កីឡាអន្តរជាតិ
អន្តរជាតិ
AFF នឹងធ្វើ​ការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ដើម្បី​សម្រេច​សុបិន​រៀបចំ World Cup
19, Jul 2019 , 4:36 pm        
រូបភាព
​គណៈកម្មាធិការ​រៀបចំ​ការប្រកួត World Cup នៃ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF World Cup Committee) ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣ កំពុង​បន្ត​ការពិភាក្សា​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​ដៃគូ​សំខាន់ៗ​ផ្សេងទៀត​ដើម្បី​សម្រេច​ក្តី​សុបិន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០៣៤​។​


 
​លោក ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ដែលមាន​សហព័ន្ធ​ចំនួន​១២​ជា​សមាជិក (​អាស៊ាន​១០ រួមជាមួយ​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​) បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​ដេញថ្លៃ​រួម​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន​នេះ​។ ប្រធាន AFF រូបនេះ​អះអាង ថា​សមាជិក​ទាំងអស់​សុ​ទ្ធ​តែ​បាន​គាំទ្រ បន្ទាប់ពី​កិច្ចប្រជុំ​ប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFFCM) នៅ​ប្រទេស​ឡាវ ដែល​សិក្សា​ពី​ផ្នែក​មួយ​នៃ​របៀបវារៈ​ក្នុង​គោលបំណង​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup​។​


លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី-អាគ្នេយ៍ (AFF)
 
​លោក ខៀវ សា​ម៉េ​ត ដែលជា​ជនជាតិខ្មែរ​ដំបូង​គេ​ដែល​កាន់តំណែង​ជា​ប្រធាន AFF បាន​បញ្ជាក់ថា​៖ «AFF ស្វាគមន៍​ចំពោះ​ការប្រកាស​របស់​មេដឹកនាំ​នយោបាយ​នៅក្នុង​តំបន់​របស់​យើង​ក្នុងការ​ផ្តួចផ្តើម​ដេញថ្លៃ​រៀបចំ World Cup 2034»​។ លោក​បន្ថែមថា អាស៊ាន​មាន​ទំហំ​សេដ្ឋកិច្ច​លំដាប់​ទី​៣​នៅ​អាស៊ី និង​ទី​៧​លើ​ពិភពលោក ដូច្នេះ​តំបន់​នេះ មាន​សក្តានុពល​គ្រប់គ្រាន់​ដើម្បី​រៀបចំ World Cup ហើយ​សំខាន់​ជាងនេះទៀត វា​នឹង​ពង្រឹង​ចំណង​ទំនាក់ទំនង​របស់​ប្រជាជន​អាស៊ាន​ទាំង ៦៤០ លាន​នាក់​។​
 
AFF បាន​បង្កើត AFF World Cup Committee កាលពី ៦​ឆ្នាំមុន ខណៈដែល​គំនិត​នេះ​ត្រូវ​សមាជិក​យកទៅ​ជជែក​ជាច្រើនលើក​មកហើយ​។ រហូតដល់​សព្វថ្ងៃ ពួកគេ​នៅតែ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន (AS) ដែល FIFA បានផ្តល់​ការអនុញ្ញាត​ឲ្យ​មានការ​ដេញថ្លៃ​រៀបចំ​ការប្រកួត​របស់ FIFA ជួសមុខ​ឲ្យ​ប្រទេស​ជា​សមាជិក​។​
 
​លោក ខៀវ សា​ម៉េ​ត អះអាង​យ៉ាង​មុតមាំ​ថា AFF នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ AS ក្នុងនាម​ជា​តំណាង​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាស៊ាន​ទាំងអស់​ក្នុងការ​រួមគ្នា​ឆ្ពោះទៅរក​ការដេញថ្លៃ​ផ្លូវការ​។​
 
​ជាមួយគ្នានេះ AFF ក៏បាន​ស្វាគមន៍​ចំពោះ​ការអំពាវនាវ​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​ប្រកាសថា​ប្រទេស​អាស៊ាន​ទាំង​១០ នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ​២០៣៤ ដែលមាន​រយៈពេល​១៥​ឆ្នាំ​ទៅមុខទៀត គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​។​
 
​សូមបញ្ជាក់ថា World Cup ឆ្នាំ​២០២២ កាតា​នឹង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ មុនពេល​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ត្រូវ​រៀបចំ​រួមគ្នា​នៅ​ឆ្នាំ​២០២៦​។ យក្ស​ចិន ដែល​ស្រេកឃ្លាន​ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក​ដែរនោះ សង្ឃឹមថានឹង​ឈ្នះ​ការដេញថ្លៃ​ពី​សំណាក់ FIFA សម្រាប់​ការប្រកួត​ឆ្នាំ​២០៣០៕
 

Tag:
 World Cup
  អាស៊ាន​
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com