​លោក អា​បេ ប្រើ Instagram ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​
អន្តរជាតិ
​លោក អា​បេ ប្រើ Instagram ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​
20, Jul 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​ខណៈ​ជប៉ុន​កំពុង​ត្រៀម​រៀបចំ​ការបោះឆ្នោត​សភា​ជាន់ខ្ពស់ លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានចាប់ផ្តើម​សកម្ម​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​។ ខុសពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​និយម Twitter លោក អា​បេ យល់ថា Instagram ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​។​

 
​លោក អា​បេ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក ធ្វើ​យុទ្ធនា​ការឃោសនា​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង ដែលជា​ទូទៅ​មិនសូវ​ចាប់អារម្មណ៍​រឿង​នយោបាយ ដោយ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២១ ខែកក្កដា នេះ​។​


 
​ការប្រើប្រាស់​បណ្តាញ​សង្គម​មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់​លោក អា​បេ ដោយ​លោក​មាន​សកម្មភាព​យ៉ាងខ្លាំង​នៅលើ​ហ្វេ​ស​ប៊ុ​ក និង Twitter ចាប់តាំងពី​ពេលដែល​លោក​កាន់អំណាច​ឡើងវិញ​ពី​ឆ្នាំ​២០១២​មក​។ ប៉ុន្តែ​នេះ​ជា​លើកដំបូង ដែល​លោក​អា​បេ យក Instagram សម្រាប់​ការឃោសនា​ទាក់ទាញ​យុវជន​។​
 
​កាសែត Bloomberg បានក​ត​សម្គាល់ថា លោក អា​បេ មាន​គោលបំណង​ឲ្យ​សារ​របស់លោក​ជ្រាប​ដល់​យុវជន​ដែលមាន​សិទ្ធិ​បោះឆ្នោត​រាប់លាន​នាក់​។ ពួកគេ​មាន​ចំនួន​ជាង​៥០​ភាគរយ​ក្នុងចំណោម​ពលរដ្ឋ​ជប៉ុន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ។​
 
​គណបក្សប្រឆាំង​មួយចំនួន​បន្ត​ប្រើប្រាស់ Twitter ជាមួយនឹង​ការដាក់ Hashtag ក៏ដូចជា​ពាក្យស្លោក​ដ៏​ទាក់ទាញ រីឯ​បេក្ខជន​ខ្លះ បង្កើត Channel នៅលើ​បណ្តាញ Youtube ដើម្បី​បង្ហោះ​វីដេអូ និង​សកម្មភាព​របស់ខ្លួន​។​
 
​បើតាម​កាសែត Asahi លោក អា​បេ ទទួលបាន​ការគាំទ្រ​ជាច្រើន ពី​យុវជន​ដែលមាន​អាយុ​ចាប់ពី​២៩​ឆ្នាំ​ចុះក្រោម ពោលគឺ​មាន​ដល់​ទៅ​៥២​ភាគរយ ដោយ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩៕

Tag:
 Instagram
  បណ្តាញ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com