ជាតិ
អត្ថបទពាណិជ្ជកម្ម
វិស័យ​ខុន​ដូ អា​ផាត​មេន ការិយាល័យ និង​ផ្សារ​ទំនិញ​នៅក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩
21, Jul 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការវិនិយោគ​លើ​វិស័យ​សំណង់​កំពុង​កើនឡើង​យ៉ាងខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩ ទុនវិនិយោគ​សរុប​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង ៤.៨​ពាន់​លាន​ដុល្លារ ដែលមាន​គម្រោង​សាងសង់​ប្រមាណ ១,៩០០​គម្រោង​។ ជាក់ស្តែង ក្នុង​រយៈ ៤ ខែ​ដំបូង ឆ្នាំ​២០១៩ ទឹកប្រាក់​វិនិយោគ​មាន ២.៧ ពាន់​លាន​ដុល្លារ និង​មាន​គម្រោង​ជាង ១,៣០០ គម្រោង ដែល​បានទទួល​សិទ្ធិ​អនុញ្ញាត​សាងសង់​ជា​ផ្លូវការ​។

​វិស័យ​សំខាន់ៗ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ជា​និន្នាការ​ថ្មីថ្មោង​នៅឡើយ​សម្រាប់​កម្ពុជា ដូចជា ខុន​ដូ ការិយាល័យ ផ្សារ​លក់រាយ និង​អា​ផាត​ត​មេន​ជាដើម កំពុង​ត្រូវបាន​គេ​យកចិត្តទុកដាក់​បំផុត​។ យកចិត្តទុកដាក់​ដោយ​ហេតុថា​វា​នៅមាន​លក្ខណៈ​ក្មេងខ្ចី ប៉ុន្តែ​ពោរពេញ​ដោយ​សក្តានុពល​វិនិយោគ​។ 

​វិស័យ​ខុន​ដូ​
​របាយការណ៍ CBRE Camboida ឆមាស​មាស​ទី​២ បាន​ឲ្យ​ដឹងថា គម្រោង​ខុន​ដូ​ចំនួន ៨​ថ្មី ដែល​បានប្រកាស​សាងសង់​នៅក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩ នឹងធ្វើ​ឲ្យ​ការផ្គត់ផ្គង់​កើនឡើង​ជាង ៥,៨០០ យូ​នី​ត​។ ចំណែក​គម្រោង​ដែល​បាន​សាងសង់​រួច​មាន​ចំនួន ៥ គម្រោង ដែល​បានដាក់​បន្ថែម​ការផ្គត់ផ្គង់​ចំនួន ១,៣៩៣ យូ​នី​ត ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៩​នេះ​។ ការកើនឡើង​នេះ មាន​ចំនួន ៩.១៣%​។​
 
​ខុន​ដូ​ត្រូវបាន​បែងចែក​ជា ៣ ប្រភេទ គឺ​ខុន​ដូ​តម្លៃ​ទាប ដែលមាន​តម្លៃ​ជា​មធ្យម ១,៥០១ ដុល្លារ​/​ម៉ែត្រការ៉េ​។ ខុន​ដូ​តម្លៃ​មធ្យម ដែលមាន​តម្លៃ​ជា​មធ្យម ២,៥៦៨​ដុល្លារ​/​ម៉ែត្រការ៉េ និង​ប្រភេទ​ខុន​ដូ​លំដាប់​ខ្ពស់ ដែលមាន​តម្លៃ ៣,២៥៤ ដុល្លារ​ម៉ែត្រការ៉េ​។ 
 
​ផ្អែក​តាម​របាយការណ៍​ដដែល​នេះ តម្លៃ​នៃ​ការលក់​ខុន​ដូ​លំដាប់​ខ្ពស់ និង​មធ្យម បាន​ធ្លាក់​ចុះក្រោម ១% ខណៈ​តម្លៃ​លក់​ខុន​ដូ​តម្លៃ​ទាប កើនឡើង​ដល់ ១.៩%​។ 
​សម្រាប់​ការជួល បាន​កើន​ឡើងដល់​ទៅ ៣% សម្រាប់​ខុន​ដូ​លំដាប់​ខ្ពស់ និង ៤.៣% ចំពោះ​ខុន​ដូ​តម្លៃ​មធ្យម ក្នុងនោះ​តម្លៃ​ជួល​របស់​ខុន​ដូ​លំដាប់​ខ្ពស់ មានតម្លៃ​ជា​មធ្យម ១៤.៦១ ដុល្លារ /​ម៉ែត្រការ៉េ និង​ខុន​ដូ​មធ្យម​មានតម្លៃ ១២ ដុល្លារ​/​ម៉ែត្រការ៉េ​។​
 
​វិស័យ​ការិយាល័យ​
​ចំពោះ​ការផ្គត់ផ្គង់​គម្រោង​ការិយាល័យ ត្រូវបាន​គេ​បែង​ចែកជា ២ ប្រភេទ គឺ​ប្រភេទ​ការិយាល័យ​ឯក​កម្មសិទ្ធិ និង​សហកម្មសិទ្ធិ​។ ការផ្គត់ផ្គង់​ត្រឹម​ឆមាស​ទី ២ នេះ ការិយាល័យ​ឯក​កម្មសិទ្ធិ មាន​ទំហំ​ផ្គត់ផ្គង់​សរុប ៣៥៩,០០០ ម៉ែត្រការ៉េ​។ ក្នុងនោះ កម្រិត​នៃ​ការកាន់កាប់​ការិយាល័យ​ឯក​កម្មសិទ្ធិ បើ​គិត​ត្រឹម​ឆមាស​ទី​២​នេះ មាន​ចំនួន ៨៦.៥% ដែលជា​តួលេខ​មួយ​មាន​កម្រិត​ខ្ពស់ គួរ​ឲ្យ​កត់សម្គាល់​។​
 
