោលគឺ​ត្រូវអនុវត្ត​ការចាប់ខ្លួន​អ្នកពាក់ព័ន្ធ ដែលមាន​អំណាច​ធំៗ​នៅ​ពីក្រោយ​ករណី​បទល្មើស​ព្រៃឈើ​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ សកម្មជន​ការពារ​ព្រៃឈើ​រូបនេះ បាន​និយាយថា ៖«​យើង​សាទរ​ចំពោះ​សម្តី​របស់គាត់​(​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​) ហើយ​យើង​សប្បាយចិត្ត​ដែល​គណៈកម្មាធិការ​មួយ​នេះ បាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ធំៗ ហើយ​យើង​ទទួលស្គាល់ ដោយ​យើង​បានឃើញ​សកម្មភាព ដែល​គាត់​បញ្ចេញ​មក​ថា គាត់​បាន​ទប់ស្កាត់ បង្ក្រាប​ក្រុមហ៊ុន​ចំនួន​៥ នៅក្នុង​ស្រុក​កោះ​ញែក​…​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ទៅ​គណៈកម្មាធិការ​វិញ​ថា យើង​ចង់​ឲ្យ​គណៈកម្មាធិការ​មួយ​នេះ គឺ​ធ្វើការ​ទប់ស្កាត់​អ្នកពាក់ព័ន្ធ អ្នក​បំផ្លាញ អ្នក​ដែល​ប្រព្រឹត្ត សំខាន់​ជាង ដើម្បី​ចង់ដឹងថា​អ្នកណា​នៅ​ពីក្រោយ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​រោងចក្រ​អារឈើ បើក​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​ចេញពី​ព្រៃ​ការពារ​ចូលមក​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​។ គឺ​យើង​ចង់បាន​ឲ្យ​គាត់​បញ្ចេញ​ឈ្មោះ ចង់​ឲ្យ​គាត់​បញ្ចេញស្នាដៃ​របស់គាត់ ធ្វើយ៉ាងណា​ឲ្យ​ចាប់​អ្នក​នៅ​ពីក្រោយ​មក​អនុវត្ត​តាមច្បាប់​»​។​
 
​ចំពោះ​ការលើកឡើង​របស់​សកម្ម​ជន​ព្រៃឈើ​នេះ លោក អេង ហ៊ី បាន​បកស្រាយ​នៅក្នុង​សន្និសីទកាសែត​ថា មិន​ថា​ឧកញ៉ា អ្នកមានអំណាច មន្ត្រី​មាន​ស័​ក្ត​យស​ធំ​ប៉ុណ្ណា​នោះទេ គឺ​ត្រូវអនុវត្ត​តាមច្បាប់​ទាំងអស់​។ «​គណៈកម្មាធិការ​ជាតិ​បាន​ដាក់ចេញ​យន្តការ​មួយទៀត គឺ​យើង​ធ្វើ​អធិការកិច្ច​នៅ​ចំណុច​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ ដោយ​យើង​បាន​កោះហៅ​មន្ត្រី​របស់​យើង​ជា​បន្តបន្ទាប់ ទាំង​បរិស្ថាន ទាំង​អាវុធហត្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ បើសិន​ជាមាន​ការពាក់​ព័ន្ធ​គឺ​យើង​អនុវត្ត​តាមច្បាប់​។ អ្នកណា​ល្មើស​វិន័យ នៅត្រឹម​ក្នុង​អង្គភាព ស្ថាប័ន​ទេ គឺ​យើង​អនុវត្តតាម​វិន័យ ។ ប៉ុន្តែ​បើ​ខុសច្បាប់ យើង​មិន​ទុក​រឿង​ហ្នឹង​ចោល​ទេ ជាពិសេស​កងរាជអាវុធហត្ថ​»​។ នេះ​ជា​បញ្ជាក់​របស់លោក អេង ហ៊ី ។​
 
