ជាតិ
បើ​របប​ទឹកទន្លេ​មេគង្គ​ទាប បឹង​ទន្លេសាប​អាច​នឹង​ខ្សត់​ត្រី​?
21, Jul 2019 , 4:59 pm        
រូបភាព
  ​លោក ថាច់ ផា​ណា​រ៉ា (​ពាក់អាវ​ខៀវ​) ជា​មន្ត្រី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​លោក បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន អ្នកដឹកនាំ​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ក្នុងពេល​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ដំណើរ​បណ្តែត​ខ្លួន​តាម​ចរន្តទឹក​នៃ​ពពួក​កូន​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ចេញពី​ទន្លេមេគង្គ ឆ្ពោះទៅ​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​លោក ថាច់ ផា​ណា​រ៉ា (​ពាក់អាវ​ខៀវ​) ជា​មន្ត្រី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​លោក បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន អ្នកដឹកនាំ​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ក្នុងពេល​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ដំណើរ​បណ្តែត​ខ្លួន​តាម​ចរន្តទឹក​នៃ​ពពួក​កូន​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ចេញពី​ទន្លេមេគង្គ ឆ្ពោះទៅ​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ ស្តីអំពី​ដំណើរ​នៃ​ការ​បណ្តែត​ខ្លួន​តាម​ចរន្ត នៃ​កូន​ត្រី​ប្រភេទ​ធ្វើចរាចរ​ផ្លាស់​ទី ដែល​ត្រី​មេ​ពូជ​បាន​ទម្លាក់​ពង និង​ញ៉ាស់​បណ្តែត​ទឹក​ពី​ទន្លេមេគង្គ ចូលទៅក្នុង​បឹង​ទន្លេសាប និង​តំបន់​វាលទំនាប​លិច​ទឹក​ផ្សេងៗ​។

 
​ការសិក្សា​នេះ គឺមាន​គោលបំណង​ចង់ដឹង​អំពី​ចំនួន​កូន​ត្រី និង​ប្រភេទ​ត្រី​អ្វីខ្លះ ដែល​បាន​ពង និង​ញ៉ាស់ ហើយ​កូន​ត្រី​នោះ​បណ្តែត​ខ្លួន​តាម​ចរន្តទឹក ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប និង​តំបន់​វាលទំនាប​លិច​ទឹក​ផ្សេងៗ ប្រយោជន៍ ដើម្បី​អាច​វាយតម្លៃ​អំពី​ផល​ចាប់​នៅ​រដូវ​បើក​នេសាទ​។ 
 
​ជាទូទៅ ត្រី​រៀល (Gymnostomus spp.) ដែល​តំណាង​ឲ្យ​ផល​ចាប់​ត្រី​ទឹកសាប ក្នុងប្រទេស​កម្ពុជា បាន​នាំមុខគេ ព្រមទាំង​ពពួក​ស្លឹក​ឬ​ស្សី (Paralaubuca spp.) ត្រី​លេញ (Thynnichthys thynnoides) កញ្ជ្រូក (Yasuhikotakia spp.) ។​ល​។ ដែលជា​ប្រភេទ​ត្រី​តូចៗ និង ពពួក​ត្រី​ប្រា (Pangasius spp.) ត្រី​ប្រា​ធំ (Pangasianodon hypophthalmus) ត្រី​ពោ (Pangasius larnaudii) ត្រី​ឆ្កោក (Cyclocheilos enoplos) ត្រី​ឆ្ពិន (Hypsibarbus spp.) ត្រី​ក្រឡង់ / ត្រី​ព្រួល (Cirrhinus microlepis) ត្រី​ក្រាយ ត្រី​គល់រាំង (Catlocarpio siamensis) ត្រី​រាជ (Pangasianodon gigas)​។​ល​។ ប្រភេទ​ត្រី​ធំៗ ។​
 
​ជាប្រចាំ​ឆ្នាំ នៅ​ដើមរដូវ​វស្សា ចាប់ពី​ដើមខែ​ឧសភា ត្រី​មេ​ពូជ​ចាប់ផ្តើម​ទម្លាក់​ពង​នៅក្នុង​ទន្លេមេគង្គ​លើ ជាពិសេស​នៅតាម​អន្លង់​ទឹក​ជ្រៅ​នៅក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង និង​រតនគិរី​។ ពង​នោះ ក៏​ចាប់ផ្តើម​ញ៉ាស់​ជា​បណ្តើរៗ ហើយក៏​អណ្តែត​ខ្លួន​តាម​ចរន្តទឹក​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប និង​តាម​តំបន់​វាលទំនាប​លិច​ទឹក​ផ្សេងៗ ដើម្បី​រក​ចំណី និង​ធំធាត់​។ 
 
