ជាតិ
អគារបេតិកភណ្ឌ៥០ទីតាំង នឹងបង្ហាញនៅក្នុងពិព័រណ៍រូបភាព នៅខែសីហា រូបពីលោក ស្រ៊ិន សុខមាន ស្ថាបនិកគេហទំព័រហ្វេសប៊ុក Amazing Cambodia
× ភ្នំពេញ៖ រូបថតអគារបេតិកភណ្ឌ៥០ទីតាំង នឹងដាក់បង្ហាញនៅក្នុងពិព័រណ៍ នាថ្ងៃទី១០ដល់១២ សីហា សម្រាប់សាធារណជនទស្សនា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មហាជន អំពីអគារបេតិកភណ្ឌទាំងឡាយនៅទូទាំងប្រទេសកម្ពុជា។ រូបថតអគារបេតិកភណ្ឌទាំងនេះ ត្រូវបានក្រុមអ្នកជំនាញ ស្រាវជ្រាវអស់រយៈពេលជិត១០ឆ្នាំមកហើយ។
ស្ថាបនិកគេហទំព័រហ្វេសប៊ុក Amazing Cambodia លោក ស្រ៊ិន សុខមាន ដែលបានចំណាយពេលចុះទៅស្រាវជ្រាវទីតាំងអគារបេតិកភណ្ឌនៅស្ទើរទូទាំងកម្ពុជាបាននិយាយថា គុណតម្លៃដ៏វិសេសនៃអគារបេតិកភណ្ឌទាំងនោះភាគច្រើន ត្រូវបានគ្របដណ្ដប់ជិតឈឹង ដោយសារតែឥទ្ធិពលកិត្យានុភាពនៃតំបន់ទេសចរណ៍ ដែលល្បីៗនៅក្នុងខេត្តជាមួយគ្នា។
ជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកសារព័ត៌មានមួយរូបផងនោះ លោក សុខមាន ដែលមានវ័យ២៦ឆ្នាំ បានបន្ថែមថា អគារដែលជាមរតកស្ថាបត្យកម្មទាំងនោះ នៅលាក់កំបាំងឆ្ងាយពីភ្នែកមហាជន ដោយស្ថិតនៅរាយប៉ាយទូទាំងប្រទេស តាំងពីនៅរាជធានីភ្នំពេញ រហូតដល់តំបន់ជនបទដាច់ស្រយ៉ាល។
ការងារស្រាវជ្រាវដែលចាយពេលជាង១០ឆ្នាំ ហើយត្រូវចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុងនេះ គឺជាបំណងតែមួយគត់របស់លោក ស្រ៊ិន សុខមាន ដែលចង់រួមចំណែកផ្សព្វផ្សាយដល់ភ្ញៀវទេសចរ អ្នកស្រាវជ្រាវ និស្សិតស្ថាបត្យកម្ម និងផលិតករភាពយន្តបានស្គាល់ បានដឹងពីស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរ។ ជាពិសេសផ្ដល់ប្រយោជន៍ដល់អ្នករស់នៅក្នុងតំបន់នោះផ្ទាល់។ បំណងមួយទៀតរបស់លោក សុខមាន គឺបណ្ដុះស្មារតីមោទកភាពជាតិ ចំពោះយុវជនជំនាន់ក្រោយ ឱ្យចូលរួមចែករំលែកប្រវត្តិរឿងរ៉ាវពាក់ព័ន្ធនឹងអគារដែលចាស់ទ្រុឌទ្រោម ខ្លះត្រូវបានបោះបង់ចោល និងខ្លះដួលរលំទៅហើយ ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។
បន្ថែមពីការទស្សនារូបថតអគារបេតិកភណ្ឌនោះ ក្នុងពិព័រណ៍ក៏មានរៀបចំការសម្ដែងរបាំប្រពៃណី ការស្មូត្រកំណាព្យអំពីអគារបេតិកភណ្ឌដោយអតីតជ័យលាភីស្មូត្រកំណាព្យលេខ១ទូទាំងប្រទេស។ ការទស្សនាវីដេអូខ្លីដ៏កម្រអំពីប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយម ការសម្ដែងទម្រង់ល្ខោនបាសាក់ទោលរបស់លោកតា ពៀក ចាប៉ិច មរតកមនុស្សរស់ រួមទាំងមានតន្ត្រីទំនើបនៅ ទសវត្សរ៍ទី ៦០ និង៧០ រាំលេងកម្សាន្តផងដែរ។
ចំពោះវិភាគទាន ដែលលោក ស្រុិន សុខមាន ទទួលបានពីតាំងពិរណ៍នោះ លោកនឹងយកទៅទ្រទ្រង់ក្នុងការស្រាវជ្រាវ និងរៀបចំចងក្រងបោះពុម្ពឯកសារស្ដីពីស្ថាបត្យកម្មបេតិកភណ្ឌ។ ហើយមួយចំណែកទៀតនឹងយកទៅជូនលោកតា ពៀក ចាប៉ិច ដែលកំពុងជួបប្រទះភាពខ្វះខាតក្នុងវ័យជរានោះ។
កម្មវិធីតាំងពិព័រណ៍នឹងប្រារព្វឡើងនៅវិចិត្រសាលក្បាច់ ក្នុងបរិវេណមជ្ឈមណ្ឌល Factory Phnom Penh ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ (ទល់មុខវត្តចាក់អង្រែលើ)៕
Tag:
រូបថត
ពិព័រណ៍
បេតិកភណ្ឌ
សិល្បៈ
អគារបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com