អន្តរជាតិ
អគ្គិភ័យ​នៅ​ជប៉ុន​ដែល​សង្ស័យថា​ជាការ​លួច​ដុត មាន​អ្នកស្លាប់​កើន​ដល់​៣៣​នាក់​
19, Jul 2019 , 9:43 am        
រូបភាព
ពលរដ្ឋជប៉ុន យកផ្កាឧទ្ទិសដល់វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ក្នុងគ្រោះអគ្គិភ័យនៅ​ក្រុង Kyoto កាលពីថ្ងៃព្រហស្បតិ៍។ រូបថត AFP
ពលរដ្ឋជប៉ុន យកផ្កាឧទ្ទិសដល់វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ក្នុងគ្រោះអគ្គិភ័យនៅ​ក្រុង Kyoto កាលពីថ្ងៃព្រហស្បតិ៍។ រូបថត AFP
ដោយ: ថ្មីៗ
​ប៉ូលិស​ជប៉ុន​បន្ត​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ដែល​សម្លាប់​មនុស្ស​៣៣​នាក់​នៅ​អគារ​ផលិតកម្ម​គំនូរជីវចល Kyoto Animanation ក្រុង​ក្យូ​តូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​អាចជា​ឧក្រិដ្ឋកម្ម​ ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ជប៉ុន​ នា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​។​

 
​សោកនាដកម្ម​នៅ​ជប៉ុន ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋកម្ម​ហិង្សា គឺ​កម្រ​កើតមាន​ខ្លាំងណាស់​។ ប៉ុន្តែ​វារឹតតែ​មិនអាច​កើតឡើង​ នូវ​គ្រោះមហន្តរាយ​ដោយ​ចៃដន្យ នៅ​ប្រទេស​ដែលមាន​សុវត្ថិភាព​អគ្គិសនី​ ដ៏​ខ្ពស់​មួយ​នេះ​។​
 
​យោងតាម AFP ជនសង្ស័យ​អាយុ​៤១​ឆ្នាំ​ម្នាក់ ស្ថិតក្រោម​ការស៊ើបអង្កេត ប៉ុន្តែ​គេ​មិនទាន់​អាច​សួរនាំ​បានឡើយ ដោយសារ​បុរស​នោះ ឆេះ​រលាក​យ៉ាងធ្ងន់ធ្ងរ ហើយ​កំពុង​ស្ថិតក្រោម​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ 
 
​បណ្តា​ព័ត៌មាន​ក្នុងស្រុក បាន​រាយការណ៍​ថា បុរស​នោះ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង Kyoto Animation ឡើយ ប៉ុន្តែ​មាន​អ្នកខ្លះ បានឃើញ​គេ​កាន់​កាំបិត និង​ញញួរ ដើរចូល​ទៅក្នុង​អគារ​។ Kyoto Shimbun បាន​ដកស្រង់​សំដី​ជនសង្ស័យ ​ដែល​បាន​ប្រាប់​ប៉ូលិស​ថា​៖ «​ខ្ញុំ​ដុត​ភ្លើង​ដោយសារតែ​គេ [​ក្រុមហ៊ុន Kyoto Animation] បាន​លួច​ស្នាដៃ​ប្រលោមលោក​របស់ខ្ញុំ​»​។​
 
​លោក Hideaki Hatta ប្រធាន​ក្រុមហ៊ុន Kyoto Animation បាន​អះអាង​ថា លោក​ក៏​ធ្លាប់​បានទទួល​សារ​អ៊ី​ម៉ែ​ល​គំរាមកំហែង​ផងដែរ ប៉ុន្តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​នោះឡើយ​។​
 
​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នកស្លាប់​កើនឡើង​ដល់​ ៣៣​នាក់ និង​របួស​ជាច្រើន​នាក់​ទៀត ដោយ​ភាគច្រើន​ជា​បុគ្គលិក​ក្រុមហ៊ុន​។​
 
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​សម្តែង​ការសោកស្តាយ​ ចំពោះ​ករណី​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​របស់ខ្លួន​។ សកម្មភាព​សប្បុរ​ធម៌​ជាច្រើន ក៏ត្រូវ​រៀបចំឡើង​ផងដែរ ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ជ​ន​រងគ្រោះ និង​ក្រុមគ្រួសារ​៕

Tag:
 អគ្គិភ័យ​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com