កីឡាអន្តរជាតិ
អន្តរជាតិ
​វ័យ​៤០​ឆ្នាំ Pacquiao បំបាក់ Thurman ឲ្យ​ស្គាល់​ចាញ់​លើកដំបូង​ក្នុងអាជីព​
21, Jul 2019 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
Manny Pacquiao បាន​យកឈ្នះ Keith Thurman ដោយពិន្ទុ ក្រោយការប្រកួត​១២ទឹកពេញ​ នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Super Welterweight នៅ​សង្វៀន MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​។​ ចៅក្រមពីររូបបាន​ផ្តល់ពិន្ទុ​ ១១៥-១១២ សម្រាប់ Pacquiao រីឯចៅក្រមទីបី ផ្តល់ ១១៤-១១៣ សម្រាប់ Thurman។



Pacquiao ក្លាយជាម្ចាស់ខ្សែក្រវាត់ WBA Supr Welterweight ដែល Thurman បាន​គ្រប់គ្រង​តាំងពីឆ្នាំ​២០១៥ មក ហើយនេះក៏ជា​ខ្សែក្រវាត់ទី១៣​លំដាប់ពិភពលោក​របស់ស្តេច​ប្រដាល់​ហ្វីលីពីន​រូបនេះ​ផងដែរ។

សម្រាប់​ការប្រកួត​កន្លងមក Keith Thurman អាយុ​៣០​ឆ្នាំ ជា​កីឡាករ​មិន​ដែលមាន​ប្រវត្តិ​ចាញ់​ទាល់តែសោះ ដោយ​ឈ្នះ​ទាំង​២៩​ប្រកួត ដែល​ក្នុងនោះ​ដៃគូ​សន្លប់​មាន​២២​លើក​។ កាលពីដើមឆ្នាំ Thurman បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​អាមេរិក Josesito Lopez ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​។​

​ក្នុង​វ័យ​៤០​ឆ្នាំ ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦១​លើក ចាញ់​៧​លើក និង​ស្មើ​២​លើក ក្នុងនោះ​វាយ​ឲ្យ​ដៃគូ​សន្លប់​៣៩​លើក​។ កាលពីដើមឆ្នាំ Pacquiao ក៏បាន​យកឈ្នះ​កីឡាករ​អាមេរិក Adrien Broner ក្រោយ​ការប្រកួត​១២​ទឹក​ពេញ​ផងដែរ​។​

​នេះ​ជាការ​បង្ហាញខ្លួន​នៅ​សង្វៀន MGM Grand លើក​ទី​១៦ របស់ Pacquiao បន្ទាប់ពី​រូបគេ​វាយ​១៥​លើក ឈ្នះ​១០ ចាញ់​៤ និង​ស្មើ​១ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៤​លើក​៕

© រក្សាសិទ្ធិដោយ thmeythmey.com