​ចំណែក​ការិយាល័យ​ឯក​កម្មសិទ្ធិ កម្រិត C មានការ​ធ្លាក់ចុះ ៥.៩% ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩​នេះ ពោលគឺ​នៅ​ឆមាស​ទី​១ មាន​ទំហំ ១៩០,៥៦៥ ម៉ែត្រការ៉េ ចំណែក​ឆមាស​ទី​២ មាន ១៧៩,៣០៩ ម៉ែត្រការ៉េ​។ 
 
​សម្រាប់​ការិយាល័យ​សហកម្មសិទ្ធិ ត្រូវបាន​គេ​ឃើញថា ការបញ្ចប់​របស់​គម្រោង ស្តារ ស៊ី​ធី បាន​ជំរុញ​កើន​ផ្ត​ត់​ផ្គង់​ចំនួន ៥១% ដែលមាន​ទំហំ​ផ្គត់ផ្គង់ ដល់​ទៅ ៤០.៥០០ ម៉ែត្រការ៉េ​។ ការផ្គត់ផ្គង់​នេះ​នឹង​បន្ត​កើនឡើង​ថែមទៀត នៅពេលដែល​គម្រោង​ផ្សេងៗ​ទៀត បានបញ្ចប់​ដូចជា គម្រោង Versailles Square ដែលមាន​ទំហំ​ផ្ត​ត់​ផ្គង់​ចំនួន ១១,២៦០ ម៉ែត្រការ៉េ​។​
​ចំណែក​ការជួល​វិញ ការិយាល័យ​ឯក​កម្មសិទ្ធិ កម្រិត B ដែលមាន​វត្តមាន​នៅក្នុង​តំបន់​ពាណិជ្ជកម្ម បាន​កើនឡើង​ជិត ១% និង​នៅ​តំបន់​មិនមែន​ពាណិជ្ជកម្ម កើនឡើង​ប្រមាណ ៤.៧%​។

ចំណែក​កម្រិត C ដែល​នៅក្នុង​តំបន់​ពាណិជ្ជកម្ម កើនឡើង​ប្រមាណ ៤.២%  នៅពេលដែល​ការិយាល័យ​ឯក​កម្មសិទ្ធិ កម្រិត C នៅ​តំបន់​មិនមែន​ពាណិជ្ជកម្ម ធ្លាក់ចុះ​ប្រមាណ ២.៦%​។ 
 
​វិស័យ​ផ្សារ​លក់រាយ​
​ផ្អែក​តាម​របាយការណ៍​នេះ ការផ្គត់ផ្គង់​វិស័យ​លក់រាយ បានការ​កើនឡើង​រហូត​ដល់ ៧%​ក្នុង​ឆមាស​ទី​២​នេះ​។ ក្នុងនោះ គម្រោង​ដែល​ទើបតែ​បានបញ្ចប់​មានដូចជា ផ្សារ​ទំនើប​អូ​ឡាំ​ព្យា និង​ផ្សារ​ទំនើប​មី​ត​ថោ​ន​។ ស្របពេល​ជាមួយគ្នានេះ ផ្សារ​ទំនើប (Shopping Mall) បាន​កើនឡើង​តែ ៤% ប៉ុណ្ណោះ ស្រប​ពេលដែល​ផ្សារ​សហគមន៍ បាន​ធ្លាក់ចុះ​ចំនួន ៥.៧% និង​ផ្សារ​លក់​ធម្មតា (Retail Podium) ក៏​ធ្លាក់ចុះ​ចំនួន ៤% ផងដែរ​។ ចំណែក​ការកាន់កាប់​វិញ មាន​ចំនួន ៧.៩% នៃ​ការផ្គត់ផ្គង់​សរុប ដែល​ថយចុះ​បន្តិច​ពី​ឆមាស​ទី​១​។​

​វិស័យ​អា​ផាត​មេន​
​ការផ្គត់ផ្គង់​មានការ​កើនឡើង​រហូត​ដល់ ៣៤% ជាមួយនឹង​ការបញ្ចប់​គម្រោង Alpha Residence និង The View Apartment​។ យោងតាម​របាយការណ៍​នេះ តំបន់​៣ ដែលមាន​ការផ្គត់ផ្គង់​ច្រើនជាងគេ​នៅ​ទីក្រុង​ភ្នំពេញ រួមមាន បឹង​កេងកង​១ ដូនពេញ និង​ទន្លេបាសាក់​។ សម្រាប់​បឹង​កេងកង​១ ការផ្គត់ផ្គង់​មាន​រហូតដល់ ៣៨%, ដូនពេញ​ចំនួន ២៦% និង​ទន្លេបាសាក់ ចំនួន​១៤%​។ ការផ្គត់ផ្គង់ ក៏មាន​នៅតាម​តំបន់​ផ្សេងៗ ដូចជា​ទួលគោក មាន​ចំនួន​៤% និង​ទួល​ទំពូង​មាន​ចំនួន​៦%៕
 
​អត្ថបទ​ពាណិជ្ជកម្ម​

© រក្សាសិទ្ធិដោយ thmeythmey.com