កីឡាអន្តរជាតិ
អន្តរជាតិ
អាល់ហ្សេរីលើកពានទ្វីបអាហ្វ្រិកលើកទី២ ក្រោយរង់ចាំ២៩ឆ្នាំ ប្រធានក្រុម Riyad Mahrez ដែលបច្ចុប្បន្នលេងឲ្យ Man City លើកពាន Africa Cup ជាមួយមិត្តរួមក្រុមជម្រើសជាតិ។ រូបថត AFP
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល់ហ្សេរី បានក្លាយជាម្ចាស់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ជាលើកទីពីរ ក្រោយទទួលជ័យជម្នះ ១-០ លើសេណេហ្គាល់ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Cairo International Stadium ប្រទេសអេហ្សីប។ ខ្សែប្រយុទ្ធ Baghdad Bounedjah ជាអ្នកស៊ុតបាល់បញ្ចូលទីតាំងពី២នាទីដំបូងមកម្ល៉េះ។
ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាហ្វ្រិកនាឆ្នាំនេះ អាល់ហ្សេរី ដែលដឹកនាំដោយលោក Djamel Belmadi បញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល C ដោយយកឈ្នះលើគូប្រជែងទាំងបី សេណេហ្គាល់ កេនយ៉ា និងតង់ហ្សានី។ នៅវគ្គ១៦ក្រុមចុងក្រោយ ពួកគេយកឈ្នះហ្គីណេ ៣-០ បន្តយកឈ្នះកូតឌីវ័រ ដោយការទាត់ប៉េណាល់ទី ក្រោយលទ្ធផលស្មើ ១-១ មុនពេលទម្លាក់នីហ្សេរីយ៉ា ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការយកឈ្នះជើងឯក ជាមួយនឹងលទ្ធផល ១-០ លើសេណេហ្គាល់ ជាការដណ្តើមបានជាលើកទីពីររបស់អាល់ហ្សេរី ដោយពួកគេធ្លាប់ឈ្នះលើកដំបូងកាលពីឆ្នាំ១៩៩០ នៅទឹកដីរបស់ខ្លួន ក្រោយបំបាក់នីហ្សេរីយ៉ា ១-០។ គ្រាប់បាល់បញ្ចូលទីរបស់ Badhdad Bounedjah ដែលលេងឲ្យក្លិប Al Sadd នៃក្របខណ្ឌ Qatar Stars League ក៏ជាការបញ្ចប់ក្តីសុបិនលើកពានលើកដំបូងរបស់សេណេហ្គាល់ផងដែរ។
ក្នុងនាមជាម្ចាស់ជើងឯក អាល់ហ្សេរី បានប្រាក់រង្វាន់៤.៥លានដុល្លារអាមេរិក សេណេហ្គាល់ បាន២.៥លានដុល្លារអាមេរិក។ នីហ្សេរីយ៉ា បានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះទុយនីស៊ី ១-០។ ក្រុមទាំងពីរបានប្រាក់រង្វាន់ ២លានដុល្លារអាមេរិក រៀងៗខ្លួន ខណៈបេណាំង អាហ្វ្រិកខាងត្បូង កូតឌីវ័រ និងម៉ាដាហ្គាស្កា ដែលឡើងដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ក៏ទទួលបានប្រាក់រង្វាន់១លានដុល្លារអាមេរិករៀងៗខ្លួនផងដែរ។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Odion Ighalo បានស៊ុតបាល់បញ្ចូលទី៥គ្រាប់ ទទួលបានតំណែងជា Top Scorer ខណៈកីឡាករអាល់ហ្សេរី Ismael Bennacer ជាប់ជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ខណៈ Rais Mbolhi ជាអ្នកចាំទីឆ្នើម៕
© រក្សាសិទ្ធិដោយ thmeythmey.com