ជាតិ
អាជ្ញាធរ​អប្សរា នឹង​បង្កើត​ផ្លូវ​កង់​សម្រាប់​ភ្ញៀវទេសចរ ដែល​និយម​ជិះ​កង់​នៅ​តំបន់​អង្គរ​
20, Jul 2019 , 4:59 pm        
រូបភាព
រូបភាពអជ្ញាធរជាតិអប្សរា
រូបភាពអជ្ញាធរជាតិអប្សរា
​អាជ្ញាធរ​អប្សរា គ្រោង​នឹង​បង្កើត​ផ្លូវ​សម្រាប់​ជិះ​កង់ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​និយម​ជិះ​កង់ មាន​សុវត្ថិភាព និង​បាន​ទស្សនា​តំបន់​ព្រៃអង្គរ​ដោយ​គ្មាន​ការរំខាន​ពី​ឡាន​ម៉ូតូ​។ គម្រោង​ផ្លូវ​កង់​នេះ មាន​ប្រវែង​សរុប​២៣,២​គីឡូម៉ែត្រ គឺ​ជុំវិញ​តំបន់​អង្គរ​ជា​ផ្លូវ​ទ្វេ​ទិស មាន​ទទឹង​២​ម៉ែត្រ និង​មាន​ចង្អូរ​រំដោះ​ទឹក​សងខាង​។

 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៩​កក្កដា​ថា​៖ «​ផ្លូវ​កង់​ក្នុង​តំបន់​អង្គរ​នឹងត្រូវ​បង្កើតឡើង​ក្នុងពេល​ឆាប់​នេះ ដោយសារ​អាជ្ញាធរ​គិតពី​សុវត្ថិភាព​អ្នកជិះ​កង់​។ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ជិះ​កង់ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុងការ​ធ្វើដំណើរ ដូច្នេះ​ផ្លូវ​នេះ កាត់បន្ថយ​ហានិភ័យ​ពី​ឡាន​ម៉ូតូ​ដល់​អ្នកជិះ​កង់​។ ហើយ​អាជ្ញាធរ​អប្សរា មានបំណង​បំពេញ​ភាព​រីករាយ​ដល់​ភ្ញៀវ​ទេសចរណ៍ បាន​ទស្សនា​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​ដោយ​គ្នាន​ការរំខាន​ពី​ឡាន​ម៉ូតូ​។​» យ៉ាងណាក៏ដោយ គម្រោង​សាងសង់​ផ្លូវ​កង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ លោក ឡុង កុសល មិនបាន​បញ្ជាក់​ច្បាស់​ថា​ចាប់ផ្ដើម​សាងសង់​នៅពេលណា​ឡើយ​។ 
 
​គម្រោង​ផ្លូវ​កង់​នេះ មានការ​គាំទ្រ​ពី លោកស្រី ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ហង់ ពៅ អគ្គនាយក​ប្រធាន​អាជ្ញាធរ​អប្សរា និង​ម​ន្រី្ត​ជំនាញ​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ ដោយបាន​ចុះ​ពិនិត្យ​ទីតាំង​និង​សិក្សា​អំពី​លទ្ធភាព​និង​បញ្ហា​ប្រឈម​នានា​លើ​គម្រោង​សាងសង់​។ 
 
​ផ្លូវ​កង់​នេះ គ្រោង​នឹងត្រូវ​សាងសង់​ស្រប​នឹង​ផ្លូវ​ធ្វើដំណើរ​បច្ចុប្បន្ន​ក្នុង​តំបន់​អង្គរ ចម្ងាយ​មិន​លើសពី​២៥​ម៉ែត្រ ដែល​អាច​មើលគ្នា​ឃើញ​ជា​ការរក្សាសន្តិសុខ សុវត្ថិភាព ហើយ​ទាំង​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវ​ឬ​ដើមឈើ ។ ការស្ថាបនា អាជ្ញាធរ​ជាតិ​អប្សរា​បានគិត​គូរ​ជា​ចម្បង​លើ​ការអភិរក្ស​បុរាណ​ដ្ឋា​ន ដោយ​គ្មាន​ការជីក​កកាយ​ដី​ជ្រៅ និង​ប្រើ​ជើងតាង​អំពី​បេតុង​ត្រង់​កន្លែង​មាន​ស្ពាន គិតដល់​បរិស្ថាន និង​ទេសភាព​វប្បធម៌ ដោយ​បញ្ចៀស​ផលប៉ះពាល់​ព្រៃឈើ​ដែលមាន​ស្រាប់​។ លើសពីនេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​គិតដល់​សុវត្ថិភាព​ត្រង់ចំណុច​ឆ្លងកាត់​ឬ​ផ្លូវបំបែក នឹងដាក់​របា​នៅ​ផ្លូវបំបែក និង​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ម៉ូតូ​ឆ្លងកាត់​៕ 
 
 

Tag:
 ខេត្ត​សៀម​រាម​
  ផ្លូវ​កង់​
  តំបន់​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com