អន្តរជាតិ
ទីម័រខាងកើត ចង់រួមចំណែកកសាងអាស៊ាន មិនមែនធ្វើជាបន្ទុកសម្រាប់អាស៊ានឡើយ
× ដំណើរការ នៃនីតិវិធីទទួលបានជាសមាជិកភាពអាស៊ានរបស់ទីម័រខាងកើត បានប្រើពេលអស់ជិតមួយទសវត្សរ៍ទៅហើយ តែរដ្ឋក្មេងខ្ចីជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅតែមិនទាន់អាចទទួលបានក្តីសង្ឃឹមមួយជាក់លាក់បាននៅឡើយនោះទេ។ ទីម័រខាងកើត នៅតែរង់ចាំការសម្រេចពីសមាជិកអាស៊ានទាំងដប់ ថាតើ គួរផ្តល់សមាជិកភាពផ្លូវការឬយ៉ាងណា។
រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិទីម័រខាងកើត លោក Arsenio Pereira da Silva តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Jakarta Post បានរៀបរាប់ពីចេតនា និងកិច្ចប្រឹងប្រែងរបស់ទីម័រខាងកើតដើម្បីក្លាយជាសមាជិកអាស៊ាន តាំងពីបិតាឯករាជ្យទីម័រខាងកើត នៅតស៊ូរំដោះប្រទេសក្រោមអាណានិគមមកម្ល៉េះ។
លោករដ្ឋលេខាធិការ លើកឡើងថា ការតាំងចិត្តរបស់ទីម័រខាងកើត មានតាំងពីយូរឆ្នាំមកហើយ ក៏ប៉ុន្តែគិតចាប់ពីទីម័រខាងកើត ធ្វើសំណើផ្លូវការនៅឆ្នាំ២០១១មក ទីម័រខាងកើត នៅតែរង់ចាំការសម្រេចដដែល។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក ពិតជាចង់ចូលរួមចំណែកការអភិវឌ្ឍនៅក្នុងតំបន់ ហើយ ក៏មិនចង់ក្លាយជាបន្ទុករបស់អាស៊ានផងដែរ។
បើតាម Jakarta Post អាស៊ាន កំពុងតែរៀបចំបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅទីម័រខាងកើត នៅខែកញ្ញា និងតុលាខាងមុខនេះ ដើម្បីប្រមូលភស្តុតាងបន្ថែម ដែលអាចបង្ហាញថា ទីម័រខាងកើត ពិតជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលជាសមាជិកអាស៊ាន។ ការវាយតម្លៃលើភស្តុតាងនេះ នឹងត្រូវផ្អៃកលើសសរស្តម្ភទាំងបីរបស់អាស៊ាន។
ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ទើបតែបញ្ចប់បេសកកម្មស្វែងយល់ចិត្ត និងជំហររបស់រដ្ឋសមាជិកអាស៊ាន ដោយលទ្ធផល ទីម័រខាងកើត ទទួលបានសញ្ញាវិជ្ជមានច្រើនពីរដ្ឋអាស៊ានភាគច្រើន ពោលគឺទីម័រខាងកើត នៅតែមិនទាន់អាចទទទួលបានការគាំទ្រទាំងស្រុងពីសមាជិកអាស៊ានទាំងដប់ឡើយ ។
ហេតុផលដែលធ្វើឲ្យរដ្ឋអាស៊ាន នៅមិនទាន់អាចមានឯកច្ឆន្ទសម្រាប់ទីម័រខាងកើតនោះគឺ ដោយសារតែរដ្ឋខ្លះ នៅព្រួយបារម្ភ រដ្ឋដែលមានសេដ្ឋកិច្ចតូចជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មិនអាចទទួលការរ៉ាប់រងបាននូវការទទួលខុសត្រូវ និងកាតព្វកិច្ចសម្រាប់តំបន់ ដ្បិតកង្វះធនធានមនុស្ស និងសមត្ថភាពក្នុងការចូលកិច្ចប្រជុំរាប់រយរបស់អាស៊ាន ដែលត្រូវប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំនោះ៕
Tag:
ទីម័រខាងកើត
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com