ជាតិ
សង្គមជាតិ
មេ​ការពារ​ព្រៃឈើ បញ្ជា​ឲ្យ​ឈប់​ដុតបំផ្លាញ​ឈើ និង​រថយន្ត​ល្អៗ ដែល​ចាប់បាន​ពី​ឈ្មួញ​
21, Jul 2019 , 12:59 pm        
រូបភាព
នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ
នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ
​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានដាក់​បម្រាម​ទៅ​មន្ត្រី​និង​កងកម្លាំង​ក្រោម​ឱវាទ​របស់លោក មិន​ឲ្យដុត​បំផ្លាញ​ជាដាច់ខាត​ចំពោះ​ឈើ ដែល​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​។ លោក បង្គាប់​ឲ្យ​ប្រមូល​ឈើ​ទាំងនោះ​ទុក និង​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​យកទៅ​ប្រើប្រាស់​។



​បញ្ជា​របស់លោក សៅ សុខា ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។ លោក អេង ហ៊ី  អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ស្រង់​សម្តី​របស់លោក សៅ សុខា និង ខ្លឹមសារ​នៃ​កិច្ចប្រជុំ ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​។​
 
​ក្រៅពី​ឈើ លោក សៅ សុខា ក៏បាន​ប្រាប់​មន្ត្រី​របស់លោក មិន​ឲ្យ​ដុតបំផ្លាញ​រថយន្ត​ផ្សេងៗ ដែល​នៅមាន​គុណភាព​ផងដែរ ដោយ​ត្រូវ​ធ្វើតាម​នីតិវិធីតុលាកា​រ ដើម្បី​រឹបអូស​ទុក​ឲ្យ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន ប្រើប្រាស់​។ ប៉ុន្តែ​ចំពោះ​រថយន្ត​ប៉ា​កុង ដែល​ចាប់បាន​ពី​ឈ្មួញ​ឈើ លោក នៅតែ​ឲ្យ​បន្ត​ដុតបំផ្លាញ​ចោល​ដដែល​។ 
 
​ក្នុង​កិច្ចប្រជុំ មេ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ បាន​សរសើរ​ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នាពេល​ថ្មីៗនេះ ដោយ​ក្នុងនោះ ចាប់បាន​ឧកញ៉ា​ម្នាក់ និង​រថយន្ត​ជាច្រើន​គ្រឿង​។ ប៉ុន្តែ លោក នៅតែ​មើលឃើញ​ចំណុច​ខ្វះចន្លោះ​មួយចំនួន​។ លោក ណែនាំ​កងកម្លាំង ឲ្យ​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត យកទៅ​ផ្តន្ទាទោស​។​
 
​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើ​យើង​រក​ក្រុម​នោះ​មិនឃើញ​ទេ អ្វីដែល​យើង​និយាយ​នៅទីនេះ និង​វិធានការ​ទាំង​ប៉ុន្មាន ក៏​គ្មាន​ប្រសិទ្ធិភាព​នោះដែរ ព្រោះ​អ្នកមាន​លុយ នៅតែ​ជួល​មនុស្ស​ខូច​មក​ធ្វើ​ដដែល ដូច្នេះ​ត្រូវ​បន្ត​ខិតខំ​ប្រឹង​ប្រែ​ការងារ​នេះ​....»៕
 

Tag:
 សៅ សុខា​
  បទល្មើស​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com