អន្តរជាតិ
លោក អាបេ ប្រកាសជ័យជម្នះការបោះឆ្នោតព្រឹទ្ធសភា តែខ្វះសំឡេងដើម្បីកែរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បង្ហាញទឹកមុខរីករាយនឹងលទ្ធផលការបោះឆ្នោតព្រឹទ្ធសភា។ រូបភាព AFP
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី២១ ខែកក្កដា បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា។ បក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក អាបេ និងដៃគូ បានឈ្នះអាសនៈព្រឹទ្ធសភាភាគច្រើនដែលដាក់ឲ្យប្រកួតប្រជែង ហើយនេះក៏ជាការជំរុញគោលនយោបាយលោក អាបេ ផងដែរ។ យ៉ាងណាមិញ សម្ព័ន្ធភាពកាន់អំណាច នៅតែមិនអាចរកសំឡេងឲ្យគ្រប់គ្រាន់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញតាមការចង់បានរបស់លោក អាបេ ដដែល។
គណបក្សប្រជាធិបតេយ្យសេរីរបស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ និងបក្សដៃគូ Komeito បានឈ្នះអាសនៈចំនួនយ៉ាងហោច៧១ ក្នុងចំណោមអាសនៈព្រឹទ្ធសភាចំនួន១២៤ ដែលត្រូវដាក់ឲ្យប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២១ ខែកក្កដា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ។ ជាមួយនឹងលទ្ធផលនេះ ប្លុកកាន់អំណាច នឹងគ្រប់គ្រងអាសនៈភាគច្រើនក្នុងព្រឹទ្ធសភាជប៉ុនដែលអាសនៈសរុប២៤៥ ខណៈសម្ព័ន្ធភាពកាន់អំណាចនេះ មានអាសនៈចំនួន៧០ក្នុងដៃស្រាប់។
លោក អាបេ បានប្រកាសពីជោគជ័យរបស់សម្ព័ន្ធភាពកាន់អំណាច និងសន្យាបំពេញការងាតាមការចង់បានរបស់ប្រជាជនជប៉ុន។ ថ្លែងពីទីស្នាក់ការបក្សកាន់អំណាចក្នុងទីក្រុងតូក្យូ លោក អាបេ ដែលកំពុងស្ថិតលើផ្លូវក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេក្នុងប្រវត្តិសាស្ត្រជប៉ុន និយាយថា ប្រជាជនបានផ្ដល់សំឡេងភាគច្រើនឲ្យបក្សកាន់អំណាច ដើម្បីជំរុញការអនុវត្តគោលនយោបាយក្នុងលក្ខខណ្ឌនយោបាយមួយដ៏មានស្ថិរភាព។
យ៉ាងណាមិញ លោក អាបេ នៅតែមិនអាចរកសំឡេងគ្រប់គ្រាន់ដើម្បីបង្គ្រប់ឲ្យសំឡេងពីរភាគបីដែលចាំបាច់ក្នុងការកែរដ្ឋធម្មនុញ្ញ។ នៅជប៉ុន ការកែរដ្ឋធម្មនុញ្ញ ត្រូវបានសំឡេងពីរភាគបីទាំងនៅរដ្ឋសភា និងនៅព្រឹទ្ធសភា និងការយល់ព្រមក្នុងប្រជាមតិ ហើយបច្ចុប្បន្ននេះ សម្ព័ន្ធភាពកាន់អំណាចមានសំឡេងគ្រប់គ្រាន់ហើយនៅរដ្ឋសភា វៀរលែងតែព្រឹទ្ធសភាប៉ុណ្ណោះ។ ដូចនេះគម្រោងកែមាត្រា៩ នៃធម្មនុញ្ញសន្តិនិយមរបស់លោក អាបេ ទំនងជួបឧបសគ្គធំ។
ទាក់ទងរឿងនេះ លោក អាបេ ផ្ទាល់ លើកឡើងថា ទំហំនៃជ័យជម្នះនេះបង្ហាញពីការចង់បានរបស់អ្នកបោះឆ្នោតជប៉ុនក្នុងការជជែកពីវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោក អាបេ ដែលអាណត្តិបច្ចុប្បន្នចប់នៅខែកញ្ញា ឆ្នាំ២០២១ នោះ ចង់ឲ្យការកែប្រែដែលសំដៅធ្វើឲ្យកងស្វ័យការពារជប៉ុនក្លាយជាកងទ័ពប្រយុទ្ធ កើតមានក្នុងអាណត្តិដឹកនាំរបស់លោក។ ខណៈគ្មានសំឡេងគ្រប់គ្រាន់ លោក អាបេ ត្រូវបញ្ចុះបញ្ចូលបក្សប្រឆាំងឲ្យចូលរួមក្នុងការគម្រោងដ៏ចម្រូងចម្រាសនេះ។
វា នឹងក្លាយជារឿងលំបាកមួយសម្រាប់លោក អាបេ ក្នុងការអូសទាញក្រុមប្រឆាំងដែលមានជំហរជំទាស់គំនិតកែរដ្ឋធម្មនុញ្ញនោះ ពិសេសតួនាទីកងទ័ពជប៉ុនតែម្ដង។ កន្លងមក លោក អាបេ ធ្លាប់សន្យាហើយពីតួនាទីថ្មីរបស់កងស្វ័យការពារជប៉ុន ដែលរងការរឹតត្បិតពីការប្រកាសសង្គ្រាមជាមួយប្រទេសផ្សេងនោះ។ សព្វថ្ងៃនេះ យោធាជប៉ុនមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពពិភពលោក៕
Tag:
ជប៉ុន
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com