ជាតិ
ក្រុមហ៊ុន Michelin ផ្តល់ជំនួយ​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ដល់​កម្ពុជា​
20, Jul 2019 , 4:34 pm        
រូបភាព
​ក្រុមហ៊ុន Michelin ROH ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Michelin Group បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន World Bridge Trading ស្តីពី​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ពិធី​ចុះហត្ថលេខា​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ក្រសួង​សាធារណការ កាលពី​ថ្ងៃទី​១៦​ខែកក្កដា​កន្លងទៅ​។​

 
​អនុស្សារណៈ​នេះ​នឹងត្រូវ​អនុវត្ត​ក្រោម​គម្រោង​មួយ​ដែលមាន​ឈ្មោះថា Michelin សុវត្ថិភាព​លើ​ដងផ្លូវ «Michelin Safe on the Raod»​។​
Michelin គឺជា​ក្រុមហ៊ុន​ផលិត​សំបក​កង់​យានយន្ត​នាំមុខ​មួយ​លំដាប់​ពិភពលោក​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​រួម​បានសរសេរថា នៅក្នុង​ក្របខណ្ឌ​នៃ​អនុស្សារណៈ​យោគយល់​នេះ ក្រុមហ៊ុន Michelin ROH នឹង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​ធ្វើ​យ៉ាណា​ឱ្យ​ការអនុវត្ត​គម្រោង​សុវត្ថិភាព​តាម​ដងផ្លូវ​នេះ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ក្រុមហ៊ុន Worldbridge Trading ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក និង​ជា​អ្នក​នាំចូល​សំបក​កង់​ម៉ាក Michelin គឺជា​អ្នកសម្របសម្រួល និង​ជា​អ្នកផ្តល់​ហិរញ្ញវត្ថុ ដល់​ក្រសួង​សាធារណការ​ដែលជា​អ្នកអនុវត្ត​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​។​
 
​លោក Segsam Trai-Ukos អគ្គលេខាធិការ​នៃ​ក្រុមហ៊ុន Michelin ROH បានបញ្ជាក់​នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា គម្រោង Michelin safe on the raod ត្រូវបាន​រំពឹងថា​នឹង​ជួយ​ជំរុញ​ក្នុង​យុទ្ធនាការ​ជាតិ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យសម្រេចបាន​ប្រសិទ្ធភាព​យ៉ាង​លឿន ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ចំ​ពី​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សាធារណជន និង​ជួយ​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​
 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ត្រូវបាន​ស្រង់​សំដី​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​និយាយថា ក្រសួង​របស់លោក​ត្រូវការ​សហការ និង ភាពជា​មួយ​ដៃគូ​ជាមួយ​វិស័យ​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​នានា​ផ្សេងទៀត ដើម្បី​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ទ្រូងផ្លូវ ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជាពិសេស​សូម​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវតែ​ប្រាកដប្រជា​ថា យានយន្ត​របស់​ពួកគេ​មាន​សុវត្ថិភាព មុននឹង​ពួកគេ​ធ្វើដំណើរ​៕



Tag:
 Michelin ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com