កីឡាជាតិ
ជាតិ
​ភ្នំពេញ​ក្រោ​ន​សងសឹក​វិសាខា រីឯ​ណាហ្គា ស្វាយរៀង និង​ទ័ព អាច​ទទួលបាន​៣​ពិន្ទុ​
21, Jul 2019 , 1:29 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ សប្តាហ៍​ទី​១៦​នៅ​ថ្ងៃអាទិត្យ​នេះ មានការ​ប្រកួត​ចំនួន​៤​គូ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ការ​ប៉ះគ្នា​រវាង​វិសាខា​ជាមួយ​ភ្នំពេញ​ក្រោ​ន អាច​ចាត់ទុកជា​ជំនួប ដ៏​តានតឹង​និង​ជក់ចិត្ត ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​។ ចំណែក​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ​(​ទ័ព​)​អាចមាន​រំពឹង​ខ្ពស់​ក្នុងការ​ទទួលបាន​៣​ពិន្ទុ​។

 
 
​វិសាខា ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ទទួលភ្ញៀវ​ភ្នំពេញ​ក្រោ​ន សម្រាប់​ជំនួប​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ កក្កដា​នេះ​។ ការ​ប៉ះគ្នា​លើក​នេះ វា​ជា​ឱកាស​សម្រាប់​ភ្នំពេញ​ក្រោ​ន ដើម្បី​ជម្រះបញ្ជី​ចាស់​ជាមួយ​វិសាខា ដែល​បានធ្វើ​ឲ្យ​អ្នក​គា​ទ្រ​ពួកគេ​ខកចិត្ត​ជាមួយ​បរាជ័យ ៣-១ នៅ​ជើង​ទី​១​លើទឹកដី​ខ្លួន​។​
 
​ក្រុម​ទាំងពីរ​សុទ្ធតែ​ទើប​ផ្លាស់ប្តូរ​គ្រូបង្វឹក​ថ្មី​ដូចគ្នា ដោយ​លោក ស៊ុំ វណ្ណា ដែល​ទើប​ទទួល​ពានរង្វាន់​គ្រូបង្វឹក​ល្អ​ប្រចាំ​ខែមិថុនា​ត្រូវបាន​ដំឡើង​តួនាទី​ពី​គ្រូ​ជំនួយ​ឲ្យ​មក​ដឹកនាំ​ភ្នំពេញ​ជំនួស​លោក Leonardo Vitorino​។ ចំណែក​វិសាខា​ក៏​ដូចគ្នា គឺ​ដំឡើង​តួនាទី​លោក Junji Ayoyinka Akeeb ពី​គ្រូ​ជំនួយ​ឲ្យ​មក​ដឹកនាំ​ក្រុម​ជំនួស​លោក ហុក សុ​ជីវ័ន​។ 
 
​ការ​ប៉ះគ្នា​រវាង​ក្រុម​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ​និង​មាន​ភាព​តានតឹង​បំផុត ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​មហិច្ឆតា​ប្រជែង​ដណ្តើមពាន​ក្នុង​រដូវ​កាល​នេះ​។ ភ្នំពេញ​ក្រោ​ន​ក្រៅពី​ត្រូវការ​ឈ្នះ​ដើម្បី​សងសឹក ការឡើង​ទៅ​ឈរ​លេខ​រៀង​ទី​៤​បណ្តោះអាសន្ន ក៏​គោលបំណង​ដែរ​។ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​៣១​ពិន្ទុ​វិសាខា ត្រូវការ​៣​ពិន្ទុ​ដើម្បី​ពង្រឹង​ទីតាំង​ខ្លួន​។​
 
​ដោយឡែក​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ និង​ណាហ្គា​វើ​ល ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​៣​ពិន្ទុ ដ្បិត​ពួកគេ​ជួប​ក្រុម ដែល​អាច​ចាត់ទុកថា មាន​សមត្ថភាព​ទាប​ជាង​ពួកគេ​។ ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលភ្ញៀវ​មកពី​ខេត្តតាកែវ​គីរីវង់​សុខ​សែន​ជ័យ​នៅ​ម៉ោង​៦​ល្ងាច​។ កាល​ជើង​ទី​១​ក្រុម​មិនទាន់​ស្គាល់​ចាញ់​មួយ​នេះ​បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ២-០​។ 
 
​ក្រុម​ឈរ​លេខ​២​បណ្តោះអាសន្ន​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​កីឡដ្ឋាន EDC វេលា​ម៉ោង​៣:៣០​នាទី​រសៀល​។ កាល​ជើង​ទី​១​ណាហ្គា​វើ​ល​បានផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់​ប៉ូលិស ជាមួយ​ជ័យជម្នះ ៦-០​។ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រសួងការពារជាតិ តទល់​ជាមួយ​ក្រុម​បាត​តារាង​កំពង់ចាម​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ នា​ជំនួប​ជើង​ទី​១ ទ័ព​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១១-០៕ 

Tag:
 Cambodian League 2019
  វិសាខា ណាហ្គា​វើ​ល​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  ទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com