សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បំណុល​ចិន កើន​ដល់​៣០០%​នៃ​GDP ខណៈ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​ទាប​
19, Jul 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​បំណុល​សរុប​របស់​យ​ក្ស​សេដ្ឋកិច្ច​ចិន បាន​ប៉ោង​ឡើង​ខ្លាំង​បំផុត​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ថ្មី​របស់​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ (IIF)​។ ការ​ហក់​ឡើង​នៃ​បំណុល​នេះ កើតឡើង​ខណៈ​ក្រុង​ប៉េកាំង ចាត់វិធានការ​ចម្បងៗ​មួយចំនួន ដើម្បី​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​ធ្លាក់ចុះ និង​ទប់ស្កាត់​ហានិភ័យ​ហិរញ្ញវត្ថុ នៅ​ចំពោះមុខ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។​

 
​បំណុល​រដ្ឋាភិបាល ប្រជាជន និង​ក្រុមហ៊ុន ដោយ​គិត​សរុប​បញ្ចូល​គ្នា​របស់​ប្រទេស​ចិន  បាន​កើន​ឡើងដល់ ៣០៣ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពោល​គឺមាន​ចំនួន​ដល់​ទៅ ៤០ ទ្រី​លាន​ដុល្លារ ឬ​ស្មើនឹង ១៥​ភាគរយ​នៃ​បំណុល​សាកល​សរុប​។ តួលេខ​នេះ កើនឡើង​ពី​អត្រា​បំណុល​សរុប​ចំនួន ២៩៧​ភាគរយ ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ។ នេះ​បើតាម​របាយការណ៍​រប​ស់ IIF ចេញផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយបាន​កត់សម្គាល់​ពី​កំណើន​នៃ​កម្រិត​បំណុល​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។ 
 
​តាមរយៈ​ទិន្នន័យ​របស់​ធនាគារកណ្តាល​ចិន ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត​ហុងកុង South China Morning Post កម្ចី​ថ្មី​សរុប​របស់​រដ្ឋាភិបាល​ចិន​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩ បាន​កើន​ដល់ ១,៤​ពាន់​លាន​ដុ​ល្លារ ដែលជា​ចំនួន​ខ្ពស់បំផុត​សម្រាប់​ធនាគារ​ចិន​។ តួលេខ​នេះដែរ កើនឡើង​ពី ១,៣១​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨​។
 
​ការ​ប៉ោង​ឡើង​ខ្ពស់​នៃ​បំណុល​សរុប​ចិន​នេះ បានកើត​ឡើង​ចំ​ពេលដែល​កំណើនសេដ្ឋកិច្ច​របស់​ចិន​សម្រាប់​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ​ដល់​អត្រា​ទាប​ខ្លាំង​បំផុត ក្នុង​រយៈៈពេល ២៧​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​ចាប់ពី​ឆ្នាំ ១៩៩២​មក ។ ហើយ​ការ​ថមថយ​នៃ​សន្ទុះ​សេដ្ឋកិច្ច​នេះ បង្កឡើង​ដោយសារតែ​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​នេះ ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ក៏ដូចជា​កត្តា​មួយចំនួនទៀត ជាពិសេសកំណើន​នៃ​ប្រជាជន​ចាស់ជរា និង​ការ​ថយ​ថុះ​នៃ​ការប្រើប្រាស់​ក្នុងស្រុកជាដើម​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្យាយាម​ទប់ស្កាត់​កំណើន​នៃ​បំណុល​ក្រុមហ៊ុន ដោយ​រឹតត្បិត​លើ​ការ​ខ្ចីបុល​តាមរយៈ​នីតិវិធី​មិន​ផ្លូវការ ដែល​ស្គាល់​ថា «Shadow Banking»​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ចិន ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ក្នុងស្រុក​បន្ថែម​ទៀតផង​ដែរ ព្រមទាំង​ចេញ​បណ្ណលុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ចំណាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន នៅ​ថ្ងៃ​អង្គារ ទី​១៦ កក្កដា កូតា​សម្រាប់​ឥណទេយ្យ​បណ្ណ​គោលដៅ​ពិសេស​របស់​រដ្ឋាភិបាល​ចិន ដែល​ផ្តោត​សំខាន់​លើ​ការផ្គត់ផ្គង់​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ បាន​កើន​ឡើងដល់ ៣១២​ពាន់​លាន​ដុល្លារ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ តួលេខ​នេះ កើនឡើង​ចំនួន ៥៩​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ 
 
​ជាក់ស្តែង គណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ បានអនុម័ត​គម្រោង​វិនិយោគ ៩៤​គម្រោង អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៩ ដែល​គិត​ជា​ទឹកប្រាក់ ៦៩​ពាន់​លាន​ដុល្លារ​។ ទំហំ​នៃ​ការវិនិយោគ​នេះ កើនឡើង​ស្ទើរតែ​២​ដង បើ​ធៀប​ទៅនឹង​ឆ្នាំមុន ដោយ​កាលនោះ​គណៈកម្មការ​ចិន​នេះ បាន​អនុ​ម័​យ​គម្រោង​វិនិយោគ​ចំនួន ១០២​គម្រោង ដែល​ស្មើនឹង ៣៧,៨៦​ពាន់​លាន​ដុល្លារ​៕

Tag:
 ចិន​
  បំណុល​
  កំណើនសេដ្ឋកិច្ច​
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com