សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំទាំង២៨រូប ដើម្បីប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១ សម្រាប់ត្រៀមការប្រកួត AFF U18 Championship 2019 នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ សម្រាប់ការប្រកួតនេះដែរ U18 កម្ពុជាអាចប្រឈមការលំបាកខ្លាំង ដ្បិតពួកគេស្ថិតនៅក្នុងពូល ដែលសម្បូរដោយជើងខ្លាំង។
ខ្សែប្រយុទ្ធវ័យក្មេងដ៏មុតស្រួច សៀង ចន្ធា ដែលរកបានមួយគ្រាប់ឲ្យក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះ World Cup ដំណាក់កាលបឋមជាមួយប៉ាគីស្ថាន និងខ្សែការពាររបស់បឹងកេត សឿត ណាវ៉ា រួមជាមួយយុវជនវិសាខា អាត អូនតូច ស្ថិតក្នុងចំណោមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាទាំង២៨រូប ដើម្បីត្រៀមប្រកួត AFF U18 Championship ២០១៩។ ការប្រកួតប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៦-១៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
បញ្ជីឈ្មោះដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញកាលពីថ្ងៃទី៨ កក្កដា នឹងមានការជម្រុះសមាជិកចេញមួយចំនួន ដ្បិតនេះគ្រាន់តែជាបញ្ជីឈ្មោះប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១តែប៉ុណ្ណោះ។ បើតាមមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ កីឡាករ៥រូបក្នុងចំណោម២៨រូប នឹងត្រូវជម្រុះចេញពីបញ្ជីឈ្មោះ។
ក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា អាចជួបការលំបាកខ្លាំងសម្រាប់ការប្រកួតនេះ ដ្បិតដៃគូពួកគេសុទ្ធតែមានសមត្ថភាពខ្លាំង។ U18 កម្ពុជាស្ថិតនៅពូល B ជាម្ចាស់ផ្ទះវៀតណាម ថៃ អូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មានមីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត និងព្រុយណេ។ សម្រាប់ការប្រកួតកន្លងមកកម្ពុជាមិនដែលឆ្លងផុតវគ្គជម្រុះនេះឡើយ។
កីឡាករទាំង២៨រូបរួមមាន ប៊ុនធឿន ប៊ុនណារ៉ុង, ជា សុខម៉េង, ជូ ស៊ីនទី, ជុង មករា, អ៊ាន ពិសី, កយ សាលីម, អ៊ឹម វីនុន, រី លាភផេង, សៅ វ៉ៃហ្វី, សៀង ចន្ធា, ថា ច័ន្ទឬទ្ធី, ទួត សារ៉ូត, ធី លៀង, អាត អូនតូច, ញឹម លីហួរ, ស រតនា, ទូច គឹមឆាយ, វីរៈ ដារ៉ា, វុធ តុលា, សឿត ណាវ៉ា, លី ម៉ាឯល, ចាន់ សុភា, កែវ ឧត្តម, មិត សាម៉ើយ, ទូច ណាឃីម, សៀន សុភ័ក្ត្រា, លឹម ពិសុទ្ធ និង មិន រតនៈ៕