ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណី​មូលដ្ឋានទ័ព​ចិន​៖ អ្នកនាំពាក្យ​ប្រាប់​អាមេរិក​ឲ្យ​ឈប់​បំពុល​ព័ត៌មាន​ដដែលៗ​
22, Jul 2019 , 10:26 am        
រូបភាព
ភ្នំពេញ​៖ គ្មាន​ឡើយ ទីតាំង​មូលដ្ឋានទ័ព​ចិន ឈរជើង​នៅ​កម្ពុជា​។ នេះ​ជាការ​បដិសេធ​ជាថ្មី​របស់​ក្រសួងការពារជាតិ ចំពោះ​ការលើកឡើង​របស់​អាមេរិក ដែល​ដាក់​ការសង្ស័យថា កម្ពុជា នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន សម្រាប់​ផ្ដល់​កន្លែង​ឲ្យ​ទ័ព​ចិន​ឈរជើង​។​

 
«​ខ្ញុំ​មិនដឹងថា បដិសេធ​យ៉ាងម៉េច​ទៀត​ទេ ព្រោះ​វា​មិនមែនជា​ការពិត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​ចាត់ទុក​ការលើកឡើង​របស់​អាមេរិក ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​បំផ្លើសការពិត ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​យល់ច្រឡំ​។​
 
​លោក ឈុំ សុជាត បាន​អះអាង​ដាច់អហង្ការ​ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន និង​បរ​ទេសណា សង់​មូលដ្ឋាន​នៅក្នុង​ទឹកដី​ខ្លួន​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ដំណឹង​ទាំងអស់នេះ គឺជា​ដំណឹង​បំផ្លើស គ្មាន​ការពិត​ជាក់ស្ដែង ដែល​មិនអាច​ទទួលយកបាន​ហើយ​សុំ​ឲ្យ​បញ្ឈប់​ការលើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ហ្នឹង ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​មកលើ​អធិបតេយ្យភាព​កម្ពុជា​។ ក្រសួងការពារជាតិ​បដិសេធ​ដាច់អហង្ការ​ថា គ្មាន​បញ្ហា​អ្វី​ទេ ហើយ​សុំ​ឲ្យ​អស់លោក​(​អាមេរិក​)​ហ្នឹង ឈប់​បំពុល ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា និង​អន្តរជាតិ​ដទៃ​មាន​បញ្ហា​។ ហើយ​បញ្ហា​ភាគច្រើន ជា​រឿង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​កម្ពុជា និង​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក​និង​ចិន​»​។​
 
​សារព័ត៌មាន The Wall Street Journal របស់​អាមេរិក បាន​ចុះផ្សាយ​ថា ចិន នឹង​អាចឈរជើង​ទ័ពជើងទឹក​នៅ​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀងសម្ងាត់​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។ សារព័ត៌មាន​ដដែល បាន​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ម្នាក់ ដែល​អះអាង​បានឃើញ​កិច្ចព្រមព្រៀង​នោះ​ថា កម្ពុជា​បានអនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋានទ័ព​នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​សុពល​ភាពជា​ស្វ័យប្រវត្តិ​រៀងរាល់​១០​ឆ្នាំ​ម្ដង​។ បើតាម The Wall Street Journal មូលដ្ឋានទ័ព​ចិន​នេះ នឹងមាន​កន្លែង​ស្ដុក​អាវុធ និង​កន្លែង​ចតកប៉ាល់​ចម្បាំង​ជាដើម​។​
 
​ជុំវិញ​ការលើកឡើង​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ប្រតិកម្ម​ថា ព័ត៌មាន​ដែល​និយាយ​ពី​កម្ពុជា​បើកផ្លូវ​ឲ្យ​ទ័ព​ចិន​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ​នេះ ជា​រឿងប្រឌិត​។ តាមរយៈ​សារព័ត៌មាន Fresh News ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ដូច្នេះ​ថា​៖«​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែបនេះ​កើតឡើង​នោះទេ ព្រោះ​មូលដ្ឋាន​យោធា បរទេស​វា​បាន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​»។

