ពីនេះ ពីនោះ
សុភាសិត​«​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​»៖ ពេលខ្លះ និយាយ​ល្អ តែ​ធ្វើ​អាក្រក់​…!
22, Jul 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដោយ​ពិនិត្យឃើញថា​នៅក្នុង​តថភាព​សង្គម​មាន​មនុស្ស​មួយចំនួន​និយាយ​ផ្សេង​ធ្វើ​ផ្សេង ជាពិសេស គឺ​ភាសា​ដែល​គេ​និយាយ​ស្ដាប់ទៅ​បង្ហាញថា​គាត់​ជា​មនុស្ស​ល្អ ប៉ុន្តែ ការអនុវត្ត​ជាក់ស្ដែង​បែរជា​អាក្រក់​ទៅវិញ ទើប​បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា​«​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? តើ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?



​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​យល់ដឹង​លើ​ការបកស្រាយ​សុភាសិត​ខាងលើ អ្នកអាន​គប្បី​ស្វែងយល់​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ ពាក្យ​គន្លឹះ​ទី​១ «​ទេវទត្ត​» គឺជា​ឈ្មោះ​ភិក្ខុ​មួយអង្គ ជា​ព្រះអនុជ​អយ្យិកា​មួយ ដែល​ត្រូវជា​ជីដូនមួយ​នឹង​ព្រះសម្មាសម្ពុទ្ធ​សក្យមុនី​គោតម (​ប៉ែក​ខាង​ព្រះ​វរមាតា​របស់​ព្រះអង្គ​) ទេវទត្ត​នេះ​ក្រោយពី​បាន​បួស​យូរ​បន្តិច​មក ក៏​តាំង​ចិត្តជា​សត្រូវ​នឹង​ព្រះ​សក្យមុនី​សម្ពុទ្ធ ខំប្រឹង​ព្យាយាម​ប៉ុនប៉ង​សម្លាប់​ព្រះអង្គ ប៉ុន្តែ​មិនបាន​សម្រេច​ដូច​បំណង​ទេ ទីបំផុត ទេវទត្ត​នេះ​ត្រូវ​ព្រះធរណី​ស្រូប​ខ្លួន​យកទៅ​។ 
 
«​ទេវតា​» គឺ​ភាវ​អធិធម្មជាតិ ឬ​ជា​តួអង្គ​សន្មត ដែល​មនុស្ស​យល់ថា​ជា​ប្រភេទ​ភាវៈ​ខ្ពស់បំផុត​រស់នៅ​ស្ថានសួគ៌ មានចិត្ត​ល្អ មាន​កុសល​ខ្ពស់បំផុត ខ្លាំងពូកែ​លើសគេ មាន​បញ្ញា​លើសគេ មាន​តួនាទី​ជា​អ្នកបង្កើត​និង​គ្រប់គ្រង​ចក្រវាល ធម្មជាតិ និង​ជា​អ្នក​ជួយសង្គ្រោះ​មនុស្សលោក សត្វ និង​ធម្មជាតិ​។​
 
​តាមន័យ​ត្រង់ «​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​» មានន័យថា ចិត្តអាក្រក់​ប្រហែល​នឹង​ចិត្ត​របស់​ទេវទត្ត ប៉ុន្តែ​សម្ដី​ដែល​ចេញពី​មាត់​បែរជា​ទន់ភ្លន់ ផ្អែម​ពីរោះ​គួរឱ្យ​ទុកចិត្ត​ថា​ពិត​ប្រា​ដក​ជា​ចិត្តល្អ​ដូចជា​ទេវតា​។​
 
​ក្នុង​ន័យធៀប «​ទេវទត្ត​» តំណាងឱ្យ​មនុស្ស​អាក្រក់ «​ទេវតា​» តំណាងឱ្យ​មនុស្ស​ល្អ ហេតុដូច្នេះ «​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​» សំដៅយក​សំដី​របស់​ម​នុស្ស​មិន​ស្មោះត្រង់ មនុស្ស​មាន​ល្បិច ខូច មនុស្ស​លាក់ពុត មនុស្ស​មានបំណង​មិនល្អ ដែល​បាន​ព្យាយាម​ប្រើប្រាស់​សម្ដី​លួងលោម​ដោយ​ពាក្យពេចន៍​ពីរោះ ផ្អែមល្ហែម ដើម្បី​លាក់បាំង​នូវ​គំនិតអាក្រក់ និង​បំណង​អាក្រក់​របស់ខ្លួន​។ ប៉ុន្តែ តាមពិត នៅ​ពី​ក្រោយខ្នង​ឬ​តាមផ្លូវ​ង​ងិ​ត មនុស្ស​បែបនេះ​បែរជា​បាន​ប្រើ​អំពើអាក្រក់​ដើម្បី​ផ្ដួលរំលំ និង​កេ​ញ​ប្រ​វញ្ច​លើ​មិត្តភក្ដិ អ្នកជិតខាង ដៃគូ​ជំនួញ និង​គូប្រជែង​ខាង​នយោបាយ ជាដើម​។​
 
​ខ្លឹមសារ​អប់រំ​នៅក្នុង​សុភាសិត​នេះ ចង់​អប់រំ​ពលរដ្ឋ​ខ្មែរ ជាពិសេស យុវជន​ខ្មែរ​ឱ្យ​យល់ថា ការវាយតម្លៃ​ភាពល្អ ឬ​ភាពអាក្រក់​របស់​មនុស្ស​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ទោះបីជា​មនុស្ស​ធម្មតា អ្នកជំនួញ អ្នកជំនាញ ឬ​អ្នកនយោបាយ​ក៏ដោយ មិនអាច​ផ្អែក​តែ​ទៅលើ​សម្ដី ការ​លួងលោម ការឃោសនា ការបញ្ចុះ​បញ្ចូល ឬ​ការសន្យា​តែមួយ​មុខ​ទេ ប៉ុន្តែ ក៏ត្រូវ​ផ្អែកលើ​ទង្វើ សកម្មភាព និង​ការអនុវត្ត​ជាក់ស្ដែង​ផងដែរ ដើម្បី​វាស់វែង​ឱ្យដឹងថា​តើ​សម្ដី​ឬ​ការសន្យា​នោះ​ពិត​ឬ​មិន​ពិត​។ បើ​ពុំ​ដូច្នោះ​ទេ យើង​អាច​នឹងត្រូវ​មនុស្ស​អាក្រក់ និង​មនុស្ស​ខិលខូច​បោកប្រាស់​យើង ហើយ​យើង​ក្លាយជា​ជនរងគ្រោះ​ដោយសារ​សម្ដី​ផ្អែម ឬ​ការសន្យា​ខ្យល់​ទាំងនោះ​៕   
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុ​ប​ថង​
 
 

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com