ជាតិ
សង្គមជាតិ
ត្រូវផ្តន្ទាទោសម្ចាស់លំនៅឋាន បើបរទេសចូលស្នាក់នៅហួស២៤ម៉ោង ហើយមិនប្រាប់អាជ្ញាធរ
21, Jul 2019 , 11:00 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ មិនថាម្ចាស់នោះជាជនជាតិខ្មែរឬជាជនបរទេស គឺត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានជួលនិងចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ នេះជាសេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា ដែលចេញដោយសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។



តាមរយៈសេចក្តីណែនាំ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ថា ការរាយការណ៍នេះ មិនត្រូវឲ្យលើសពី២៤ម៉ោងឡើយ បន្ទាប់ពីមានជនបរទេសចូលទៅស្នាក់នៅ។ សម្តេចរដ្ឋមន្រ្តី ព្រមានដូច្នេះថា៖«ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានណា ដែលមិនរាយការណ៍ នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀតរបស់កម្ពុជា»។

ការដែលរដ្ឋមន្រ្តីមហាផ្ទៃ ដាក់ចេញវិធានការនេះ គឺដើម្បីបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីមហាផ្ទៃ បានប្រកាសនៅពាក់កណ្តាលខែកក្កដានេះថា ជនបរទេសសរុបនៅកម្ពុជា មានជិត១០ម៉ឺននាក់ ដោយក្នុងនោះ ជនជាតិវៀតណាម មានច្រើនជាងគេ៕

អត្ថបទទាក់ទង

Tag:
 ស ខេង
  ម្ចាស់លំនៅឋាន
  ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com