ជាតិ
សេដ្ឋកិច្ច
​ជួល​ផ្ទះ​១៥០០​ដុល្លារ​ក្នុង​១​ខែ តែ​ម្ចាស់​ហាង​យីហោ «​ខ្ចៅ​ស្ទាវ​» អាច​ចំណេញ​បាន​!
20, Jul 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ខ្ចៅ​-​ខ្យង​ស្ងោរ​ជា​មុខរបរ​តូចតាច​មួយ ប៉ុន្តែ​លោក អៀង សុខឿន ហ៊ាន​ចំណាយ​ប្រាក់​រហូតដល់​១៥០០​ដុល្លារ​ក្នុង​មួយខែ ជួល​ផ្ទះ​គេ​សម្រាប់​ខ្ចៅ​ស្ងោរ អស់​រយៈពេល​ជិត​៤​ឆ្នាំ មកហើយ​។ ក្រៅពី​លក់​ខ្ចៅ​-​ខ្យង​ស្ងោរ លោក សុខឿន ក៏មាន​លក់​ក្តាម​ស្ងោរ ប្រហិត និង​ពងមាន់​អាំង​ជាដើម ដោយ​លោក​បាន​អះអាងថា ក្នុង​មួយខែ​លោក​លក់បាន​មិន​ក្រោម​៥០០០​ដុល្លារ​ទើបអាចទប់ចំណាយ និងរកចំណេញបាន​។​

 
​ផ្ទះ​ដែល​លោក សុខឿន ជួល​សម្រាប់​លក់​ខ្ចៅ​ស្ងោរ ដែលមាន​យីហោ​ង​«​ខ្ចៅ​ស្ទាវ​» មាន​ទីតាំង​លើផ្លូវ​១៣៥​នៅ​ជិត​ផ្សារ​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​មួយថ្ងៃ លោក សុខឿន លក់​ខ្ចៅ​ស្ងោរ​អស់​៤​ធុង ដែលមាន​ទម្ងន់​ពី​១២០-១៥០​គីឡូ​ក្រោម និង​ខ្យង​ស្ងោរ​អស់​១២០​គីឡូ​ក្រោម​។ ចំនួន​ខ្ចៅ​-​ខ្យង​ស្ងោរ​នេះ​សព្វថ្ងៃ គឺ​លក់​មិន​គ្រប់គ្រាន់​នឹង​អតិថិជន​មក​ទិញ​ឡើយ​។ បើ​ការអះអាង​របស់​អ្នកលក់​រូបនេះ​។ 
សូមស្ដាប់បទសម្ភាស៖


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey ខ្ចៅ​សោ្ង​រ​ដែល​លោក អៀង សុខឿន ទទួល​ទិញ​បោះ​ដុំ​ពី​អ្នករក​ខ្ចៅ​ផ្ទាល់​មានតម្លៃ​ពី​៨-១២​ម៉ឺន​រៀល​ក្នុង​មួយ​ធុង ដែលមាន​ទម្ងន់​ចន្លោះ​៣៥​ទៅ​៤០​គីឡូ ដោយមាន​ការដឹកជញ្ជូន​ដល់​កន្លែង​ផងដែរ​។ ខ្ចៅ​ស្ងោរ​នេះ​ក្នុង​មួយ​ធុង លោក សុខឿន អាច​លក់រាយ​ទៅឱ្យ​អតិថិជន​បានជា​មធ្យម​៦០​ចាន ដោយ​ក្នុង​មួយ​ចាន​លក់បាន​តម្លៃ​៤០០០​រៀល​។ រីឯ​ខ្យង​ស្ងោរ​វិញ មានតម្លៃ​៨០០០​រៀល ក្នុង​មួយ​ចាន​ដូចគ្នា​។ ក្រៅពី​ចំណូល​នៃ​ការលក់​ខ្ចៅ និង​ខ្យង​នេះ អ្នកលក់​វ័យ​៥៣​ឆ្នាំ​រូបនេះ ក៏​ទទួលបាន​ចំណូល​ពី​ការលក់​ក្តាម ប្រហិត ពងមាន់​អាំង និង​ភេសជ្ជៈ​មួយចំនួន​ផងដែរ​។​
 
​លោក អៀង សុខឿន បាន​និយាយ​ដូច្នេះ​៖ ការលក់ដូរ​នេះ បើ​យើង​ទូទាត់​ថ្លៃ​ចំណាយ​ហើយ​អស់ រួមទាំង​ប្រាក់ខែ​បុគ្គលិក និង​ថ្លៃ​ជួល​ផ្ទះ  គឺអាច​នៅសល់​ប្រាក់​(​ចំណេញ​)​បាន​ជាង​១០០​ដុល្លារ ក្នុង​មួយថ្ងៃ​»​។ លោក បានបញ្ជាក់​ផងដែរ ថា បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ហាង​«​ខ្ចៅ​ស្ទាវ​»​នេះ មាន​ចំនួន​១៥​នាក់ ដោយ មួយ​នាក់ ជា​មធ្យម​ទទួល​ប្រាក់​ឈ្មួ​ល​បាន​១៥០​ដុល្លារ​ក្នុង​មួយខែ​៕ 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  ខ្ចៅ​ស្ងោរ​
  ទួល​ទំពូង​
  វីដេអូ​
© រក្សាសិទ្ធិដោយ thmeythmey.com