ជាតិ
ក្រុមហ៊ុនបរទេសមួយចង់សង់ពុទ្ធប្បដិមាកម្ពស់ ១៣០ម៉ែត្រនៅខេត្តកែប រូបពីរដ្ឋបាលខេត្តកែប
× ភ្នំពេញ៖ អភិបាលខេត្តកែបលោក កែន សត្ថា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមហ៊ុនអូស្ត្រាលីមួយមានបំណងកសាងរូបព្រះពុទ្ធប្បដិមាខ្ពស់ជាងគេនៅលើពិភពលោកដែលមានកម្ពស់ជាង១៣០ម៉ែត្រនៅខេត្តកែប។ តែទោះជាយ៉ាងណាលោកអភិបាលខេត្ត ថារឿងនេះនៅមិនទាន់ចេញជាគម្រោងច្បាស់លាស់នៅឡើយ។
មានបំណងកសាងព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅលើពិភពលោក ក៏ព្រោះតែក្រុមហ៊ុនអូស្ត្រាលី មានចក្ខុវិស័យចង់ទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក ឱ្យមកទស្សនាព្រះពុទ្ធរូបនោះ។
នេះមិនមែនជាបំណង ឬផែនការដាច់ដោយឡែកនោះទេ គឹក្រុមហ៊ុនមានគម្រោងសាងសងសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥នៅក្នុងខេត្តកែបនេះ។ នេះបើតាមលោក កែន សត្ថា ដែលអះអាងថា ក្រុមហ៊ុនអូស្ត្រាលី រំពឹងថាកំណើនភ្ញៀវទេសចរទៅទស្សនាពុទ្ធប្បដិមាដ៏ធំមហិមា នឹងជះឥទ្ធិពលដល់វិស័យសណ្ឋាគាររបស់ខ្លួន។
លោកអភិបាលខេត្តកែបរូបនេះបន្តដូច្នេះថា៖«យើងមិនទាន់ដឹងថាក្រុមហ៊ុនអូស្ត្រាលីនោះ នឹងកសាងព្រះពុទ្ធប្បដិមាពេលណាទេ គេគ្រាន់តែប្រាប់ថាគេចង់ធ្វើរឿងហ្នឹង។ សម្រាប់ខេត្តកែបយើងស្វាគមន៍ ព្រោះខេត្តរបស់យើងជាខេត្តទេសចរណ៍ពាក់ព័ន្ធនឹងធនធានធម្មជាតិ វប្បធម៌ និងសាសនា»។
សូមបញ្ជាក់ថា ខេត្តកែបធ្លាប់ទទួលបានពានរង្វាន់ក្របខ័ណ្ឌអាស៊ានចំនួន២ គឺពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន(ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត) និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតក្នុងអាស៊ានកាលពីឆ្នាំ២០១៨។
គួរចាប់អារម្មណ៍ផងដែរថា បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជាប្រទេស ថៃ វៀតណាម និងចិន បានទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនាក្នុងតំបន់ដែលមានផ្សារភ្ជាប់នឹងសាសនា។
ជាមួយគ្នានេះ ជាប់ខេត្តកែបនេះដែរ កំពង់ផែទេសចរណ៍អន្តរជាតិរបស់ខេត្តកំពត ដែលត្រូវបានបើកការដ្ឋានសាងសង់នៅខែសីហាឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ត្រូវបានរំពឹងថា នឹងបង្កើនសន្ទុះភ្ញៀវទេសចរក្នុងខេត្តទាំងពីរនេះ៕
Tag:
បដិមា
ក្រុមហ៊ុន
ពុទ្ធប្បដិមាខ្ពស់ជាងគេ
© រក្សាសិទ្ធិដោយ thmeythmey.com