ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា​អាមេរិក កំពុង​ពិនិត្យ​សេចក្តីស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
20, Jul 2019 , 1:37 pm        
រូបភាព
អគារសភាអាមេរិក
អគារសភាអាមេរិក
​ព្រឹទ្ធសភា​អាមេរិក បាន​ផ្សាយ​ថា ខ្លួន​បានទទួល​សេចក្តីស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា (Cambodia Democracy Act of 2០19) ពី​រដ្ឋសភា​ហើយ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។ ព្រឹទ្ធសភា​អាមេរិក អះអាងថា បាន​ពិនិត្យ​សេចក្តីស្នើច្បាប់​នេះ​ពីរលើក ហើយក៏​បញ្ជូនទៅ​ឲ្យ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​។



​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង​តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ ដែលមាន​លោក ថេត យូ​ហូ (Ted Yoho) តំណាងរាស្ត្រ​អាមេរិក ជា​អ្នកផ្តើមគំនិត​។ រហូតដល់​ពាក់កណ្តាល់​ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋសភា ក៏​អនុម័ត​សេចក្តីស្នើច្បាប់​របស់លោក​។ 
 
​សេចក្តីស្នើច្បាប់​ខាងលើ មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ (​បង្កក​ទ្រព្យសម្បត្តិ​) និង​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ទាំងឡាយណា ដែល​ចូលរួម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ លោក ថេត យូ​ហូ សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ថា​៖«​ដល់ពេល​ហើយ ដែល​របប​របស់លោក ហ៊ុន សែន ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​សកម្មភាព​ខ្លួន​»​។ 

អត្ថបទទាក់ទង


 
​អ្នកនាំពាក្យ​តាម​ស្ថាប័ន​សំខាន់ៗ​ ដែល​រួមមាន រដ្ឋាភិបាល​កម្ពុជា ក្រសួងការបរទេស ព្រឹទ្ធសភា និង​រដ្ឋសភា បានចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន ដើម្បី​រិះគន់​បក​ទៅ​រដ្ឋសភា​អាមេរិក ដែល​បានអនុម័ត​សេចក្តីស្នើច្បាប់​នេះ​។ 
 
​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​៖«​សេចក្តីស្នើច្បាប់​នេះ មាន​ចរិត​នយោបាយ និង​គោលបំណង​ប្រឆាំង​ទៅនឹង​សុច្ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា ដែល​បានជ្រើសរើស​មេដឹកនាំ​ខ្លួន​តាមផ្លូវ​ច្បាប់ តាមរយៈ​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​សន្តិភាព និង​ប្រជាធិបតេយ្យ​។​....​សេចក្តីស្នើច្បាប់​នេះ ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​កម្ពុជា​»​។​
 
​ប្រតិ​ម្មរ​បស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​៖«​ការអនុម័ត​សេចក្តីស្នើច្បាប់​របស់​សភា​សហរដ្ឋអាមេរិក គឺ​ដើរ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ប្រទេស​ទាំងពីរ​កំពុងប្រកាន់យក ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម​និង​ការគោរព​គ្នា​ទៅវិញទៅមក​»​។ 
 
​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​៖«....​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក អនុម័ត​សេចក្តីស្នើច្បាប់​នេះ បង្ហាញ​ឲ្យ​ឃើញជាក់ស្តែង​នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។​
 
​ចំណែក​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែង​ការ​របស់​អ្នកនាំពាក្យ​រដ្ឋសភា គឺ​ស្រដៀង​នឹង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​រដ្ឋសភា ប្រកាស​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​។​
 
​ជា​នីតិវិធី បើ​ព្រឹទ្ធសភា​អាមេរិក យល់ព្រម​អនុម័ត​នោះ សេចក្តីស្នើច្បាប់ នឹងត្រូវ​បញ្ជូនទៅ​ប្រធានាធិបតី (​ដូ​ណា​ល់ ត្រាំ​)​។ សេចក្តីស្នើច្បាប់ នឹង​ក្លាយជា​ច្បាប់ បើ​ប្រ​ធានា​ធិបតី ចុះហត្ថលេខា​។ យ៉ាងណា ប្រ​ធានា​ធិបតី អាច​បដិសេធ​សេចក្តីស្នើច្បាប់ (​សិទ្ធិ Veto)៕ 
 
 

Tag:
 អាមេរិក​-​កម្ពុជា​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com