ដោយ៖ សុវណ្ណ ស្រីពេជ្រ
កុច តុលា ជាសិស្សពូកែលេខ១ទូទាំងប្រទេសលើមុខវិជ្ជារូបវិទ្យានៅឆ្នាំ២០១៩នេះ ហើយក៏ស្ថិតក្នុងចំណោមបេក្ខជនជាង១១ម៉ឺននាក់ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខផងដែរ។ យុវតីដែលរៀននៅវិទ្យាល័យមេសាង ខេត្តព្រៃវែងរូបនេះ ដឹងច្បាស់ថា ខ្លាំងតែរូបវិទ្យាមួយមុខ មិនអាចនាំឲ្យនាងសម្រេចក្តីសុបិនទទួលបាន «និទ្ទេស A» នោះឡើយ ដោយបច្ចុប្បន្ន តុលា ខំប្រឹងប្រែងយ៉ាងខ្លាំងលើមុខវិជ្ជាផ្សេងទៀត។
«អ្នកចេះគឺជាប់»។ ពាក្យស្លោកដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានលើកឡើងចាប់តាំងពីលោកផ្តួចផ្តើមកែទម្រង់ការប្រឡងពីឆ្នាំ២០១៤មកនោះ បានលើកទឹកចិត្ត កុច តុលា យ៉ាងខ្លាំង។ ខណៈសម័យប្រឡងសញ្ញាបត្របាក់ឌុប ១៩ សីហា ២០១៩ កាន់តែកៀកនោះ សិស្សពូកែរូបនេះ តាំងចិត្តយកនិទ្ទេស A ឲ្យបាន តាមរយៈការប្រឹងប្រែងលើមុខវិជ្ជាទាំងអស់។
កន្លងមក មានករណីសិស្សពូកែមុខវិជ្ជាជំនាញមួយចំនួន មិនទទួលបាននិទ្ទេសខ្ពស់នោះឡើយពីការប្រឡង។ «យើងមានមុខវិជ្ជាដល់ទៅ៧ឯណោះដែលត្រូវប្រឡង ដូច្នេះក្នុងការរៀនសូត្រ ទោះបីខ្ញុំជាសិស្សពូកែរូបវិទ្យាក៏ពិតមែន ប៉ុន្តែខ្ញុំមិនអាចផ្តោតតែលើមុខវិជ្ជានេះ មួយមុខនោះឡើយ។ ខ្ញុំត្រូវប្រឹងរៀនគ្រប់មុខវិជ្ជាទៅតាមកាលវិភាគដែលបានរៀបចំ»។ កញ្ញា តុលា បានឆ្លៀតបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey ទោះបីជានាងមិនសូវមានពេលទំនេរធ្វើអ្វីផ្សេង ក្រៅពីការប្រឹងរៀនសូត្រក៏ដោយ។
តុលា វ័យ១៨ឆ្នាំ ដែលជាសិស្សថ្នាក់ទី១២ C នៅវិទ្យាល័យមេសាង ខេត្តព្រៃវែង ត្រៀមខ្លួនបាន៩០ភាគរយហើយ ទាំងការសិក្សារៀនសូត្រផ្ទាល់ជាមួយគ្រូ និងស្វ័យសិក្សានៅផ្ទះ ជាពិសេសការហាត់ធ្វើកំណែវិញ្ញាសាចាស់ៗឡើងវិញ និងវិញ្ញាសាថ្មីៗជាច្រើនទៀត។
មុខវិជ្ជាដែលតុលាមានជំនឿច្បាស់លើខ្លួនឯងនោះ គឺ រូបវិទ្យា គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា ដែលជាមុខវិជ្ជាចាប់ឆ្នោត។ សិស្សមេដាយមាសរូបវិទ្យាទូទាំងប្រទេសរូបនេះ ទទួលស្គាល់ថា មុខវិជ្ជាភាសាអង់គ្លេសរបស់ខ្លួននៅមានកម្រិត ប៉ុន្តែនាងតែងតែរៀនធ្វើលំហាត់វេយ្យាករណ៍ រៀនអាន និងសរសេរ។
តុលា បានបញ្ជាក់ថា ការសិក្សារៀនសូត្រជាមួយគ្រូ និងស្វ័យសិក្សា សុទ្ធតែល្អទាំងអស់។ «រៀនសូត្រជាមួយគ្រូ យើងមានឱកាសសួរ និងសុំជំនួយបានភ្លាមៗ នៅពេលដែលយើងមិនសូវយល់ រីឯស្វ័យសិក្សា ត្រូវការសមត្ថភាពស្រាវជ្រាវខ្ពស់។ ទាក់ទងនឹងការធ្វើលំហាត់ខ្លួនឯង ខ្ញុំក៏បានស្រាវជ្រាវយកលំហាត់ពីសៀវភៅខាងក្រៅ និងមេរៀនផ្សេងៗ ដែលមានការចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក»។ នេះជាការអះអាងរបស់តុលា។
ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលារបស់តុលា ក៏មិនបានបរិច្ចាគ១០០ភាគរយទៅលើការរៀនសូត្រនោះដែរ។ តុលាយល់ដឹងច្បាស់ណាស់ថា រៀនច្រើន ចេះច្រើន ប៉ុន្តែបើរៀនរហូតដល់ភ្លេចបាយ ភ្លេចទឹក នោះ នឹងបណ្តាលឲ្យនាងមានបញ្ហាសុខភាព ហើយខ្លាចបំផុតនោះ គឺឈឺចំថ្ងៃប្រឡង។
«និទ្ទេស A» គឺជាគោលដៅដែល កុច តុលា ប្រឹងយកឲ្យបាន ដូច្នេះ សិស្សពីខេត្តព្រៃវែងរូបនេះ ត្រូវត្រៀមខ្លួនគ្រប់បែបយ៉ាង ទាំងការប្រឹងប្រែងរៀនសូត្រ និងការយកចិត្តទុកលើសុខភាពរបស់ខ្លួន។ បើបាននិទ្ទេស A មែននោះ តុលា នឹងបន្តចាប់យកសុបិនដ៏ធំមួយកម្រិតទៀត គឺការបន្តសិក្សាផ្នែកស្ថាបត្យកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងបន្តប្រជែងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនលើមុខជំនាញនេះ៕