ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​ត្រូវ​ការប្រាក់​ព្យាបាល​ខ្លួន តែ​កញ្ញា ម៉ា​នី រត់​រ៉ឺម៉ក​កង់​បី មិន​យក​កម្រៃ​ពី​មនុស្ស​ចាស់ ព្រះសង្ឃ អ្នកជំងឺ
20, Jul 2019 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា ម៉ា​នី អាយុ​៣៣​ឆ្នាំ ដែលមាន​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​គណនេយ្យ បានសម្រេច​ចិត្ត​ប្រកប​របរ​រត់​កង់​បី ដើម្បី​រកប្រាក់​ព្យាបាល​ជំងឺ​ខ្លួន​។ ទោះបីជា​ត្រូវការ​ប្រាក់​ព្យាបាល​ជំងឺ ប៉ុន្តែ​កញ្ញា​មិន​យកប្រាក់​ពី​ព្រះសង្ឃ អ្នកជំងឺ និង​ចាស់ជរា​ឡើយ មូលហេតុ​ព្រោះ​នាង​ចង់​ចូលរួម​ជួយ​សង្គម​។



​ដើម្បី​ដឹង​ពី​ដំណើរ​ជីវិត​របស់​កញ្ញា ម៉ា​នី សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖

 
 
 
«​ខ្ញុំ​រត់​កង់​បី​ដោយសារតែ​ខ្ញុំ​ផ្ដោត​សំខាន់​ទៅលើ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ អ្នកជំងឺ ព្រះសង្ឃ ដូនជី តាអាចារ្យ និង​ចាស់ជរា ដែល​ទៅ​វត្ត គឺ​ខ្ញុំ​មិន​យកប្រាក់​ពី​គាត់​ឡើយ​។ ខ្ញុំ​យកប្រាក់​តែ​ពី​អ្នកជា​ធម្មតា និង​ដឹក​អីវ៉ាន់​។ ទី​ពីរ​ខ្ញុំ​ត្រូវ​ការប្រាក់​ដើម្បី​យកទៅ​វះ​ក្រួសតម្រងនោម​។ អ្នក​ដែល​ជិះ​កង់​បី​របស់ខ្ញុំ ក៏មាន​ចំណែក​ជួយ​ទៅលើ​សង្គម​ដែរ ព្រោះ​ខ្ញុំ​យកប្រាក់​នោះ​ទៅ​ចាក់​សាំង​»​។ នេះ​គឺជា​សម្ដី​របស់​កញ្ញា ម៉ា​នី ដែល​រៀបរាប់​ពី​គោលបំណង​ក្នុងការ​មក​រត់​កង់​បី​។​


 
​ជា​កូន​មន្ត្រីរាជការ​មួយរូប កញ្ញា ម៉ា​នី សុំ​មិន​បង្ហាញ​នាមត្រកូល​របស់ខ្លួន​ឡើយ​។ ខ្ញុំ​បាន​ជួប​កញ្ញា ម៉ា​នី ដោយ​ចៃដន្យ​នៅ​ជិត​កំពង់ចម្លង​ទៅ​អរិយ្យ​ក្សត្រ​។ នារី​រាង​តូច​ស្ដើង​និង​មាន​សក់ខ្មៅ​ប្រាស​ស្មា​រូបនេះ អះអាងថា​ពេលខ្លះ​នាង​ជូន​ប្រាក់​ទៅ​ចាស់ជរា​ណា ដែល​មើលទៅ​ខ្វះខាត​ថវិកា​ធ្វើដំណើរ​។ «​អ្នកក្រ​ឬ​លោកតា​លោកយាយ​អញ្ជើញ​មកពី​ខេត្ត គាត់​មិនមាន​ប្រាក់​ជិះឡាន​ទៅ​ស្រុក​វិញ ខ្ញុំ​ជូន​គាត់​ទៅដល់​បេនឡាន​ហើយ ខ្ញុំ​ជួន​ប្រាក់​គាត់​ថ្លៃ​ឡាន​និង​ទិញ​អ្វី​ជូន​គាត់​ហូប​ក៏មានដែរ​។ ខ្ញុំ​ជួយ​ដោយស្មោះ​មែន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ ម៉ា​នី​។ 


 
​នារី​កូនច្បង​ដែលមាន​ប្អូន​បីនាក់ បានសម្រេច​ចិត្ត​ចេញពីផ្ទះ​មក​ប្រកប​របរ​ដែល​ឪពុក​របស់ខ្លួន​មិន​ពេញចិត្ត ហើយ​នាង​ក៏​មិនបាន​ប្រាប់​មូលហេតុ​ពិ​តទៅ​គាត់​ដែរ ព្រោះ​មិន​ចង់ឱ្យ​គ្រួសារ​លំបាក​ដោយសារតែ​ខ្លួន​។ ប្រកប​របរ​ដែល​សម​នឹង​មនុស្ស​ប្រុស​ច្រើនជាង​នេះ ម៉ា​នី សង្ឃឹមថានឹង​អាច​រកប្រាក់​បាន​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ ប៉ុន្តែ​ផ្ទុយ​ពី​ការគិត​ក្នុង​រយៈពេល​៤​ខែ​ដែល​ចាប់ផ្ដើម​ប្រឡូក នាង​រកចំណូលបាន​ច្រើន​បំផុត​ត្រឹម​៤​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​៖«​តាំងពី​ខ្ញុំ​រត់​កង់​បី​មក​បាន​ប្រាក់​ច្រើនជាងគេ​គឺ​១០​ដុល្លារ​។ គេ​ជិះ​កង់​បី​ឥណ្ឌា ព្រោះ​គេ​និយម​អ្វីដែល​ទាន់សម័យ​។ គេ​មិនសូវ​ឱ្យ​តម្លៃ​លើ​កង់​បី​ខ្មែរ​យើង​ទេ​។ ពេលខ្លះ​ក៏​អស់សង្ឃឹម​ដែរ​ព្រោះតែ​ចំណូល​ដែល​ខ្ញុំ​ចង់​ជួយ​សង្គម វា​តិចជាង​អ្វី​ដែលជា​គោលដៅ​ខ្ញុំ​ធ្លាប់​គិត​។ ខ្ញុំ​មាន​គម្រោង​ថា​ចង់​ជួយ​ដល់​កុមារកំព្រា និង​ជនក្រីក្រ​ផ្សេងៗ​ទៀត​។ ថ្ងៃ​ដែល​រកបាន​តិចជាងគេ សូម្បី​មួយរយ​រៀល​ក៏​មិនបាន​ផង​»​។​


 
​អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​នាពេល​ល្ងាច ដោយមាន​មិត្ត​មួយចំនួន​មកជួប​នឹង​នាង​ដើម្បី​លើកទឹកចិត្ត​និង​នាំយក​ថវិកា​មួយចំនួន​មកជួយ​នាង​ផង​នោះ ម៉ា​នី បានបញ្ជាក់​ទាំង​កែវភ្នែក​មើល​ទៅមុខ​ពួកគេ​ព្រម​ដោយ​ស្នាមញញឹម​ថា ព្រោះតែ​ការរត់​រ៉ឺម៉ក​កង់​បី​មិនអាច​ផ្ដល់​ចំណូល​ឱ្យ​ខ្លួន​ព្យាបាល​ជំងឺ​បាន ដូចនេះ​នាង​ត្រូវ​រក​ការងារ​បន្ថែម​៖«​ខ្ញុំ​គិតថា​រក​ការងារ​បន្ថែម ដើម្បី​មាន​ប្រាក់​ជួយ​សង្គម​ផង និង​អាចមាន​ប្រាក់​ព្យាបាល​ជំងឺ​ផង​»​។​


 
​ត្រូវធ្វើ​ការប្រើ​កម្លាំង​ដូច​មនុស្ស​ប្រុស អតីត​ប្រធាន​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​មួយ ដែលមាន​សញ្ញាបត្រ​បរិ​ញ្ញា​រូបនេះ ត្អូញត្អែរ​ពី​អាកា​រៈ​ជំងឺ​របស់ខ្លួន​ដូច្នេះ ៖«​រាល់ថ្ងៃ​ខំអត់​ធ្មត់​នឹង​ជំងឺ​ណាស់​។ ពេលខ្លះ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​វា​ធ្វើឱ្យ​ខ្ញុំ​ឈឺចង្កេះ ចុក​រោយ​ដៃជើង ហើយ​ខ្ញុំ​ត្រូវ​ខំ​ទប់​កង់​បី​ទៀត ដូច្នេះ​ត្រូវ​ប្រើ​កម្លាំង​កាន់តែច្រើន​។ ពេលខ្លះ​ខ្ញុំ​ត្រូវ​ទៅ​ទិញ​ថ្នាំ​ខ្លួនឯង​»​។​
 
​ជីវិត​ធ្លាប់​រស់នៅ​ក្នុងផ្ទះ​ដែល​នាង​ថា​ជា​កន្លែង​ដែល​ផ្ដល់​ភាពកក់ក្ដៅ ប៉ុន្តែ​ពេលនេះ ម៉ា​នី និយាយ​ទាំង​រលីងរលោង​ទឹកភ្នែក​ថា​៖«​ខ្ញុំ​មក​នៅ​ម្នាក់ឯង​ខ្វះ​ភាពកក់ក្ដៅ ខ្វះ​ក្ដី​ស្រឡាញ់​។ ពេល​ឈឺ​ខ្លាំងពេក​ទៅ ខ្ញុំ​បានត្រឹមតែ​ហៅ​ទូរស័ព្ទ​ទៅ​ម៉ាក់ ពេលខ្លះ​ទៅឱ្យ​គាត់​កោសខ្យល់​ឱ្យ​។ តែ​ពេលខ្លះ​ខ្ញុំ​មិនអាច​ទៅផ្ទះ​ជួប​ប៉ា​បានទេ ព្រោះ​គាត់​មិន​ពេញ​ចិត្តនឹង​មុខរបរ​នេះ​»​។​
 
​តាមពិតទៅ​នារី​រាង​ស្គម​ទឹកមុខ​ស្លក់​ស្លេកស្លាំង ដែល​បានដាក់​គោលដៅ​ជួយ​សង្គម​តាម​គ្រប់​រូបភាព​តាំងពី​ឆ្នាំ​២០០៤​រូបនេះ តែងតែ​ទទួលបាន​ការ​តិច​តៀន​ពី​មនុស្ស​មួយចំនួន ព្រោះតែ​របរ​មិនសូវ​សម​នឹង​ភេទ​នេះ ៖«​គេ​ថា​ខ្លួន​ជាម​នុស្ស​ស្រី​មក​ដណ្ដើម​ការងារ​មនុ​ស្ស​ប្រុស​។ ខ្ញុំ​សើច​ហើយ​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ជួយ​សង្គម និង​រកប្រាក់​ព្យាបាល​ជំងឺ ដូច្នេះ​ខ្ញុំ​មិន​ខ្វល់​ពីស​ម្តី​គេ​ទេ​។ ខ្ញុំ​មានបំណង​ជួយ​សង្គម​តាមរបៀប​ណា​ក៏បាន​»​។​
 
​មិន​ត្រឹមតែ​អ្នកដទៃ​មិន​យល់ចិត្ត​នាង​នោះទេ ប៉ុន្តែ​ឪពុក​របស់​នាង​ក៏​មិន​ពេញចិត្ត​ដែរ ដែល​ឃើញ​នារី​សម្ដី​មួយៗ​រូបនេះ​ទៅ​រត់​កង់​បី​នោះ ៖«​គាត់​(​ប៉ា​)​ល្អ ប៉ុន្តែ​គាត់​មិន​ពេញចិត្ត​ព្រោះ​ខ្ញុំ​ធ្វើការ​មនុស្ស​ប្រុស​។ មិនមែន​គាត់​មិន​ចង់ឱ្យ​កូន​ល្អ​ទេ គ្រាន់តែ​គាត់​មិនទាន់​យល់​ពីអ្វី​ដែលជា​គោលបំណង​របស់ខ្ញុំ​។ ខ្ញុំ​មិនបាន​ប្រាប់​គាត់​(​ប៉ា​)​ថា​ខ្ញុំ​មាន​ជំងឺ ព្រោះ​មិន​ចង់ឱ្យ​គាត់​លំបាក​»​។
​ម៉ា​នី បាន​សុំ​ឈប់​ធ្វើការ​ពី​ក្រុមហ៊ុន​មួយ​ដែលមាន​តំណែង​ជា​ប្រធាន​គ្រប់គ្រង ក៏​ព្រោះតែ​កម្មករ​នៅ​ទីនោះ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​នាង​ជាច្រើនលើក​៖«​បច្ចុប្បន្ននេះ​ខ្ញុំ​កំពុង​រក​ការងារ​ធ្វើ ព្រោះ​កន្លែងធ្វើការ​ចាស់​កូនចៅ​ធ្វើបាប​ខ្ញុំ​ពេក​។ គេ​ខ្ចី​ម៉ូតូ​របស់ខ្ញុំ​ទៅធ្វើ​ខូច គេ​មិន​សុំទោស ហើយ​គេ​ក៏​មិន​ចេញ​ប្រាក់​សង​។ គេ​ធ្វើឱ្យ​ម៉ូតូ​របស់ខ្ញុំ​ខូច​១៥​ដង​ទើប​ខ្ញុំ​និយាយ ហើយ​១៧​ដង​ទើប​ខ្ញុំ​ខឹង​។ កន្លែងធ្វើការ​ងារ​ចាស់​គឺជា​ក្រុមហ៊ុន​គូរ​ប្លង់ នៅ​ទីនោះ​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​ផង រដ្ឋបាល​ផង គណនី​ផង​»​។ 
 
