កីឡាជាតិ
ជាតិ
បឹងកេត​រំពឹង​យកឈ្នះ​ថា​យ​ហ្គឺ​រ​ឡើងឈរ​លេខ​៤ ឯ​យុវជន​បាទី​និង​សូល​ទី​ឡូ​ត្រូវ​សង​សឹង​រៀងៗ​ខ្លួន​
20, Jul 2019 , 11:18 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​១៦ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២០ កក្កដា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ បឹងកេត ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ជា​លើក​ទី​២​ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ ស្របពេល​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​សូល​ទី​ឡូ​អង្គរ ត្រូវ​ជម្រះបញ្ជី​ចាស់​រៀងៗ​ខ្លួន​។​

 
​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​៣០​ពិន្ទុ​បឹងកេត រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤បណ្តោះអាសន្ន ពេល​ពួកគេ​ជួបគ្នា​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​។ ចំណែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៣៣​ពិន្ទុ ក៏​ទាមទារ​ឈ្នះ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ផងដែរ​។ 
 
​សម្រាប់​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ ដូច្នេះ​ការ​ប៉ះគ្នា​នៅ​ជើង​ទី​២ វា​នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិត​ស្វាយ និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ទស្សនិកជន​។ បើ​មើល​លើ​ការប្រកួត​៣​លើកចុងក្រោយ​របស់​ពួកគេ គឺ​អង្គ​រថា​យ​ហ្គឺ​រ​ទទួលបាន​ជ័យជម្នះ​ទាំងបី​លើក ខណៈ​បឹងកេត​ឈ្នះ​២ និង​ស្មើ​១​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី បើកទ្វារ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​ស្វាគមន៍​អគ្គិសនី​កម្ពុជា ដើម្បី​ជម្រះបញ្ជី​ចាស់ ដែល​ពួកគេ​បាន​ចាញ់ ២-០ នៅ​ជើង​ទី​១​។ បច្ចុប្បន្ន យុវជន​បាទី​ស្ថិតនៅ​លេខ​រៀង​ទី​១៣​មាន​៣​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​១៣​ពិន្ទុ​។ បើ​ស្ថិតិ​ប្រកួត​១៥​លើក​កន្លងមក យុវជន​បាទី​ស្គាល់​ជ័យជម្នះ​តែ​១​លើក​ប៉ុណ្ណោះ ក្រៅពីនេះ​សុទ្ធតែ​បរាជ័យ រីឯ​អគ្គិសនី​ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១០​។ 
 
​នៅ​ម៉ោង​ដំណាលគ្នា​នេះ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​២១​ពិន្ទុ​សូល​ទី​ឡូ​អង្គរ ត្រូវ​ប្រកួត​សងសឹក​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដែល​ពួកគេ​បាន​ចាញ់ ២-១ នៅ​ជើង​ទី​១ នា​កីឡដ្ឋាន​ខេត្តសៀមរាប​។ អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​១៧​ពិន្ទុ​៕ 
 
 
 
 
 

Tag:
 Cambodian League 2019
  បឹងកេត​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com