កីឡាជាតិ
ជាតិ
កីឡា​អេឡិចត្រូនិក​៖ Moonton នឹង​រៀបចំ​ជើងឯក​ពិភពលោក ដែលមាន​ប្រាក់រង្វាន់​ជាង​២៥​ម៉ឺន​ដុល្លារ​
20, Jul 2019 , 9:29 pm        
រូបភាព
ដោយ:
Moonton នឹង​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​ពិភពលោក Mobile Legends Bang Bang World Championship ប្រចាំឆ្នាំ​២០១៩ ដែលមាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​រហូត​ជាង​២៥​ម៉ឺន​ដុល្លារ​។ ការប្រកួត​នេះ ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១១-១៧ ខែវិច្ឆិកា នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​១៦​ក្រុម​មកពី​១៤​ប្រទេស​ចូលរួម​។ រដ្ឋមន្ត្រី​យុវជន​និង​កីឡា​ម៉ាឡេស៊ី​អះអាងថា កីឡា​អេឡិចត្រូនិក​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស ដែលមាន​លំហូរ​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​

 
​ការប្រកួត​ជើងឯក​ពិភពលោក​ដែល​មិន​ធ្លាប់មាន​ខាងលើ​ត្រូវបាន​លោក Junstin Yuang នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Moonton ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​សកល Moonton Epicon 2019 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុង​សន្និសីទ​នោះ មាន​ប្រទេស ដែល​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ឲ្យ​ចូលរួម​ប្រកួត​ជាច្រើន​ចូលរួម​ដូចជា​ចិន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ប្រ៊ុយណេ សិង្ហ​បុរី និង​ប្រទេស​ជាច្រើន​ទៀត​។​
 
​ក្នុងឱកាស​នោះ​លោក Justin Yuang បង្ហាញ​ពី​គម្រោង​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមការងារ​ជា​សកល​របស់​យើង កំពុង​កែលម្អ​តម្រូវ​តាម​ទីផ្សារ និង​ឲ្យ​ស្របតាម​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដើម្បី​ផ្តល់ជូន​ដល់​អ្នកលេង​កាន់តែ​ងាយស្រួល ហើយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​»​។ Mobile legends Bang Bang ជា​វិញ្ញាសា​ដ៏​ពេញនិយម​សម្រាប់​យុវជន​ទូទាំង​ពិភពលោក ដែល​បង្កើតឡើង​ដោយ Moonton​។ 


 
​ជាមួយ​ការ​សាទរ និង​អរគុណ​ចំពោះ​ការបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​លំដាប់​ពិភពលោក​ខាងលើ រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី លោក Syed Saddiq Bin Syed Abdul Rahman បាន​លើកឡើងថា កីឡា​អេឡិចត្រូនិក​មិន​ត្រឹមតែ​ជួយ​បណ្តុះបណ្តាល​ស្មារតី​យុវជន​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​។ 
 
​រដ្ឋមន្ត្រី​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កីឡា​អេឡិចត្រូនិក​មាន​សក្តានុពល​ខ្លាំង ដែលមាន​ចរន្តទឹក​ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើត​សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​។ យើង​សុំ​អរគុណ​ដល់ Moonton ដែល​បាន​ជួយ​ដល់​ពួកយើង តាមរយៈ​ការរៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក Bang Bang World Championship»​។​
 
​លោក Dato Anath S. Nathan ប្រធាន​សមាគម Esports ម៉ាឡេស៊ី​បាន​និយាយថា វិញ្ញាសា Mobile Legends: Bang Bang គឺជា​វិញ្ញាសា​មួយ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ វិញ្ញាសា​នេះ​ជា​ប្រភេទ​កីឡា ដែលមាន​លក្ខណៈ​អាជីព​ពិតប្រាកដ​។ ជើងឯក​ពិភពលោក​នេះ​ហៅ​កាត់​ថា M1 ដែលមាន​ក្រុម​ចំនួន​១៦​មកពី​១៤​ប្រទេស​ចូលរួម​ប្រកួត ដើម្បី​ឆ្ពោះទៅ​គ្រង​ជើងឯក​ដែលមាន​ប្រាក់រង្វាន់​ជាង​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ អ្នកគាំទ្រ​នឹង​បាន​ទស្សនា​តាមរយៈ​ការផ្សាយ​ផ្ទាល់​តាម YouTube៕ 

Tag:
 ​អេឡិចត្រូនិក​
  Moonton
  Mobile Legunds
© រក្សាសិទ្ធិដោយ thmeythmey.com