​នារី​ដែលមាន​បទពិសោធ​ធ្វើការ​តាំងពី​ឆ្នាំ​២០០០​រូបនេះ មាន​ក្ដី​ប្រាថ្នា​ចង់​ធ្វើការ​នៅក្នុង​ស្ថានទូត ហើយ​នាង​នឹង​រៀន​បន្ត​យក​អនុបណ្ឌិត​ច្បាប់​ក្រោយពី​ព្យាបាល​ជំងឺ​រួច​៖«​ខ្ញុំ​ដាក់​ការងារ​ក្នុង​ស្ថានទូត​ខ្លះ​ក្នុង​ក្រុមហ៊ុន​ខ្លះ បាន​មួយណា​ធ្វើ​មួយ​នោះ​សិន ដើម្បី​ជួយ​សង្គម​ខ្លះ​និង​យកទៅ​វះកាត់​ខ្លះ​។ ក្រោយពី​ព្យាបាល​ជំងឺ ខ្ញុំ​នឹង​ទៅ​រៀន​យក​អនុបណ្ឌិត​ផ្នែក​ច្បាប់​បន្ថែមទៀត ព្រោះ​ក្ដី​បំណង​របស់ខ្ញុំ​តាំងពី​តូច​គឺ​ចង់​ធ្វើការ​ក្នុង​ស្ថានទូត​»​។​
 
​ធ្លាប់​រស់ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​ល្មម ចាយប្រាក់​មួយថ្ងៃ​ប្រមាណ​៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែ​ពេលនេះ​នាង​បាន​ភ្លក់​រសជាតិ​ជីវិត​ទីទាល់ក្រ ដោយ​មួយថ្ងៃ​ចំណាយ​ប្រា​ក់លើ​អាហារ​ប្រមាណ​តែ​៥​ពាន់​រៀល កូន​មន្ត្រីរាជការ​រូបនេះ បាន​យល់​អារម្មណ៍​អ្នកក្រ​៖«​មកពី​ខ្ញុំ​ឆ្លងកាត់​អាជីព​ជា​អ្នករត់​កង់​បី ទើប​ខ្ញុំ​ស្គាល់​ជីវិត​អ្នកក្រ​ថា​ពិតជា​លំបាក​ណាស់​។ អ្នករត់​កង់​បី អ្នករត់ម៉ូតូឌុប​ឥឡូវនេះ​គ្នា​ត្អូញ ព្រោះ​គេ​និយម​ជិះ​កង់​បី​ឥ​ណ្ណា​។ អ្នកធ្វើដំណើរ​ខ្លះ​មិន​យល់​ពី​តម្លៃ​អ្នកក្រ​ដែល​ខំប្រឹង​ដើម្បី​ក្រពះ​ទេ​»​។​
 
​ដោយសារតែ​បាន​មើលឃើញ​ពី​ភាពលំបាក​របស់​អ្នកក្រ ដែល​ត្រូវ​ការប្រាក់​យ៉ាង​ចាំបាច់ នារី​ពាក់អាវ​ពណ៌​ខៀវ​ពង​ជីងចក់​សរូប​នេះ​បាន​សំណូមពរ​ថា ៖«​ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​គាំទ្រ​កង់​បី​ខ្មែរ និង​ម៉ូតូឌុប ព្រោះ​ពួកគាត់​លំបាក​ណាស់​»​។​
 
​ក្រោយពី​ព្យាបាល​ជំងឺ​រួច​កញ្ញា ម៉ា​នី មានបំណង​លក់​បាយ លក់​បុកល្ហុង និង​លក់​ខោអាវ ហើយ​ប្រាក់​ដែល​ចំណេញ​៨០​ភាគរយ​នាង​នឹង​យកទៅជួយ​សង្គម​តាម​គ្រប់​រូបភាព ហើយ​ប្រាក់​២០​ភាគរយ​ទៀត​នាង​ទុក​ផ្គត់ផ្គង់​អាជីវកម្ម​បន្ត​៕ 
 

Tag:
 កង់​បី​
  ម៉ា​នី​
  ជីវិត​តស៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com