ជាតិ
លោក សៅ សុខា​៖ ប្រទេសជិតខាង​រក​ចំណូល​ពី​ព្រៃឈើ​បាន​រាប់លាន​ដុល្លារ ឯ​យើង​បាត់បង់​ព្រៃ​ហើយ គ្មាន​ចំណូល​
19, Jul 2019 , 11:50 am        
រូបភាព
រូបពីហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យ ៖ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
រូបពីហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យ ៖ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
​ភ្នំពេញ​៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បានស្នើ​ឲ្យ​មានការ​ចូលរួម​ការពា​រ​ព្រៃឈើ​ដែល​នៅ​សេសសល់ តាមរយៈ​ការសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​បញ្ចៀស​ការយក​បញ្ហា​ព្រៃឈើ​មក​វាយប្រហារ​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ។​

 
​តាមរយៈ​សារ​សំឡេង​មកកាន់​អ្នកកាសែត​ក្នុង​បណ្ដាញ​សង្គម​នោះ លោក សៅ សុខា បាន​ពោល​ពាក្យស្នើសុំ​ការសហការ​ពី​អ្នកសារព័ត៌មាន​លើ​ការចុះផ្សាយ​អត្ថបទ ជាជាង​ការ​បន្ដុះបង្អាប់​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​បញ្ហា​ព្រៃឈើ​។ ក្នុងន័យនេះ​លោក សៅ សុខា ចង់បាន​សហការគ្នា​ជា​ធ្លុង​មួយ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រៃឈើ ដើម្បី​កុំ​ឲ្យ​បន្ត​បាត់បង់​ដែល​នាំ​ឲ្យ​ខ្មាស​ប្រទេសជិតខាង​។  



 
​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រូបនេះ បាន​និយាយ​តាម​បណ្ដាញ​សង្គម​ស្នើ​ទៅកាន់​អ្នកសារព័ត៌មាន ហើយ​ត្រូវបាន​ចែកចាយ​តៗ​គ្នា យ៉ាង​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ធ្វើការ​ជាមួយគ្នា ស្រុះដៃ​ស្រុះ​ជើង​គ្នា ដើម្បី​យើង​គាំទ្រ​ប្រតិបត្តិការ​នេះ​ធ្វើឱ្យបាន​ជោគជ័យ ដើម្បី​អាយុជីវិត​ជាតិ ធនធានធម្មជាតិ សម្រាប់​យើង​ថ្ងៃ​ហ្នឹង សម្រាប់​កូនចៅ​យើង​ថ្ងៃក្រោយ កុំឱ្យ​ខ្មាស​បរទេសជិតខាង​។ ខ្ញុំ​បានទទួល​ព័ត៌មាន​ប្រទេសជិតខាង​យើង សល់​ព្រៃ​៦០​ភាគរយ​នៃ​ផ្ទៃដី ផ្ទុយទៅវិញ​គេ​បាន​ចំណូល​ពី​ការនាំ​ឈើ​ចេញ​ដល់​រាប់ពាន់​លាន​ដុល្លារ​។ រីឯ​ប្រទេស​របស់​យើង​ព្រៃឈើ​បាត់បង់ លុយ​ចូល​ថវិកាជាតិ​អត់​មាន​។ នេះ​ជាការ​ខ្មាសអៀន​មួយ​ធំ​ណាស់​»​។​
 
​ក្រៅពី​លើកយក​បញ្ហា​ព្រៃឈើ​មក​បកស្រាយ​ហើយ លោក សៅ សុខា ក៏​ស្នើ​ឲ្យ​អ្នកកាសែត​ចុះផ្សាយ​ព័ត៌មាន​ច្បាស់លាស់​ពី​រឿង​ព្រៃឈើ ហើយ​បញ្ចៀស​ការចុះផ្សាយក្នុងចេតនា​វាយប្រហារ​មកលើ​រដ្ឋាភិបាល​ ដើម្បីបំពេញបំណងអ្វីមួយទៀត។​
 