​លោក អេង ហ៊ី បាន​បញ្ជាក់ថា ចាប់តាំងពី​ការអនុវត្ត​វិធានការ​កម្ទេចចោល​បទ​ល្មើស​នៅ​កន្លែង​មក គឺ​អាជ្ញាធរ​បាន​ឃាត់​រថយន្ត​ជាង​៤០​គ្រឿង និង​មនុស្ស​ចំនួន​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ដោយ​ក្នុងនោះ​មាន​ឧកញ៉ា​ម្នាក់ ឈ្មោះ សឹង សំអុល ផងដែរ​។ ចំណែក​បុគ្គល​សង្ស័យ​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើ ចំនួន​៩​នាក់​ទៀត កំពុងស្ថិត​ក្រោម​ការ​តាម​ចាប់ខ្លួន​។ បើតាម​លោក អេង ហ៊ី បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ចំនួន ៥ មានដូចជា ក្រុមហ៊ុន ម៉ាស់​ស្ទ័​ខេ​សាន់  ក្រុមហ៊ុន យ៉ាង​ចាវ  ថាច់​ហ្វ៊ូ​ត  ក្រុមហ៊ុន វ៉ិ​ច​ធ័​រ​រី និង​ក្រុមហ៊ុន ណេ​ណា​ង ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ខុសច្បាប់​។​
 
​ក្រៅពី​ក្រុមហ៊ុន​ទាំង​៥ ដែល​ស្ថិតនៅក្នុង​ខេត្តរតនគិរី​ខាងលើនេះ ក៏​នៅមាន​ក្រុមហ៊ុន​មួយចំនួនទៀត ដែល​កំពុង​លបលួច​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត ដូចជា​នៅ​ខេត្តក្រចេះ ពោធិ៍សាត់ និង​ស្ទឹងត្រែង​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ ។​
 
​ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ លោក អេង ហ៊ី អះអាងថា សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​យ៉ាង​តឹងរ៉ឹង​នេះ នៅតាម​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស ពោលគឺ​មិនមែន​អនុវត្ត​តែ​នៅ​តំបន់​ភូមិភាគ​ឦសាន​នោះឡើយ​។ បើតាម​លោក អេង ហ៊ី គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បង្ក្រាប និង​ដកហូត​ឈើ​បាន​សរុប​ជាង ១២​ម៉ឺន​ម៉ែត្រគូប​។​
 
​ដោយឡែក​លោក សួន សុវណ្ណ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​នៃ​រដ្ឋបាល​ព្រៃឈើ បាន​និយាយថា រយៈ​ប្រមាណ​៥​ឆ្នាំ ពោល​គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការចូលរួម​យ៉ាងសកម្ម​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាប់​ឃាត់​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ដីព្រៃ ៨,៦០០​ករណី​។ ក្នុងនោះ​ពិន័យ​អន្តរកាល​ចំនួន ២,៨៨៤​ករណី បញ្ជូនទៅ​តុលាការ ៥,៧១៦​ករណី​។ ចាប់​ឃាត់​ឈើមូល​ជ្រុង ចម្រុះ​ប្រភេទ​ចំនួន ១០,៦៨៣​ម៉ែត្រគូប​, ឈើ​អាច​ម្រុះ​ប្រភេទ ២៤,៣១៤​ម៉ែត្រគូប​។ ឈើ​ក្រញូង​ក្រាក់ និង​ក្រញូង​សាច់​ចំនួន ៣៦២​ម៉ែត្រគូប និង​២០,៥៨៤​គីឡូក្រាម​។ 
 
​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ថា មិន​លើកលែង​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​នោះទេ បើទោះជា​អ្នកនោះ​មានអំណាច​បុណ្យ​ស័​ក្ត ជា​ផ្កាយ ឬក៏​លោក​ខែ ក៏​សម្ដេច​ដកចេញ​ពី​តំណែង​ដែរ​៕

Tag:
 អេង ហ៊ី​
  ឈើ
© រក្សាសិទ្ធិដោយ thmeythmey.com