ជាតិ
នាយសេនាធិការ​ចម្រុះ ណែនាំ​នាយទាហាន​ឲ្យ​គោរព​បញ្ជា​រដ្ឋាភិបាល​
20, Jul 2019 , 9:59 pm        
រូបភាព
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងកិច្ចប្រជុំ (រូបពីក្រសួងការពារជាតិ)
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងកិច្ចប្រជុំ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ណែនាំ​នាយទាហាន​តាម​អង្គភាព​នានា ឲ្យ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​។



​ការណែនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩ របស់​អគ្គមេបញ្ជាការ​ដ្ឋា​ន​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។ ខ្លឹមសារ​នៃ​កិច្ចប្រជុំ និង​ប្រសាសន៍​របស់​នាយសេនាធិកា​រ​ចម្រុះ​រូបនេះ ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ​។ 


 
​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​នាយរង​សេនាធិការ​ចម្រុះ នាយក នាយករង​គ្រប់​ទីចាត់ការ និង​បណ្តា​ស្ថាប័ន​ទ័ព​ជំនាញ​ផ្សេងៗ ដែល​ចំណុះ​ឲ្យ​អគ្គ​មេ​បញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ក្នុង​កិច្ចប្រជុំ នាយសេនាធិការ​ចម្រុះ ឥត សារ៉ាត់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រឹងប្រែង​បំពេញការងារ​របស់​មេ​បញ្ជាការ មេបញ្ជាការ​ង និង​នាយទាហាន នៅ​គ្រប់​កងឯកភាព​ចំណុះ​ឲ្យ​អគ្គមេបញ្ជាកា​រដ្ឋា​ន​នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​រយៈពេល​១​ឆមាស​នេះ​។  
 
​នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ជំរុញ​គ្រប់​កងឯកភាព​ទាំងអស់ ឲ្យ​បន្ត​កិច្ច​ប្រឹង​ប្រែ​នេះ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​បង្កើន​ការហ្វឹកហ្វឺន​លើ​គ្រប់​ជំនាញ ដល់​ទាហាន និង​នាយទាហាន ឲ្យ​កាន់​មាន​សមត្ថភាព ក្នុង​ការចូល​រួមការ​ពារ​សន្តិភាព ដែល​បាន​ខិតខំ​កសាង​អស់​រយៈពេល​ជាង​៤០​ឆ្នាំកន្លងមក​៕ 
 
 
 
 

Tag:
 ឥត សារ៉ាត់​
  កងទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com