កីឡាអន្តរជាតិ
អន្តរជាតិ
បណ្តឹងតវ៉ារបស់ប៉ាឡេស្ទីនទៅ FIFA គ្មានប្រសិទ្ធភាព ដ្បិតបានញុះញង់ឲ្យស្អប់ Messi
× តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) ដែលប្តឹងប្រឆាំងការដាក់បម្រាមខ្លួនរយៈពេល១២ខែ ជុំវិញការ «ញុះញង់ឲ្យមានអំពើហឹង្សា និងស្អប់» ខ្សែបម្រើអាហ្សង់ទីន Lionel Messi។
PFA ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហាមឃាត់មិនឲ្យមានសកម្មភាពប្រកួតរយៈពេល១ឆ្នាំ និងពិន័យជាប្រាក់២ម៉ឺនហ្វ្រង់ស្វ៊ីស (ជាង២ម៉ឺនដុល្លារអាមេរិក)។ ការដាក់ពិន័យនេះ ធ្វើឡើងក្រោយពីសហព័ន្ធកីឡាបាល់ទាត់អ៊ីស្រាអែល (IFA) ប្តឹងទៅ FIFA ជុំវិញឥរិយាបទមិនសមរម្យក្នុងបាល់ទាត់ពីសំណាក់ប៉ាឡេស្ទីន។
រឿងរ៉ាវខាងលើនេះកើតឡើង នៅពេលក្រុមជម្រើសជាតិអាហ្សង់ទីនរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយជាមួយជម្រើសជាតិអ៊ីស្រាអែលកាលពីខែមិថុនា ឆ្នាំ២០១៨ ខណៈប្រធាន PFA លោក Jibril Rajoub លើកឡើងថាការប្រកួតនេះនៅចំពេលមានជម្លោះ និងភាពតានតឹងផ្នែកនយោបាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ម្យ៉ាងការប្រកួតនោះ ក៏ត្រូវរៀបចំនៅកីឡដ្ឋាន Teddy ក្នុងក្រុងហ្ស៊េរុយសាឡឹមរបស់អ៊ីស្រាអែល ដែលទីលាននេះត្រូវបានប៉ាឡេស្ទីនអះអាងថាពួកគេជាអ្នកសាងសង់ និងជាកម្មសិទ្ធិរបស់ខ្លួនមុនពេលបាត់បង់នៅឆ្នាំ១៩៤៨។
ដោយសារមិនពេញចិត្តនឹងការរៀបចំនេះ លោក Rajoub ដែលជាប្រធាន PFA និងជាអ្នកនយោបាយប៉ាឡេស្ទីនផង បានជំរុញអ្នកគាំទ្រឲ្យប្រត្តិកម្មទៅលើ Lionel Messi និងឲ្យពួកគេដុតអាវដែលមានឈ្មោះរបស់ខ្សែបម្រើឆ្នើមក្រុម Barcelona នេះ រហូតត្រូវលុបចោលការប្រកួតតែម្តង។
ឥរិយបទខុសនឹងច្បាប់កីឡាបែបនេះ ត្រូវ FIFA សម្រេចដាក់ពិន័យប៉ាឡេស្ទីន ពីការប្រកួតគ្រប់កម្រិតទាំងអស់រយៈពេល១២ខែ ពោលគឺរហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៩។ ក្រោយការដាក់ពិន័យ PFA បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកដើម្បីប្រឆាំងការហាមនេះវិញ ប៉ុន្តែត្រូវតុលាការអាជ្ញាកណ្តាលកីឡា (CAS) ច្រានចោល៕
លោក Jibril Rajoub ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA)
Tag:
បាល់ទាត់
CAS
FIFA
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com