ពីនេះ ពីនោះ
«​ចាប់​ច្រវា​សម្លឹង​ត្រើយ​»៖​គ្រប់​ទង្វើ​​របស់​មនុស្ស​សុទ្ធ​តែមាន​គោលដៅ​!
20, Jul 2019 , 7:29 am        
រូបភាព
​ភ្នំពេញ​៖ យោងតាម​សភាព​ធម្មជាតិ និង​តាម​បទពិសោធន៍​នៃ​ជីវិត​មនុស្ស គេ​សង្កេតឃើញថា ទង្វើ​ចេតនា​របស់​មនុស្ស​សុទ្ធ​តែមាន​បំណង ទោះបី​បំណង​នោះ​ល្អ​ឬ​អាក្រក់​ក៏ដោយ​។ ហេតុនេះហើយ​បានជា​បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា​«​ចាប់​ច្រវា​សម្លឹង​ត្រើយ​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?



​មុននឹង​បកស្រាយ​សុភាសិត​ខាងលើនេះ យើង​គួរ​យល់​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ ពាក្យ​គន្លឹះ​ទីមួយ​«​ច្រវា​» គឺជា​ឧបករណ៍ ឬ​ជា​ប្រដាប់​សម្រាប់​អុំ ឬ​ចែវ​ទូក​។ ពាក្យ​ទី​ពីរ «​ត្រើយ​» គឺជា​ប៉ែ​កដី ឬ​ចំណែក​ដី​មាត់​សមុទ្ទ ទន្លេ ស្ទឹង ព្រែក ម្ខាងៗ ឧទាហរណ៍ ត្រើយអាយ ត្រើយនាយ​។ ទី​បី​«​សម្លឹង​» សំដៅយក​ការមើល​ស្លឹង ការមើល​ដោយ​ធ្វើ​ភ្នែក​ស្លឹង​ឆ្ពោះ​ត្រង់​មិន​ងាក ឬ​ការ​ប្រមើល​អំពី​អ្វីមួយ ដូចជា ការ​សម្លឹងមើល​ទិស មើល​ត្រើយ ឬ​មើល​ប្រយោជន៍ រំពឹងគិត​ចំពោះ​ប្រយោជន៍ ឬ​គោលដៅ​ណាមួយ ជាដើម​។​
 
​ក្នុងន័យ​ត្រង់​«​ចាប់​ច្រវា​សម្លឹង​ត្រើយ​» មានន័យថា ជាទូទៅ មុននឹង​ចាប់​ច្រវា​អុំទូក គេ​តែងតែ​សម្លឹងមើល​ត្រើយ មើល​ទិសដៅ ឬ​គោលដៅ​ដែល​គេច​ង់​ឆ្ពោះទៅ​។ បើ​មិន​ដូច្នោះ​ទេ អ្នកអុំទូក ឬ​ចែវ​ទូក​នោះ នឹងមិន​ដឹងថា​គាត់​ត្រូវ​ទៅតាម​ផ្លូវ​ណា ទិស​ណា និង​ទីណា​នោះទេ​។ ក្នុងន័យ​ត្រង់​ដែរ គេ​ក៏​អាច​យក​សុភាសិត​នេះ ទៅប្រើ​សម្រាប់​និយាយ​ពាក់ព័ន្ធ​នឹង​អ្នកបើកបរ​យាន​ដទៃទៀត​ដែរ ក្នុងន័យ​ថា មុននឹង​កាន់ចង្កូត​កង់ ម៉ូតូ រថយន្ត កប៉ាល់ នាវា យន្តហោះ ជាដើម ក៏ត្រូវ​សម្លឹងមើល​ត្រើយ មើល​ទិសដៅ ស្ថានភាព​ផ្លូវ ឬ​គោលដៅ​ដែល​គេច​ង់​ឆ្ពោះទៅ​ដែរ​។ បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​នឹងមិន​ដឹងថា ត្រូវ​ទៅតាម​ទិស​ណា តាមផ្លូវ​ណា និង​គោលដៅ​ណា​ឡើយ​។​
 
​ប្រសិនបើ​ពួកគេ​មិនដឹង​អំពី​គោលដៅ ចម្ងាយ​ផ្លូវ ស្ថានភាព​ផ្លូវ និង​ហា​និ​យ​ភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ក្នុងពេល​ធ្វើដំណើ​នោះទេ ពួកគេ​ក៏​មិនអាច​ដឹងថា​ត្រូវ​ត្រៀម​អ្វីខ្លះ ចំនួន​ប៉ុន្មាន សម្រាប់​ការធ្វើដំណើរ​ឆ្ពោះទៅ​គោលដៅ​នោះ និង​សម្រាប់​ដោះស្រាយ​បញ្ហា​ឬ​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​នៅពេល​ធ្វើដំណើរ​នោះដែរ​។​
​ម្យ៉ាងទៀត​សុភាសិត​នេះ​ក៏​ចង់​ប្រាប់ថា អ្នក​ដែល​បាន​ចាប់​ច្រវា ឬ​កាន់ចង្កូត អ្នកនោះ​ប្រាកដជា​ចង់​ឆ្ពោះទៅរក​គោលដៅ​ណាមួយ មិនមែន​ពួកគេ​គ្មាន​គោលបំណង ឬ​គោលដៅ​ហើយ​បែរជា​ឡើង​ចាប់​ច្រវា ឬ​ចង្កូត​ដោយ​ចៃដន្យ​នោះទេ​។​
 