​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​កន្លងទៅ​ថ្មីៗ ក្នុង​ខែកក្កដា​នេះ បានបង្ហាញ​ឲ្យ​ឃើញថា កូន​ត្រី​គ្រប់​ប្រភេទ នៅ​ពុំទាន់​មាន​វត្តមាន​បណ្តែត​តាម​ចរន្តទឹក​ចេញពី​ទន្លេមេគង្គ​ចូលទៅក្នុង​បឹង​ទន្លេសាប​នៅឡើយ​ទេ​។ ការណ៍​នេះ អាច​បណ្តាលមកពី​រប​ប​ទឹកទន្លេ​មេគង្គ​នៅ​តិច ពុំទាន់​ហូរ​ចុះមក​ក្រោម និង​នាំ​កូន​ត្រី​ទាំងនោះ ចូលទៅក្នុង​បឹង​ទន្លេសាប និង​តាម​តំបន់​វាលទំនាប​លិច​ទឹក​ដូច​ឆ្នាំ​កន្លងទៅ​នៅឡើយ​ទេ​។​
 
​វា​ជាការ​ព្រួយបារម្ភ​មួយ បើ​របប​ទឹកទន្លេ​មេគង្គ​ទាប​ចំពេល​ដែល​ពពួក​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ពង​-​កូន​តាម​វដ្ត​ជីវិត​របស់​ពួកវា ជាពិសេស ពពួក​ត្រី​រៀល (Gymnostomus spp.) ស្លឹក​ឬ​ស្សី (Paralaubuca spp.) ត្រី​លេញ (Thynnichthys thynnoides) ។​ល​។ ដែលជា​ពពួក​ត្រី​ដែល​ផ្តល់​ប្រូ​តេ​អ៊ិន​ចំណីអាហារ​ដល់​ប្រជាជន​ខ្មែរ​យ៉ាងច្រើន​នោះ ត្រូវបាន​អាក់ខាន​។ ពពួក​ត្រី​ទាំងនេះ វា​នឹង​ចាប់ផ្តើម​ទម្លាក់​ពង​នៅ​ដើមរដូវ​វស្សា និង​ញ៉ាស់​ជា​បណ្តើរ​បណ្តែត​តាម​ចរន្តទឹក​ហូរ​។ បើ​របប​ទឹកទន្លេ​មេគង្គ​ទាប​ទឹក​មិន​ហូរ វា​ក៏​ពុំ​អាច​បណ្តែត​ខ្លួន​ចូលទៅក្នុង​បឹង​ទន្លេសាប និង​តាម​តំបន់​វាលទំនាប​លិច​ទឹក​ផ្សេងៗ​បានដែរ​។ ពង ឬ​កូន​ត្រី​ដែល​ទើបនឹង​ញ៉ាស់​ទាំងនោះ នឹង​វិលវល់​នៅ​មួយកន្លែង​មិន​ទៅណា​ឆ្ងាយ​ទេ ហើយក៏​ត្រូវបាន​ចាប់​ជា​ចំណី​ពី​ពពួក​ត្រី​ផ្សេងៗ អស់​ទៅ​។ របប​ទឹកទន្លេ​មេគង្គ ឡើង​-​ស្រក​តាម​វដ្ដ​រដូវ គឺមាន​សារៈសំខាន់​ណាស់ ចំពោះ​ធនធាន​ជលផល​។ 
 
​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ បានប្រកាស​កាលពី​ថ្ងៃទី ១៨ ខែកក្កដា នេះ​ថា ទឹកទន្លេ​មាន​កម្រិត​ទាប​បំផុត​ក្នុងកំឡុងពេល​រដូវ​ទឹកជំនន់​ដំបូង​ចាប់ពី​ខែមិថុនា​ដល់​ពាក់កណ្តាល​ខែកក្កដា​នេះ​។ សេចក្តីថ្លែងការណ៍​បាន​និយាយថា ចាប់ពី​ទន្លេមេគង្គ​លើ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ រហូតដល់​ប្រទេស​កម្ពុជា កម្រិត​ទឹក​គឺ​ទាប​ជាង​កម្ពស់​ទឹក​ដែល​ទាប​បំផុត នេះ​បើ​យោងតាម​ការកត់ត្រា​តាំងពី​ឆ្នាំ ១៩៩២ មក​។ ដូច្នេះ យើង​ត្រូវតែ​ចូលរួម​ថែរក្សា​ការពារ​ទន្លេមេគង្គ និង​ធនធាន​ជលផល​របស់​ប្រទេស​យើងទាំងអស់គ្នា​!

© រក្សាសិទ្ធិដោយ thmeythmey.com