ជាតិ
សាសនា / ធម៌
ពុទ្ធភាសិត​៖ អ្នក​ឃើញតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​ជន​អសោច​
16, Apr 2023 , 9:39 pm        
រូបភាព
​ជន​ដែល​ចង់​បានតែ​ប្រយោជន៍​សម្រាប់​ខ្លួនឯង នឹងមិន​សូវ​ចេះ​អៀនខ្មាស និង​ខ្លាចក្រែង​អ្នកណា​ឡើយ សូម្បីតែ​ច្បាប់​រដ្ឋ ក៏​គេ មិន​ញញើត​ដែរ​។ ដើម្បី​តែ​ប្រយោជន៍​ខ្លួន គ្រួសារ និង​បក្សពួក គេ​អាច​នឹង​ហ៊ាន​ប្រព្រឹត្ត​អំពើអាក្រក់​លើ​អ្នកដទៃ និង​ទង្វើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​។



​ជន​ដែល​គិតតែ​ប្រ​យោន៍​ផ្ទាល់ខ្លួន មិន​មានការ​រាប់អាន​ពិតប្រាកដ​ឡើយ​។ គេ​ចងមិត្តភាព​ជាមួយ​អ្នកណាម្នាក់ ក៏​ព្រោះតែ​ចង់បាន​ប្រយោជន៍​ពី​អ្នកនោះ​។ បើ​គេ​មើលទៅ បុគ្គល​នោះ លែងមាន​ប្រយោជន៍ គេ​នឹង​ដកខ្លួន​ចេញ​។ ម្យ៉ាងទៀត មុននឹង​ចូលទៅ​ជិត​បុគ្គល​ណាមួយ គេ​តែង​ស​ញ្ជឹង​គិតថា បុគ្គល​នោះ មាន​ប្រយោជន៍​ឬ​អត់ បើ​អត់ គេ​មិន​ចំណាយពេល​ជាមួយ​ឡើយ​។ 
 
​ជន​ដែល​ប្រាថ្នា​តែ​ប្រយោជន៍​សម្រាប់​ខ្លួន តែង​ទុក​ខ្លួន​ជាធំ និង​ជា​អាទិភាព​លើស​អ្នកដទៃ​។ គេ​មិន​ដើរ​ក្រឡា​ក្រោម​អ្នកណា​ទេ​។ ក្នុង​ខួរក្បាល​របស់គេ មានតែ​លេខបូក និង​លេខគុណ មិនមាន​លេខដក និង​លេខចែក​ឡើយ​។ 
 
​ជន​ដែល​មើល​ឃើញតែ​ប្រយោជន៍​ខ្លួន ទោះជាមាន​ទ្រព្យ​ច្រើន​យ៉ាងណា ក៏​មិន​ដាច់ចិត្ត​លះបង់ ដើម្បីដទៃ ឬក៏​ចង់​ជួយ​សង្គម​ឡើយ​។ បើ​គេ​លះបង់ ក៏​ក្នុងន័យ​ចង់បាន​ផល​ត្រឡប់មកវិញ​ដែរ​។ គោលការណ៍​របស់គេ គឺ​មិន​លះបង់​ទទេៗ​នោះទេ​។ 
 
​ជន​ដែល​រំពៃ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន រស់នៅ​យកសុខ​តែម្នាក់ឯង​ប៉ុណ្ណោះ​។ អ្នកដទៃ ជួប​ទុក្ខ​យ៉ាងណា គេ​មិន​ខ្វល់ខ្វាយ​ទេ​។  
 
​ជន​ដែល​សម្លឹង​តែ​ប្រយោជន៍​សម្រាប់​ខ្លួន អាច​នឹងមាន​ចំណេះដឹង​ខ្ពស់ និង​មានទ្រព្យ​សម្បត្តិស្ដុកស្ដម្ភ តែ​គេ​មិន​អាចជួយ​សហគមន៍​ឬ​សង្គម ឲ្យ​ថ្តុំ​ថ្កើង​ឡើយ ហើយ​សូម្បីតែ​អ្នករស់នៅ​ជិត​ខ្លួនគេ ក៏​គ្មាន​ភាពកក់ក្តៅ​ដែរ​។ ទោះ​គេ​រស់នៅក្តី តែ​ប្រៀបដូចជា​ស្លាប់ ហើយ​គ្មាន​ន័យ គ្មាន​ខ្លឹមសារ​សម្រាប់​មនុស្សជាតិសោះឡើយ​។  
 
​ព្រះសម្មាសម្ពុទ្ធ ទ្រង់​សម្តែង​ថា​៖«​អត្ត​ត្ថ​ញ្ញា អ​សុចី មនុស្សា​។ អ្នក​ទាំងឡាយណា ដែល​ឃើញតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហៅថា ជា​មនុស្ស​អសោច​»៕ 
 
 
    

Tag:
 សាសនា​
  ពុទ្ធភាសិត​
© រក្សាសិទ្ធិដោយ thmeythmey.com