​ក្នុង​ន័យធៀប «​ការចាប់​ច្រវា​» អាច​មានន័យថា ការចាប់​ផ្ដើមធ្វើ​អ្វីមួយ ការចាប់ផ្ដើម​សកម្មភាព​អ្វីមួយ​។ «​ការ​សម្លឹង​ត្រើយ​» អាច​មានន័យថា ជាការ​កំណត់​ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬ​សេចក្ដីប្រាថ្នា​ជាក់លាក់​ណាមួយ​។ ហេតុនេះ សុភាសិត​«​ចាប់​ច្រវា​សម្លឹង​ត្រើយ​» ក្នុង​ន័យធៀប អាច​មានន័យថា រាល់​ទង្វើ ឬ​សកម្មភាព​ដោយ​ចេតនា​របស់​មនុស្ស​ម្នាក់ ក្រុម​ណាមួយ ប្រទេស​ណាមួយ​...​សុទ្ធសឹង​តែមាន​ទិសដៅ គោលបំណង គោលដៅ ឬ​សេចក្ដីប្រាថ្នា​ណាមួយ​។ ម្យ៉ាងទៀត សុភាសិត​នេះ ក៏​ចង់​និយាយថា មុននឹង​ធ្វើ​ទង្វើ ឬ​សកម្មភាព​ណាមួយ មនុស្ស​ម្នាក់ៗ ក្រុម​នីមួយៗ ឬ​ប្រទេស​នីមួយៗ ត្រូវតែកំណត់​ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬ​សេចក្ដីប្រាថ្នា​ឱ្យ​ច្បាស់លាស់​។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​មិនអាច​ទទួលបាន​ជោគជ័យ​ធំធេង​ឡើយ​។​
 
​ជារួម សុភាសិត​នេះ ចង់​ដាស់សតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស យុវជន​ឱ្យ​ចងចាំ​ថា យើង​មិនត្រូវ​ងាយ​ជឿ​តាម​ការអូសទាញ ការឃោសនា ឬ​ការបញ្ចុះ​បញ្ចូល​របស់​ម​នុស្ស​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មិនបាន​សិក្សា​ស្វែងយល់​ហ្មត់ចត់​អំពី​គោលបំណង​ឬ​គោលដៅ​របស់​ពួកគេ​នោះទេ ពីព្រោះថា គ្រប់​ទង្វើ គ្រប់​សកម្មភាព ឬ​គ្រប់​ព្រឹត្តិការណ៍ ដែល​បង្កើតឡើង​ដោយ​ចេតនា​របស់​មនុស្ស សុទ្ធ​តែមាន​គោលបំណង ឬ​គោលដៅ​ណាមួយ​នៅ​ពីក្រោយ​ជានិច្ច​។ គោលបំណង​ឬ​គោលដៅ​ទាំងនោះ អាច​ល្អ ឬ​អាក្រក់ លើកលែងតែ​អំពើ​អ​ចេតនា អំពើ​សភាវគតិ និង​បាតុភូតធម្មជាតិ​ប៉ុណ្ណោះ​ដែល​គ្មាន​គោលបំណង​។ ហេតុនេះ ពួកគេ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​មុននឹង​ជឿ​តាម​ឬ​ទទួលយក​អ្វីមួយ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​ក្លាយទៅជា​ជនរងគ្រោះ​ដោយ​ការបោកប្រាស់ ឬ​ការកេងប្រវ័ញ្ច​ពី​ជនខិលខូច​មិនខានឡើយ​។​
 
​លើសពីនេះ​ទៀត សុភាសិត​នេះ ក៏​ចង់​អប់រំ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស យុវជន ត្រូវតែ​ចាំ​ថា មុននឹង​ចាប់​ផ្ដើមធ្វើ​អ្វីមួយ​ត្រូវតែកំណត់​ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬ​សេចក្ដីប្រាថ្នា​ឱ្យ​ច្បាស់លាស់​។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងមិន​គ្រាន់តែ​មិនអាច​ទទួលបាន​ជោគជ័យ​ធំធេង​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​អាច​ប្រឈមមុខ​នឹង​ហានិភ័យ ឬ​បរាជ័យ​ដែល​ពិបាក​នឹង​ជួយ​ស្រោចស្រង់​បាន​ថែម​ទៀតផង​៕
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​
 
  

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com