ជាតិ
ក្រសួងកសិកម្ម មិនឲ្យនាំចូលថ្នាំមានសារធាតុឌីក្លូហ្វេណាក់ ព្រោះអាចសម្លាប់សត្វត្មាត
× ភ្នំពេញ៖ ក្រសួងកសិកម្មបានបញ្ជាក់ថា សារធាតុឌីក្លូហ្វេណាក់(DICLOFENAC) ដែលពលរដ្ឋប្រើប្រាស់សម្រាប់ព្យាបាលសត្វគ្រប់ប្រភេទនោះ បានប៉ះពាល់ដល់អាយុជីវិតរបស់សត្វត្មាតនៅកម្ពុជា។ ដើម្បីទប់ស្កាត់ និងអភិរក្សសត្វត្មាត ក្រសួងកសិកម្មនឹងបិទការនាំចូល ផ្គត់ផ្គត់ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺសត្វដែលមានសារធាតុឌីក្លូហ្វេណាក់នេះ។
ការស្រាវជ្រាវរបស់អ្នកជំនាញទៅលើប្រភេទថ្នាំដែលមានសារធាតុឌីក្លូហ្វេណាក់នេះ បានបង្ហាញថា ត្មាតគឺជាប្រភេទសត្វដែលរំញោចខ្លាំងទៅនឹងសារធាតុថ្នាំប្រភេទនេះ ពោលគឺវាងាយនឹងបាត់បង់ជីវិតនៅពេលដែលវាស៊ីសពសត្វដែលបានព្យាបាលដោយសារធាតុថ្នាំនេះ។
ត្រង់បញ្ហានេះក្រសួងកសិកម្ម នឹងបញ្ឃប់ការចុះបញ្ជី និងបិទការនាំចូលប្រភេទថ្នាំឌីក្លូហ្វេណាក់ ហើយណែនាំឲ្យប្រើប្រាស់ថ្នាំប្រភេទ មេឡូស៊ីកាម(Meloxicam) វិញដែលមានប្រសិទ្ធភាពព្យាបាលសត្វ និងមិនបង្កគ្រោះថ្នាក់ដល់សុខភាពសត្វត្មាត។
បើមានករណីការនាំចូលប្រភេទថ្នាំព្យាបាលសត្វប្រភេទនេះ ក្រសួងនឹងដកហូត និងប្រមូលមកវិញ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់អាយុជីវិតសត្វត្មាតនៅកម្ពុជា។ ក្រសួងណែនាំឲ្យម្ចាស់ក្រុមហ៊ុនដែលនាំចូលប្រភេទថ្នាំនេះ ត្រូវបញ្ឈប់ការនាំចូល និងលក់ថ្នាំនេះ ឬថ្នាំដែលលាយសារធាតុឌីក្លូហ្វេណាក់ ជាបន្ទាន់។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម បានបង្ហាញថា សត្វត្មាតនៅកម្ពុជាមាន៣ប្រភេទ គឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ដែលមានសរុបប្រមាណ២៨០ក្បាលនៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ៕
Tag:
ក្រសួងកសិកម្ម
ថ្នាំ
សត្វ
តា្មត
© រក្សាសិទ្ធិដោយ thmeythmey.com