ជាតិ
លោក ស៊ុន ចាន់ថុល បញ្ជា​ឲ្យ​ថ្នាក់ក្រោម កុំ​ភ្ជាប់​បណ្ដាញ​លូ ឲ្យ​សំណង់​ខុសច្បាប់
21, Jul 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល បាន​បញ្ជា​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី​ខេត្ត មិនត្រូវ​អនុញ្ញាត​ឲ្យ​សំណង់​ខុសច្បាប់ មាន​ប្រព័ន្ធ​លូ​សាធារណៈ​ប្រើប្រាស់​នោះឡើយ​។ នេះ​បើតាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៨​ខែកក្កដា​។​



​លិខិត​ខាងលើនេះ ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ក្រសួង​សង្កេតឃើញថា សំណង់​មួយចំនួន មិនមាន​ច្បាប់ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ  ហើយ​បាន​ត​ភ្ជាប់​ចូល និង​ប្រើប្រាស់​បណ្ដាញ​លូ​សាធារណៈ​របស់​រាជធានី​ខេត្ត ដោយ​គ្មាន​ការត្រួតពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​»​។​
 
​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ប្រព័ន្ធ​លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ដើម្បី​អនុវត្ត​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់  លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​មួយចំនួន​។ វិធានការ​ទាំងនោះ​មានដូចជា មិនត្រូវ​អនុញ្ញាត​ឲ្យ​សំណង់​ទាំងអស់ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្ដាញ​លូ​សាធារណៈ​ឡើយ​, ត្រូវ​ពិនិត្យ​តាមដាន​ឡើងវិញ នូវ​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្ដាញ​លូ​សាធារណៈ ជាដើម​។​
 
​គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​នោះមក រដ្ឋាភិបាល​បាន​ព្យាយាម​ដាក់ចេញ​វិធានការ​ជា​បន្ត​បន្តា​ប់ ដើម្បី​បញ្ចៀស​ហេតុការណ៍​អាក្រក់​ណាមួយ និង​ពង្រឹង​វិស័យ​សំណង់ ឲ្យ​មាន​ការគោរព​ច្បាប់​ត្រឹមត្រូវ​៕

Tag:
 សំណង់​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com