ដើមចម​ដែល​នាំ​ឲ្យ​អាមេរិក​សង្ស័យថា កម្ពុជា នឹង​បើកផ្លូវ​ឲ្យ​ចិន មាន​មូលដ្ឋាន​ទ័ពជើងទឹក​ស​មុ​ទ្រ​រាម​នោះ គឺ​កើតឡើង​ក្រោយពី​កម្ពុជា បដិសេធ​បំណង​អាមេរិក ដែល​គ្រោង​ជួយ​ស្ថាបនា​អគារ​ទ័ព​កម្ពុជា​នៅ​សមុទ្រ​រាម​ឡើងវិញ​។ កញ្ចប់​ថវិកា​របស់​អា​មេ​រិ​ក សម្រាប់​ជួយ​ស្ថាបនា​អគារ​ទ័ព​កម្ពុជា​នេះ ត្រូវបាន​អនុម័ត​កាលពី​ខែមេសា បន្ទាប់ពី​ឧបការី​រង​ក្រសួងការពារជាតិ​អាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​លោក Joseph Felter បានធ្វើ​ដំណើ​ទស្សនកិច្ច​មូលដ្ឋានទ័ព នៅ​ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ខែមករា ដើមឆ្នាំ​២០១៩​។​
 
​ប៉ុន្តែ​ការសង្ស័យ​នេះ ត្រូវបាន​លោក ឈុំ សុជាត បកស្រាយ​ថា មូល​ហេតុដែល​កម្ពុជា មិន​ទទួលយក​ជំនួយ​ស្ថាបនា​អគារ​ទ័ព​នោះ ដោយសារតែ​កម្ពុជា ចង់​ផ្លាស់ប្ដូរ​មូលដ្ឋានទ័ព​ទៅ​កន្លែង​ថ្មី ទើប​មិន​ចង់​ឲ្យ​មានការ​ជួសជុល​អគារ​ចាស់​បែបនេះ​។ «​យើង​បាន​បដិសេថថា យើង​អត់​មាន​គម្រោង​ជួសជុល​ទេ​។ ហើយ​ក្រសួងការពារជាតិ បាន​អញ្ជើញ​អនុ​ពន្ធ​យោធា​អាមេរិក កាលពី​ថ្ងៃទី​១ កក្កដា មកជួប​នៅ​ក្រសួងការពារជាតិ ដោយបាន​ប្រាប់​អនុ​ពន្ធ​យោធា​ថា យើង​អត់​មាន​គម្រោង​ជួសជុល​ទេ ព្រោះ​ទីតាំង​លំហរ​សមុទ្រ​យើង​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង ដោយសារ​អគ្គលេខាធិការ​លំហ​រស​មុ​ទ្រ ត្រូវការ​ទីតាំង​ទូលាយ​សម្រាប់​បណ្ដុះបណ្ដាល​…​។ ចំណែក​ទីតាំង​សមុទ្រ​រាម យើង​ទុក​កសាង​ឲ្យ​វា​មាន​ភាពប្រសើរឡើង​ថែមទៀត មិនមែន​ទុក​ឲ្យ​ចិន ឲ្យ​អ្នកណា​វិនិយោគ​ទេ គឺ​ទុក​ឲ្យ​កងទ័ពជើងទឹក​កម្ពុជា​ឈរជើង​ដដែល ប៉ុន្តែ​យើង​កសាង​ទីតាំង​ហ្នឹង​ឲ្យ​វា​ទាន់សម័យ​ថែមទៀត ព្រោះ​យើង​ត្រូវការ​នាវា​ចត កប៉ាល់​ចត​ច្រើន ដោយ​ប្រទេសជាតិ​មានការ​រីកចម្រើន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។

ក្រៅពីមូលដ្ឋានទ័ពនៅសមុទ្ររាម ក៏មានតំបន់ឆ្នេរតារាសាគរ ដែលកម្ពុជា ច្រានចោលការលើកឡើងរបស់អាមេរិក ដែលសង្ស័យថា កម្ពុជាផ្ដល់ឲ្យចិនឈរជើងដែរ៕
 

Tag:
 ​ឈុំ សុជាត​
  កងទ័ព​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com