ជាតិ
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចូលអន្តរជាតិ នៅខេត្តជឺជាំង រូប ភាព ពី ក្រសួង ពាណិជ្ជកម្ម
×
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ផលិតផលនាំចូលអន្តរជាតិលើកទី២ នៅថ្ងៃទី២៦-២៩ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Wenzhou International Convention and Exhibition Center ទីក្រុង Wenzhou ខេត្តជឺជាំង ប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលបានបញ្ជាក់បន្តថាពិព័រណ៍នេះ រៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរឹតចំណងមិត្តភាព រវាងចិន និងកម្ពុជា។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា ពិព័រណ៍២នេះ ក៏ជាវេទិកាបង្ហាញពីផលិតផលចម្រុះ នាំចូលគុណភាពខ្ពស់ ផលិតឡើងស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារ ដែលមានម៉ាកល្បីៗ ដោយមានការទទួលស្គាល់ជាអន្តរជាតិជាដើម។
ពិព័រណ៍នេះ នឹងក្លាយជាកន្លែងសម្រាប់ជំនួបពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ការចែករំលែកបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យាទំនើប។ នេះបើតាមប្រកាសព័ត៌មានដដែល ដែលបានបន្តថា ពាណិជ្ជករ ផលិតករ ដែលមានចំណាប់អារម្មណ៍ចូលរួមផ្សព្វផ្សាយផលិតផលរបស់ខ្លួន អាចទំនាក់ទំនង និងបំពេញបែបបទ នៅនាយកដ្ឋានកិច្ចការពិព័រណ៍ក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចួលរួម និងឯកសារពាក់ព័ន្ធផ្សេងទៀត ចាប់ពីនេះ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩៕
ដោយ៖ ឃុន សម្ផស្ស
Tag:
ក្រសួងពាណិជ្ជកម្ម
ចិន
ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com