​លោក អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​និយាយថា បទល្មើស​ព្រៃឈើ​ខុសច្បាប់​ធំៗ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​អស់ហើយ នៅឡើយ​តែ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​តូចៗ​ប៉ុណ្ណោះ​។ បើតាម​លោក អេង ហ៊ី បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទាំងនោះ បាន​ប្ដូរ​រូបភាព​ពី​ធំ​មក​តូច តាមរយៈ​កាប់​ឈើ​ដឹក​តាម​ម៉ូតូ និង​គោយន្ត​ជាដើម ដែលជា​មូលហេតុ​នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចេញ​វិធាន​ការដុត​កម្ទេចចោល​នៅនឹងកន្លែង​។​
 
​ក្រសួងកសិកម្ម​បានបង្ហាញ​របាយការណ៍​សម្រាប់​ត្រីមាស​ទី ១ ឆ្នាំ​២០១៩ ថា ក្រសួង​បាន​ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ​សរុប​ចំនួន ៩,៣០៤,៧៦៩,២៩០ រៀល (​ជាង ២​លាន​ដុល្លារ​) និង ៦៩,២៨១ ដុល្លារ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ​។ 
 
​ក្នុង​របាយការណ៍​ដ៏​ដែល​បាន​បន្តថា មាន​ក្រុមហ៊ុន​ចំនួន ៥ បាន​នាំចេញ​ផលិតផល​គ្រឿង​សង្ហា​រឹម និង​រាន​ទេវតា​ពី​ឈើ​នាំចូល និង​ឈើ​កែឆ្នៃ ទៅ​ក្រៅប្រទេស និង​បានផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ​ដល់ ៣​ក្រុមហ៊ុន និង​ផ្ដល់​អាជ្ញាប័ណ្ណ​នាំចូល​អនុផល​ព្រៃឈើ​ដល់ ២​ក្រុមហ៊ុន​។ ក្រសួង​ក៏បាន​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ ក្រុមហ៊ុន សិប្បកម្ម​អារ​-​កែច្នៃ​ឈើ ចំនួន ១៥ កន្លែង​ផងដែរ​។ ក្រសួងកសិកម្ម បាន​ឃាត់ និង​ដកហូត​ឈើ និង​សត្វព្រៃ​ខុសច្បាប់ ដូចជា​ឈើមូល -​ជ្រុង ចំនួន ៩៦ ម៉ែត្រគូប​, ឈើ​អារ​ចំនួន ៣៤២ ម៉ែត្រគូប​, គ្រាក់​ក្រញូង ចំនួន ២ ម៉ែត្រគូប និង​សត្វព្រៃ​ចម្រុះ​ចំនួន ១,៤៦៧ ក្បាល និង​ទម្ងន់ ៨០ គីឡូក្រាម​។ ចំណែក​សំណុំរឿង​កាប់​រាន​ព្រៃ​មាន ៦​ករណី លើ​ទំហំ​ដី​ចំនួន ២២៦ ហិកតា ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ 

អត្ថបទទាក់ទង
​រយៈ​ប្រមាណ​៥​ឆ្នាំ ពោល​គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការចូលរួម​យ៉ាងសកម្ម​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាប់​ឃាត់​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ដីព្រៃ ៨,៦០០​ករណី​។ ក្នុងនោះ​ពិន័យ​អន្តរកាល​ចំនួន ២,៨៨៤​ករណី បញ្ជូនទៅ​តុលាការ ៥,៧១៦​ករណី​។ ចាប់​ឃាត់​ឈើមូល​ជ្រុង ចម្រុះ​ប្រភេទ​ចំនួន ១០,៦៨៣​ម៉ែត្រគូប​, ឈើ​អាច​ម្រុះ​ប្រភេទ ២៤,៣១៤​ម៉ែត្រគូប​។ ឈើ​ក្រញូង​ក្រាក់ និង​ក្រញូង​សាច់​ចំនួន ៣៦២​ម៉ែត្រគូប និង​២០,៥៨៤​គីឡូក្រាម​។ នេះ​បើតាម​លោក សួន សុវណ្ណ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​នៃ​រដ្ឋបាល​ព្រៃឈើ ។​
 
​គួររម្លឹកថា ក្រសួង​ប្រមូលបាន​ចំណូល​សរុប​ប្រមាណ​ជាង ៤,៥​លាន​ដុល្លារ ពីរ​សួយ​សារ​ផល អនុផល​ព្រៃឈើ កាលពី​ឆ្នាំ​២០១៨៕

Tag:
 សៅ សុខា​
  ព្រៃឈើ​
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com