តៃវ៉ាន់ ពិចារណា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​បាតុករ​ហុងកុង​ដែល​រត់គេច​ពី​ការចាប់ខ្លួន
អន្តរជាតិ
តៃវ៉ាន់ ពិចារណា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​បាតុករ​ហុងកុង​ដែល​រត់គេច​ពី​ការចាប់ខ្លួន
19, Jul 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបភាព AFP
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​១៨ ខែកក្កដា បានទទួល​ស្គាល់​វត្តមាន​របស់​ពលរដ្ឋ​ហុងកុង​នៅ​តៃវ៉ាន់​ដែល​រត់គេច​ពី​ការចាប់ខ្លួន​ជុំវិញ​ការធ្វើ​បាតុកម្ម​នៅ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ នេះ​ជា​លើកដំបូង​ដែល​ប្រធានាធិបតី​តៃវ៉ាន់ បញ្ជាក់​ពី​ព័ត៌មាន​នៃ​ការ​ភៀសខ្លួន​របស់​បាតុករ​ហុងកុង​មកកាន់​ដែន​កោះ​នេះ​។ លោកស្រី Tsai អះអាងថា តៃវ៉ាន់ នឹង​ពិចារណា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ពួកគេ​ក្រោម​ហេតុផល​មនុស្សធម៌​។​

 
​តៃវ៉ាន់ បាន​ក្លាយជា​គោលដៅ​សម្រាប់​ការ​ជ្រកកោន​របស់​បាតុករ​ហុងកុង​ដែល​រត់គេច​ពី​ការចាប់ខ្លួន​ដោយសារ​ការធ្វើ​បាតុកម្ម​នាពេល​ថ្មីៗ​នេះ​។ បើតាម​ការរាយការណ៍​ជាច្រើន បាតុករ​ហុងកុង​ដែល​ចូលរួម​ក្នុងការ​ចូលលុកលុយ​អគារ​សភា​ទីក្រុង​នេះ​នាពេល​កន្លងមក​នោះ បាន​ទៅដល់​ទឹកដី​តៃវ៉ាន់​ហើយ ឯ​ខ្លះទៀត​កំពុង​រៀបចំ​ផែនការ​គេចខ្លួន​ផងដែរ​។ ក្រុម​ដែល​រត់គេច​នេះ ប្រឈម​មុខការ​ជាប់ទោស​៥​ឆ្នាំ បើ​រកឃើញ​កំហុស​។​
 
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen និយាយថា ពិត​ជាមាន​បាតុករ​ហុងកុង​រត់​ភៀសខ្លួន​ទៅ​តៃវ៉ាន់​មែន​។ ពី​ទឹកដី Saint Lucia លោកស្រី Tsai ជឿថា ស្ថាប័ន​នានា​របស់​តៃវ៉ាន់​បានដឹង​ពី​ស្ថានការណ៍​នេះ ហើយ​មិត្តភក្តិ​មកពី​ហុងកុង នឹង​ទទួល​បានការ​រាប់រក​ក្រោម​មូលហេតុ​មនុស្សធម៌​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​១៩ ខែកក្កដា ដែល​ស្រង់​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​តៃវ៉ាន់​។  
 
​សូម​រំឭកថា បាតុកម្ម​នៅ​ហុងកុង​ពាក់ព័ន្ធ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ធ្វើ​ឲ្យ​រំជើបរំជួល​ទីក្រុង​នេះ​យ៉ាងខ្លាំង​។ តៃវ៉ាន់​វិញ ក៏បាន​ប្រកាស​គាំទ្រ​ការធ្វើ​បាតុកម្ម​ផ្ទួនៗ​នេះ ដែលជា​ការអនុវត្ត​សេរីភាព​បញ្ចេញមតិ​។ ប៉ុន្តែ​ពេលខ្លះ បាតុកម្មអហិង្សា ក៏​ក្លាយជា​ហិង្សា និង​ការចូល​អុកឡុក​អគារ​សភា​ហុងកុង​ដោយ​បំពាន​ជាដើម​។ សកម្មភាព​បំពាន​បែបនេះ មិន​ត្រូវបាន​អាជ្ញាធរ​ហុងកុង​លើកលែង​ឡើយ ដែល​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ភៀសខ្លួន​តែម្ដង​។ 
 
​ទោះជា​យ៉ាងណា តៃវ៉ាន់​អះអាងថា ខ្លួន​នឹង​អនុវត្តតាម​នីតិវិធី បើ​មាន​សំណើសុំ​ជ្រកកោន​។ ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​ដែលជា​ស្ថាប័ន​ទទួល​កិច្ចការ​ជាមួយ​ចិន ប្រកាសថា តៃវ៉ាន់ នឹង​គោរព​តាម​គោលការណ៍​ការពារ​សិទ្ធិមនុស្ស និង​បញត្តិ​ទាំងឡាយ​ដែល​ចែង​ពី​ទំនាក់ទំនង​ជាមួយ​ហុងកុង និង​ម៉ា​កាវ​។ លើសពីនោះ តៃវ៉ាន់ ក៏​នឹង​ផ្ដល់ជំនួយ​ចាំបាច់​ដល់​ពលរដ្ឋ​ហុងកុង​ដែល​សុវត្ថិភាព និង​សេរីភាព​របស់​ពួកគេ ត្រូវបាន​គំរាមកំហែង​ដោយសារ​កត្តានយោបាយ​។​
 
​តៃវ៉ាន់ មានច្បាប់​ស្ដីពី​ការគ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​ហុងកុង និង​ម៉ា​កាវ ដែល​បានចែង​ពី​ការ​ផ្ដល់ជំនួយ​ចាំបាច់​ណាមួយ​សម្រាប់​ប្រជាជន​ហុងកុង ឬ​ម៉ា​កាវ ដែល​ជួប​គ្រោះភ័យ​ផ្នែក​នយោបាយ​។ ពលរដ្ឋ​ហុងកុង​ដែល​ភៀសខ្លួន អាច​ពឹង​លើ​ច្បាប់​នេះ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​។ យ៉ាងណាមិញ រឿង​ដែល​លំបាក​នោះ គឺ​ពួកគេ​មិនអាច​បញ្ជាក់ថា ពិតជា​ស្ថិត​ក្នុងចំណោម​បាតុករ​អុកឡុក​អគារ​សភា ព្រោះ​កាលនោះ បាតុករ​ភាគច្រើនបំផុត​ពាក់​ម៉ាស​បិទមុខ​៕  

Tag:
 តៃវ៉ាន់​
  ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម