អន្តរជាតិ
លោក ត្រាំ ថា អាមេរិក​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​អ៊ីរ៉ង់​មួយគ្រឿង តែ​អ៊ីរ៉ង់​ថា មិនដឹង​
19, Jul 2019 , 10:35 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ ខែកក្កដា ប្រកាសថា យោធា​អាមេរិក​បាន​បាញ់​យន្តហោះ​បញ្ជា​មួយគ្រឿង​របស់​អ៊ីរ៉ង់​នៅ​ច្រក​សមុទ្រ Hormuz ។ បើតាម​លោក ត្រាំ យន្តហោះ​បញ្ជា​នេះ បង្ក​ការ​គំរាម​ដល់​សុវត្ថិភាព​នាវាចម្បាំង​របស់​អាមេរិក ទើប​បាញ់​កម្ទេច​តែម្ដង​។ ប៉ុន្តែ​អ៊ីរ៉ង់​ឯណោះ​វិញ បាន​អះអាងថា មិនមាន​ហេតុការណ៍​នេះ​ទេ​។​

 
​ក្នុង​កម្មវិធី​មួយ​នៅ​សេត​វិមាន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា នាវា​ប្រយុទ្ធ USS Boxer បាន​បាញ់​កម្ទេច​យន្តហោះ​បញ្ជា​មួយគ្រឿង​របស់​អ៊ីរ៉ង់ ខណៈដែល​ធ្វើដំណើរ​ចូល​ច្រក​សមុទ្រ Hormuz បាន​បន្តិច​។ លោក ត្រាំ អះអាងថា ការបាញ់​ទម្លាក់​នេះ ជា​វិធាន​ការការពារ​ខ្លួន​របស់​កប៉ាល់​អាមេរិក ព្រោះ​យន្តហោះ​ដ្រូ​ន​របស់​អ៊ីរ៉ង់ បាន​ចូល​កៀក​នាវា USS Boxer ក្នុង​ចម្ងាយ​មិន​ដល់​មួយ​គីឡូម៉ែត្រ​ផង ហើយក៏​មិន​ខ្វល់​សារ​ព្រមាន​ទៅទៀត​។​
 
​មេដឹកនាំ​អាមេរិក​រូបនេះ បន្តថា ដ្រូ​ន​របស់​អ៊ីរ៉ង់ គំរាមកំហែង​សុវត្ថិភាព​របស់​កប៉ាល់ និង​នាវិក​នៅលើ​នោះ​។ ដូចនេះ​យោធា​អាមេរិក​ក៏​បាញ់​កម្ទេចចោល​ទាំងស្រុង​តែម្ដង​។ លោក ត្រាំ ចាត់ទុក​ហេតុការណ៍​នេះ ជា​សកម្មភាព​បង្ករឿង​មួយ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​របស់​ទីក្រុង​តេ​ហេ​រ៉ង់​លើក​ប៉ាល់​ដែល​ធ្វើដំណើរ​ក្នុង​ដែនទឹក​អន្តរជាតិ ហើយ​អាមេរិក​ក៏​រក្សា​សិទ្ធិ​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផងដែរ​។​

នាវាចម្បាំងអាមេរិក USS Boxer ដែលបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់។ រូបភាព US Navy
 
«​ខ្ញុំ​ក៏​ស្នើ​ឲ្យ​ប្រទេស​ទាំងអស់​ការពារ​កប៉ាល់​របស់ខ្លួន ដែល​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ ហើយ​ធ្វើការ​ជាមួយ​យើង​នៅ​ថ្ងៃ​អនាគត​។​» នេះ​ជាការ​អំពាវនាវ​ជាថ្មី​របស់លោក ត្រាំ ទៅកាន់​ប្រទេស​នានា​ដែល​ប្រើប្រាស់​ច្រក​សមុទ្រ​នេះ ឬ​ពឹង​ផ្អែកលើ​ច្រក​សមុទ្រ ហើយ​ដែល​អាស្រ័យ​លើ​ការការពារ​សុវត្ថិភាព​ដោយ​យោធា​អាមេរិក​ផង​នោះ​។ 
 
​យ៉ាងណាមិញ អ៊ីរ៉ង់​មិន​បញ្ជាក់​ពី​រឿងនេះ​ទេ​។ មុន​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ និយាយថា លោក​មិនដឹង​ពី​ការបាញ់​ទម្លាក់​នេះ​ទេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​នេះ​ជា​លើកទីមួយ​ដែល​អាមេរិក​ជួប​បញ្ហា​ផ្ទាល់​ជាមួយ​អ៊ីរ៉ង់ ចាប់តាំងពី​ភាព​តានតឹង​កើនឡើង​មក​នោះ និង​ហេតុការណ៍​គ្រោះថ្នាក់​ជា​បន្ត​បន្ទាប់មក​នោះ​។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​កម្ដៅ​នៃ​ការប្រឈមមុខគ្នា​កើន​មួយកម្រិត​ទៀត​។ ហេតុការណ៍ ក៏​កើតឡើង​ក្រោយ​អ៊ីរ៉ង់​ប្រកាស​ឃាត់ទុក​កប៉ាល់​បរទេសមួយ​គ្រឿង ដែល​ត្រូវបាន​ចោទថា លួច​ដឹក​ប្រេង​ខុសច្បាប់​។ កប៉ាល់​មួយ​នោះ ពាក់​ទង់ជាតិ​ប៉ា​ណា​ម៉ា ហើយ​នាវិក​លើ​នោះ​១២​នាក់ ត្រូវបាន​ចាប់ខ្លួន​៕

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  Hormuz
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com